កីឡាជាតិ
ជាតិ
AFF Cup៖ កម្ពុជា ជួបហ្វីលីពីន ជំនួបបើកឆាកពូល A
20, Dec 2022 , 2:01 pm        
រូបភាព
ជម្រើសជាតិកម្ពុជា ហ្វឹកហាត់ត្រៀមជួបជាមួយ ហ្វីលីពីន រូបពី Cambodian Premier League
ជម្រើសជាតិកម្ពុជា ហ្វឹកហាត់ត្រៀមជួបជាមួយ ហ្វីលីពីន រូបពី Cambodian Premier League
ព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 នាថ្ងៃទី២០ ខែធ្នូ​ ឆ្នាំ២០២២ មានការប្រកួតចំនួន ២គូ ក្នុងពូល A ក្នុងនោះក្រុមជម្រើសជាតិកម្ពុជា ទទួលហ្វីលីពីន នៅពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ៥:០០រសៀល។ ចំណែក ព្រុយណេ ត្រូវប្រកួតជាមួយ ក្រុមការពារតំណែងជើងឯកថៃ នៅកីឡដ្ឋាន Kuala Lumpur ប្រទេសម៉ាឡេស៊ី វេលាម៉ោង ៨:៣០នាទីយប់។


ទាំងកម្ពុជា និងហ្វីលីពីន សុទ្ធតែប្តេជ្ញាដណ្តើមឱ្យបាន៣ពិន្ទុពីការប្រកួតបើកឆាកពូល A ពានរង្វាន់ AFF Championship លើកទី១៤ នេះ។ ក្នុងព្រឹត្តិការណ៍ ដែលធ្វើរៀងរាល់ពីឆ្នាំម្ដងនេះ កម្ពុជា ធ្លាប់ជួបជាមួយ ហ្វីលីពីន ចំនួន៤លើក ក្នុងនោះកម្ពុជាឈ្នះ១លើក ស្មើ១ និងចាញ់២។ 
កម្ពុជា បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ ៩លើក ដោយគិតពីឆ្នាំ១៩៩៦ រួមទាំងរាប់បញ្ចូលការប្រកួតនាចុងឆ្នាំ២០២២នេះ រីឯហ្វីលីពីន ចូលរួមលើសកម្ពុជា​ ចំនួន៤លើក។
 
ក្នុងថ្ងៃដដែរ វេលាម៉ោង ៨:៣០យប់ ព្រុយណេ ត្រូវប្រកួតជាមួយ ជម្រើសជាតិថៃ ក្រុមម្ចាស់ជើងឯកឆ្នាំ២០២២ នៅកីឡដ្ឋាន Kuala Lumpur ប្រទេសម៉ាឡេស៊ី។ ព្រុយណេ បានបង្ហាញខ្លួនក្នុងវគ្គជម្រើសក្នុងពូល បន្ទាប់ពីប្រជែងកៅអី ជាមួយទីម័រខាងកើត ហើយយកឈ្នះ ដោយមានគ្រាប់បាល់ក្នុងការប្រកួតទាំង២ជើង ៦-៣។ ព្រុយណេ គឺជាក្រុម ដែលបានបង្ហាញខ្លួនតិចជាងគេបំផុតក្នុងវគ្គនេះ ដោយជាប់ ២លើក បើគិតចាប់ពីឆ្នាំ១៩៩៦ ដល់ព្រឹត្តិការណ៍នេះ ដោឡែកថៃ បានបង្ហាញខ្លួនចំនួន ១៤លើក។ 
ក្នុងជំនួបព្រឹត្តិការណ៍ AFF Championship នាឆ្នាំ១៩៩៦ នាដើមខែវិច្ឆិកា ជម្រើសជាតិថៃ លុត ព្រុយណេ ក្នុងលទ្ធផល ៦-០៕
 
 

Tag:
 បាល់ទាត់
  AFF Mitsubishi Electric Cup
© រក្សាសិទ្ធិដោយ thmeythmey.com