អន្តរជាតិ
សហភាព​អឺរ៉ុប​និង​អាស៊ាន​ព្រមព្រៀង​ពង្រឹង​ទំនាក់​ទំនង​និង​គោរព​បូរណភាព​ដែនដី​អ៊ុយក្រែន
16, Dec 2022 , 9:29 pm        
រូបភាព
ដោយ: VOA
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel និងប្រធានគណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen ចូលរួមធ្វើសន្និសីទសារព័ត៌មានមួយក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-អាស៊ាន។

 
កាលពី​ថ្ងៃ​ពុធ​ សហភាព​អឺរ៉ុប ​និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ​(អាស៊ាន)​ បាន​ព្រមព្រៀង​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ដំបូង​អំពី​តម្រូវ​ការ​នៃ​ទំនាក់​ទំនង​សេដ្ឋកិច្ច​កាន់តែ​ស៊ីជម្រៅ ​និង​ការ​គោរព​ឯករាជ្យ​ភាព ​និង​បូរណភាព​ដែនដី​របស់​ប្រទេស​អ៊ុយក្រែន។​
 
មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ចំនួន​ ២៧ ​និង​មេដឹកនាំ​អាស៊ាន​ចំនួន​ ៩ ​ប្រទេស​ ក្នុង​ចំណោម​ ១០​ ប្រទេស​ ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ពិធី​រំឭក​ខួប​ ៤៥​ ឆ្នាំ​នៃ​ទំនាក់​ទំនង​ការទូត ​ប៉ុន្តែ​ប្រទេស​មីយ៉ាន់ម៉ា​ដែល​គ្រប់គ្រង​ដោយ​យោធា​ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​រួម​ទេ។​
 
មេដឹកនាំ​នានា​បាន​ពិភាក្សា​អំពី​កិច្ច​សហ​ប្រតិបត្តិការ​នាពេល​អនាគត​ រួមទាំង​ពាណិជ្ជកម្ម អន្តរកាល​នៃ​ការ​ពង្រឹង​វិស័យ​ថាមពល​ស្អាត​ និង​ឌីជីថល​ និង​វិស័យ​សុខាភិបាល។ ​សហភាព​អឺរ៉ុប ​និង​អាស៊ាន​បាន​ចុះ​កិច្ច​ព្រមព្រៀង​រួច​ហើយ​ ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ប្លុក​ទាំងពីរ​ ពង្រីក​សេវាកម្ម​កាន់តែ​ងាយ​ស្រួល។​
 
ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប លោកស្រី​ Ursula von der Leyen ​បាន​ប្រកាស​ពី​ការ​ប្តេជ្ញា​ចិត្ត​ចំណាយ​ថវិកា​ចំនួន​ ១០​ ពាន់​លាន​អឺរ៉ូ ​គឺស្មើ ១០,៦៥​ ពាន់​លាន​ដុល្លារ​ សម្រាប់​ការ​វិនិយោគ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ដល់​ឆ្នាំ ២០២៧​ ដោយ​ផ្តោត​លើ​គម្រោង​ថាមពល​ស្អាត និង​ភាព​ផ្សារ​ភ្ជាប់​គ្នា​ទៅវិញ​ទៅមក។​
 
សហភាព​អឺរ៉ុប​ចង់​ពង្រីក​ទំនាក់​ទំនង​ពាណិជ្ជកម្ម​របស់​ខ្លួន​ បន្ថែមលើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សិង្ហបុរី​ និង​វៀតណាម​ និង​ចរចា​ជាមួយ​ឥណ្ឌូណេស៊ី។ ​
សហភាព​អឺរ៉ុប ​និង​អាស៊ាន​គឺ​ជាដៃ​គូ​ពាណិជ្ជ​កម្ម​ធំ​ជាង​គេ​ទីបី​រវាង​គ្នា ហើយ​នេះ​គឺជា​កិច្ច​ប្រជុំ​កំពូល​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​រវាង​ប្លុក​ទាំងពីរ។ ​លោកស្រី​ Von der Leyen ​និង​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក ​ហ៊ុន សែន ​បាន​ថ្លែង​ថា​ គោល​ដៅ​ធំបំផុត​គឺ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ពី​តំបន់​ទៅ​តំបន់។​
 
ប្លុក​ទាំង​ពីរ​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​គោរព​តាម​សណ្តាប់ធ្នាប់​អន្តរជាតិ​ដោយ​ផ្អែក​លើ​ច្បាប់។​ សហភាព​អឺរ៉ុប​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ចាត់ទុក​សង្គ្រាម​នៅ​អ៊ុយក្រែន​ជា​ទង្វើ​ឈ្លានពាន​របស់​រុស្ស៊ី។​ ហើយ​សេចក្តី​ថ្លែងការណ៍​ចុង​បញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល​នេះ​បាន​បន្ទរ​នូវ​អ្វី​ដែល​បាន​ព្រមព្រៀង​គ្នា​ដោយ​មេដឹកនាំ​នៃ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿន​លឿន​ចំនួន​ ២០​ ឬ​ G20​ ក្នុង​កិច្ច​ប្រជុំ​ដែល​ដឹកនាំ​ដោយ​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​ជា​សមាជិក​អាស៊ាន​កាលពី​ខែ​មុន។ ​ប្លុក​ទាំងពីរ​បាន​និយាយ​ថា «សមាជិក​ភាគ​ច្រើន»​ បាន​ថ្កោល​ទោស​សង្គ្រាម ​និង​ទទួល​ស្គាល់​ការ​ឈឺ​ចាប់​របស់​មនុស្ស​លោក​ដែល​បង្ក​ឡើង​ដោយ​សង្គ្រាម​នេះ។​
 
សេចក្តី​ថ្លែង​ការណ៍​របស់​សហភាព​អឺរ៉ុប​និង​អាស៊ាន​ បាន​ឲ្យដឹង​ថា៖ «មាន​ទស្សនៈ​ផ្សេង​ទៀត​ និង​ការ​វាយ​តម្លៃ​ផ្សេងៗ​គ្នា​អំពី​ស្ថានភាព​ និង​ការ​ដាក់​ទណ្ឌកម្ម។ ​សម្រាប់​ប្រជាជាតិ​ទាំង​អស់​ យើង​បន្ត​បញ្ជាក់​ជា​ថ្មី​ទៀត​នូវ​តម្រូវការ​គោរព​អធិបតេយ្យភាព ​ឯករាជ្យ​ភាព​ខាង​នយោបាយ ​និង​បូរណភាព​ដែន​ដី​អ៊ុយក្រែន»។ ​
 
ប្រទេស​សិង្ហបុរី​កំពុង​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី ​រីឯ​ប្រទេស​ឡាវ​ ថៃ និង​វៀតណាម​បាន​បោះឆ្នោត​អនុបវាទ​នៅ​ក្នុង​ការ​បោះឆ្នោត​របស់​អង្គការ​សហប្រជាជាតិ​កាលពី​ខែ​តុលា​ស្តីពី​ការ​ថ្កោលទោស​លើ​ការ​ទាមទារ​របស់​រុស្ស៊ី​យក​តំបន់​មួយ​ចំនួន​របស់​ប្រទេស​អ៊ុយក្រែន។​
 
សេចក្តី​ថ្លែង​ការណ៍​នៃ​កិច្ច​ប្រជុំ​កំពូល​នេះ​ក៏​បាន​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃ​សន្តិភាព​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​រដ្ឋ​ប្រហារ​យោធា​កាលពីខែ​កុម្ភៈ ​ឆ្នាំ​ ២០២១​ នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​និង​ «ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង» ​អំពី​អស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com