អន្តរជាតិ
អ្នកជំនាញថា ចិនទំនងជាមិនអាចបញ្ចុះបញ្ចូលកូរ៉េខាងជើងឱ្យបញ្ឈប់ការសាកល្បងមីស៊ីលនិងនុយក្លេអ៊ែរទេ
17, Dec 2022 , 3:09 pm        
រូបភាព
រូបឯកសារ៖ នៅក្នុងរូបថតដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នេះ បង្ហាញពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ជួបជាមួយប្រធានាធិបតីចិនលោក Xi Jinping ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
រូបឯកសារ៖ នៅក្នុងរូបថតដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នេះ បង្ហាញពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ជួបជាមួយប្រធានាធិបតីចិនលោក Xi Jinping ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
ដោយ: VOA
ដោយសារមានទំនាក់ទំនងរកាំរកូសជាមួយនឹងសហរដ្ឋអាមេរិក ប្រទេសចិនទំនងជាមិនយកចិត្តទុកដាក់ចំពោះការអំពាវនាវរបស់សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូងនៅក្នុងការជំរុញប្រទេសកូរ៉េខាងជើងឱ្យបញ្ឈប់ការសាកល្បងមីស៊ីលនិងអាវុធនុយក្លេអ៊ែរនិងបញ្ឈប់ភាពតានតឹងនៅលើឧបទ្វីបកូរ៉េនោះទេ។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញនានា។

 
ដើម្បីឆ្លើយតបទៅនឹងការបាញ់មីស៊ីលជាច្រើនគ្រាប់មិនធ្លាប់មានពីមុនមករបស់កូរ៉េខាងជើងនៅក្នុងឆ្នាំនេះ និងអ្វីដែលអាចជាការសាកល្បងនុយក្លេអ៊ែរលើកទី ៧ របស់កូរ៉េខាងជើងដែលគេបានទាយទុកនៅពេញមួយឆ្នាំនេះ សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានអំពាវនាវឱ្យចិនប្រើឥទ្ធិពលមានប្រៀបរបស់ខ្លួនលើកូរ៉េខាងជើងដើម្បីបញ្ចុះបញ្ចូលទីក្រុងព្យុងយ៉ាងមិនឱ្យធ្វើការសាកល្បងអាវុធបន្ថែមទៀត។ ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេបំផុតនិងជាសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់កូរ៉េខាងជើង។
 
ដើម្បីពិភាក្សាអំពី«ការកើនឡើងនូវឥរិយាបថបែបបង្កអស្ថិរភាពនិងបង្កើនភាពតានតឹង» របស់កូរ៉េខាងជើង អ្នកតំណាងពិសេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើងលោក Sung Kim បានជួបជាមួយនឹងអ្នកតំណាងពិសេសចិនទទួលបន្ទុកកិច្ចការឧបទ្វីបកូរ៉េលោក Liu Xiaoming កាលពីថ្ងៃទី ៧ ខែធ្នូកន្លងទៅនេះ។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price។
 
លោក Price បាននិយាយកាលពីថ្ងៃទី ៨ ខែធ្នូថា នៅឯជំនួបតាមអនឡាញជាមួយនឹងលោក Liu Xiaoming លោក Sung Kim «បានសង្កត់ធ្ងន់អំពីភាពចាំបាច់សម្រាប់បណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងអស់នៅក្នុងការបំពេញតាមកាតព្វកិច្ចរបស់ខ្លួននិងជំរុញអនុវត្តឱ្យបានពេញលេញនូវការដាក់ទណ្ឌកម្មលើរបបដឹកនាំកូរ៉េខាងជើង»។
 
នៅថ្ងៃបន្ទាប់ អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning បាននិយាយថា រដ្ឋាភិបាលចិនសង្ឃឹមថាគ្រប់ភាគីទាំងអស់ «ដោះស្រាយក្ដីបារម្ភរបស់ភាគីនីមួយៗទៅវិញទៅមកតាមវិធីមួយដែលមានតុល្យភាព ជាពិសេសក្ដីបារម្ភដែលអាចទទួលយកបានរបស់កូរ៉េខាងជើង»។
 
VOA ផ្នែកភាសាកូរ៉េបានទាក់ទងស្ថានទូតចិននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនដើម្បីសុំការបញ្ចេញមតិលើវិធានការដែលរដ្ឋាភិបាលចិនអាចធ្វើឡើង ប៉ុន្តែមិនទទួលបានការឆ្លើយតបណាមួយទេ។
 
ការពិភាក្សារវាងលោក Sung Kim និងលោក Liu Xiaoming នេះបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រឹងប្រែងបញ្ចុះបញ្ចូលប្រធានាធិបតីចិនលោក Xi Jinping ឱ្យផ្ញើសារទៅកាន់រដ្ឋាភិបាលកូរ៉េខាងជើងឱ្យបញ្ឈប់ការសាកល្បងគ្រាប់ផ្លោងមីស៊ីលឆ្លងទ្វីប (ICBM) នៅពេលដែលលោកទាំងពីរបានជួបពិភាក្សាគ្នានៅក្រៅកិច្ចប្រជុំរបស់ក្រុមប្រទេស G-20 នៅកោះ Bali ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី ១៤ ខែវិច្ឆិកាកន្លងទៅនេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com