FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូព័រទុយហ្កាល់ ក្លាយជាគ្រូទី៧ ដែលចេញពីតំណែងក្រោយក្រុមធ្លាក់ World Cup នៅកាតា
16, Dec 2022 , 12:29 pm        
រូបភាព
ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 ឈានដល់វគ្គដណ្តើមជើងឯកហើយរវាងអាហ្សង់ទីន និងក្រុមការពារជើងឯកបារាំង។ មុនឈានដល់វគ្គនេះ ក្រុមខ្លាំងមួយចំនួនត្រូវបានធ្លាក់ចេញពីការប្រកួតទាំងខកចិត្ត ហើយក៏ធ្វើឱ្យគ្រូបង្វឹកមួយចំនួនបានលាលែងពីតំណែង ឬត្រូវបញ្ចប់តំណែងផងដែរ។



ចាប់តាំងពីការប្រកួតតាំងពីថ្ងៃទី២០ ខែវិច្ឆិកា មកដល់ថ្ងៃទី១៦ ខែធ្នូនេះ ជាលទ្ធផលគ្រូបង្វឹកចំនួន ៧ហើយដែលបានប្រកាសលាលែងពីតំណែង និងខ្លះត្រូវបានក្រុមជម្រើសជាតិបញ្ចប់តំណែងតែម្តង់​។ ជាមួយគ្នានេះដែលលោក Fernando Santos គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្កាល់ក្លាយជាគ្រូបង្វឹកទី៧ ដែលបានចាកចេញពីតំណែង។
 
ក្រុមព័រទុយហ្កាល់បានធ្លាក់ចេញពីការប្រកួត World Cup 2022 ត្រឹមវគ្គ ៨ក្រុមចុងក្រោយក្រោមថ្វីជើងម៉ារ៉ុកក្នុងលទ្ធផល ១-០ ដ៏គួរឱ្យភ្ញាក់ផ្អើល។ ក្នុងជំនួបនោះដែរ លោក Santos បានដាក់ឱ្យខ្សែប្រយុទ្ធដែលជាអ្នករកគ្រាប់បាល់ច្រើនជាងគេប្រចាំព័រទុយហ្កាល់ Cristiano Ronaldo ស្ថិតនៅកៅអីបម្រុង ដែលធ្វើឱ្យមានការរិះគន់ជាច្រើនពីសំណាក់អ្នកគាំទ្រព័រទុយហ្កាល់។ 
ខាងក្រោមនេះជាគ្រូបង្វឹកដែលបានលាលែងពីតំណែង និងត្រូវបានបញ្ចប់តំណែង ក្រោយខកចិត្តនៅ World Cup ឆ្នាំ២០២២ ប្រទេសកាតា៖
 
លោក Tite គ្រូបង្វឹកក្រុមប្រេស៊ីល 
គ្រូបង្វឹកប្រេស៊ីលរូបនេះបានប្រកាសចាកចេញពីតំណែងក្រោយក្រុមធ្លាក់ចេញពីការប្រកួត World Cup 2022 វគ្គ ៨ក្រុមចាញ់ក្រូអាស៊ីបាល់កាត់សេចក្តី ១១ម៉ែត្រ ៣-១។
 
លោក Luis Enrique គ្រូបង្វឹកអេស្ប៉ាញ
ក្រោយអេស្ប៉ាញធ្លាក់ចេញនៅត្រឹមវគ្គ ១៦ក្រុមយ៉ាងអាម៉ាស់ ក្នុងការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រចាញ់ម៉ារ៉ុក ៣-០ លោក Luis Enrique បានប្រកាសចាកចេញពីក្រុមជម្រើសជាតិ។
 
លោក Gerardo Tata Martino គ្រូបង្វឹកម៉ិកស៊ិក
ជាការទទួលខុសត្រូវរបស់លោក Tata Martino លោកបានទទួលស្គាល់និងមានទំនួលខុសត្រូវសម្រាប់ក្រុម ក្រោយមិនអាចនាំក្រុមឡើងវគ្គ ១៦ក្រុមសារជាថ្មីបាន បញ្ចប់ការប្រកួតវគ្គចែកពូលភ្លាមគ្រូបង្វឹករូបនេះបានចាកចេញពីក្រុមជម្រើសជាតិម៉ិកស៊ិក។
 
លោក Paulo Bento គ្រូបង្វឹកកូរ៉េខាងត្បូង
លោក Bento បានចុះចេញពីតំណែងក្នុងនាមជាគ្រូបង្វឹកកូរ៉េខាងត្បូង ក្រោយក្រុមរបស់លោកបានធ្លាក់ចេញត្រឹមវគ្គ ១៦ក្រុមចាញ់ប្រេស៊ីលលទ្ធផល ៤-១ យ៉ាងអាម៉ាស់។
 
លោក Otto Addo គ្រូបង្វឹកហ្កាណា
គ្រូបង្វឹកវ័យ ៤៧ឆ្នាំដែលបានកើតនៅក្នុងប្រទេសអាល្លឺម៉ង់ហើយលេងឱ្យហ្កាណានៅឆ្នាំ ២០០៦ រូបនេះត្រូវបានតែងជាគ្រូបង្វឹកដោយមិនដឹងខ្លួនឡើយ ប៉ុន្តែនៅពេលដែលហ្កាណាបានធ្លាក់ចេញពីការប្រកួតនៅត្រឹមវគ្គចែកពូលលោក Addo បានសុំលាលែងពីតំណែងតែម្តង។
 
លោក Roberto Martinez គ្រូបង្វឹកបែលសហ្ស៊ិក
លោក Martinez បានប្រកាសលាលែងពីតំណែងក្រោយមិនអាចជួយបែលហ្ស៊ិកឱ្យឆ្លងផុតវគ្គចែកពូលបាននៅ World Cup 2022 ក្រោយក្រុមបានបញ្ចប់ចំណាត់ថ្នាក់ត្រឹមលេខ៣ ក្នុងពូលដែលមាន ៤ពិន្ទុក្រោមក្រូអាស៊ីដែលមាន ៥ពិន្ទុក្នុងដៃ៕
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com