កីឡាជាតិ
ជាតិ
AFF Cup៖ គ្រូកម្ពុជា និងហ្វីលីពីន មិនខ្វល់ពីគូប្រកួតរៀងខ្លួន តែផ្ដោតលើកូនក្រុមដូចគ្នា
19, Dec 2022 , 4:59 pm        
រូបភាព
Josep Ferré គ្រូបង្វឹកក្រុមជម្រើសជាតិហ្វីលីពីន និង លោក Ryu Hirose គ្រូជម្រើសជាតិកម្ពុជា ក្នុងសន្នីសិទសារព័ត៌មានមុនការប្រកួត
Josep Ferré គ្រូបង្វឹកក្រុមជម្រើសជាតិហ្វីលីពីន និង លោក Ryu Hirose គ្រូជម្រើសជាតិកម្ពុជា ក្នុងសន្នីសិទសារព័ត៌មានមុនការប្រកួត
គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា និងហ្វីលីពីន មិនបានបង្ហាញការខ្វល់ខ្វាយពីទម្រង់លេងរបស់គូប្រកួតរៀងខ្លួន សម្រាប់ជំនួបបើកឆាកពូល E ពានរង្វាន់  AFF Mitsubishi Electric Cup 2022 ដែលធ្វើទៅនៅថ្ងៃទី២០ ខែធ្នូ  នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ គ្រូទាំងពីរបែជាបារម្ភចំពោះទម្រង់លេង និងការត្រៀមខ្លួនរបស់កីឡាករទៅវិញ។

នាសន្និសីទ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ លោក Josep Ferré គ្រូបង្វឹកក្រុមជម្រើសជាតិហ្វីលីពីន និយាយថា ក្រុមរបស់លោក ផ្ដោតសំខាន់ចំពោះការត្រៀមលក្ខណៈ និងការរៀបចំទម្រង់លេងឲ្យមានភាពស៊ីចង្វាក់គ្នា។ គ្រូបង្វឹករូបនេះ ក៏បាននិយាយទាំងមិនមើលស្រាលកម្ពុជា និងគូប្រកួតផ្សេងទៀត ក្នុងពូលជាមួយគ្នា ដោយមិនអាចរំពឹងទុកលទ្ធផល មុនការប្រកួតបាន បើទោះជាប្រវត្តិនៃការជួបគ្នាមុនៗ ឈ្នះច្រើនជាង ឬចាញ់ច្រើនជាងក៏ដោយ។
 
«អ្វី ដែលខ្ញុំផ្ដោតអារមណ៍នៅពេលនេះ គឺការត្រៀមខ្លួន និងរបៀបលេងរបស់ក្រុម។ ការប្រកួតដំបូងក្នុងពានរង្វាន់អ្វីមួយ តែងតែពិបាក។ យើង អាចនិយាយពីលទ្ធផលការប្រកួតមុនៗបាន ប៉ុន្ដែនៅពេលដែលបាល់ចាប់ផ្ដើមលេង គ្រប់យ៉ាងសុទ្ធតែអាចកើតឡើង។»។ បើយោងតាមហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គ្រូបង្វឹកក្រុមជម្រើសជាតិហ្វីលីពីន បាននិយាយដូច្នេះ។
 
ដោយឡែក លោក Ryu Hirose គ្រូជម្រើសជាតិកម្ពុជា មិនបានបញ្ជាក់អ្វីច្រើននៅក្នុងសន្នីសិទនេះទេ។ គ្រូសញ្ជាតិជប៉ុនរូបនេះ ថាក្រុមជម្រើសជាតិកម្ពុជា ព្យាយាមលេងជាក្រុម និងប្រកួតឲ្យអស់ពីសមត្ថភាព ជាមួយនិងការរៀបចំទម្រង់ប្រកួតថ្មី ដែលមានប្រសិទ្ធភាពខុសពីប្រកួតមិត្តភាពទល់ម៉ាឡេស៊ី។ លោក Hirose ក៏បានបញ្ជាក់ផងដែរថាលោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា នឹងមានវត្តមានក្នុងជំនួបប្រកួតនីមួយៗក្នុងព្រឹត្តិការណ៍នេះផងដែរ។
 
ជាមួយគ្នានេះ ខ្សែការពារ សឿយ វិសាល ប្រធានក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់ដូចគ្នាទៅនិងលោក Ryu Hirose ផងដែរ ដោយនឹងប្រឹងអស់ពីសមត្ថភាព ដើម្បីសម្រេចបានលទ្ធផលល្អ។ ខ្សែការពារព្រះខ័នរាជស្វាយរៀងរូបនេះ និយាយដូច្នេះថា៖«យើង នឹងប្ដេជ្ញាប្រឹងប្រែងលេងឲ្យអស់ពីសមត្ថភាព នឹងយកផលវិជ្ជមានជូនអ្នកគាំទ្រ។ ការប្រកួតស្អែកនេះ នឹងជក់ចិត្ត ហើយអ្នកគាំទ្រប្រាកដជាពេញចិត្តចំពោះទម្រង់លេងរបស់ពួកយើង​។»។
 
ខ្សែការពាររូបនេះ ក៏បាននិយាយទាំងជឿជាក់ថា ក្រុមជម្រើសជាតិហ្វីលីពីន មិនមែនជាឧបសគ្គធំក្នុងពូលទេ ព្រោះជាក្រុមធ្លាប់មានបទពិសោធន៍ប្រកួតជាមួយគ្នាពីមុន។ សឿយ វិសាល បានប្រាប់ដូច្នេះថា៖«ឧបសគ្គដូចជាមិនសូវមាននោះទេ ដោយសារបទពិសោធន៍របស់ពួកយើងធ្លាប់លេងជាក្រុមដែលមានកំរិតលើសហ្វីលីពីនទៀត»។
 
ក្នុងព្រឹត្តិការណ៍នេះ កម្ពុជា បានចូលរួមប្រកួត ចំនួន៩លើក ចំណែក ហ្វីលីពីន ចំនួន១៣លើក បើគិតចាប់តាំងពីឆ្នាំ១៩៩៦ មកដល់ការប្រកួតនាចុងឆ្នាំ២០២២។ ក្រុមទាំងពីរ បានជួបគ្នាចំនួន ១លើកក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់ ដែលធ្វើរៀងរាល់ ២ឆ្នាំម្ដងនេះ។ ក្នុងឆ្នាំ២០០២ កម្ពុជា បានយកឈ្នះហ្វីលីពីន ក្នុងលទ្ធផល ១-០ នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូណេស៊ី។ 
 
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រកួត AFF Mitsubishi Electric Cup 2022 នឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ កម្ពុជា ស្ថិតក្នុងពូល A ជាមួយថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី និងព្រុយណេ ខណៈពូល B មាន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និងឡាវ។ កម្ពុជា ត្រូវប៉ះ ហ្វីលីពីន នៅថ្ងៃទី២០ ខែធ្នូ នៅពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ៥:00ល្ងាច។ ចំណែក ការប្រកួតបន្ទាប់ ត្រូវជួបជាមួយ ម្ចាស់ផ្ទះឥណ្ឌូណេស៊ី នៅថ្ងៃទី២៣ ខែធ្នូ រីឯថ្ងៃទី២៩ ខែធ្នូ ត្រូវស្វាគមន៍ព្រុយណេ និងថ្ងៃទី២ ខែមករា ត្រូវជួបជាមួយ ថៃ នៅទឹកដីថៃ៕
 

Tag:
 បាល់ទាត់
  AFF Mitsubishi Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com