កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន បារម្ភពី ជណ្ដើរយន្ដ និងទ្វារបន្ទប់ទឹកនៅពហុកីឡដ្ឋានជាតិមរតកតេជោ
20, Dec 2022 , 3:39 pm        
រូបភាព
Osoth Bhavilai ប្រធានសហព័ន្ធកីឡាអាស៊ានប៉ារ៉ា ឈរនៅខាងស្ដាំដៃ ជាប់លោក យី វាសនា អគ្គលេខាធិការ CAMAGOC
Osoth Bhavilai ប្រធានសហព័ន្ធកីឡាអាស៊ានប៉ារ៉ា ឈរនៅខាងស្ដាំដៃ ជាប់លោក យី វាសនា អគ្គលេខាធិការ CAMAGOC
លោក Osoth Bhavlai ប្រធានសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ (Asean Para Sports Federation ឬ APSF) យល់ឃើញថាពហុកីឡដ្ឋានជាតិមរតកតេជោ ជាកន្លែងដ៏ល្អ សម្រាប់ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣។ បើទោះជាហេដ្ឋារចនាសម្ព័ន្ធកីឡាបានធ្វើហើយ និងបំពាក់ដោយសម្ភារថ្មី ប៉ុន្ដែ ប្រធាន APSFនៅ បារម្ភ ចំពោះជណ្ដើរយន្ដ និងទ្វារបន្ទប់ទឹក សម្រាប់អត្ដពលិកប៉ារ៉ាហ្គេម។



យោងទៅលើការផ្សាយរបស់ CAMBODIA 2023 ថ្ងៃទី១៩ ខែធ្នូ លោក Osoth Bhavilai បានមកទស្សនកិច្ចពហុកីឡដ្ឋានជាតិមរតកតេជោ ដោយរួមដំណើរជាមួយប្រតិភូថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសនៃ APSF។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រធាន APSF បានបង្ហាញពីចំណុចវិជ្ជមាន ចំពោះការត្រៀមខ្លួន បានយ៉ាងល្អរបស់កម្ពុជា និងការព្រួយបារម្ភមួយចំនួន។ លោក Osoth Bhavilai ចាត់ទុកថាការរៀបចំភូមិកីឡា នៅជិតទីលានប្រកួត ជាការសម្រួលដល់ការធ្វើដំណើររបស់អត្ដពលិក ដែលមានពិការរភាព។
  

ការទស្សនកិច្ចរបស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាជនពិការអាស៊ាន (APSF) រូបពី Wandee Tosuwan អគ្គលេខាធិការ APSF
 
«ការត្រួតពិនិត្យគ្រប់ទីលានប្រកួត បើទោះបីជាមានទីលានខ្លះជួសជុលឡើងវិញ ប៉ុន្តែវាបន្តិចបន្តួចប៉ុណ្ណោះ។ អ្វីដែលប្រសើរនោះគឺវានៅកៀកកន្លែងស្នាក់នៅដែលអត្តពលិកអាចធ្វើដំណើរដោយថ្មើរជើងទៅទីលានប្រកួតដោយងាយស្រួល។ នេះគឺជាអ្វីដែលយើងបានឃើញ»។ លោក Osoth Bhavilai បានបង្ហាញសុទិដ្ឋិនិយមដូច្នេះ។
 
ជាមួយសុទិដ្ឋិនិយមនេះ ប្រធានសហព័ន្ធ APSF ក៏បានបង្ហាញពីក្តីបារម្ភផងដែរ ចំពោះជណ្ដើរយន្ដ និងទំហំទ្វារបន្ទប់ទឹក សម្រាប់អត្ដពលិកប៉ារ៉ាឡាំកពិក ដែលត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំង។ 
 
លោក Osoth Bhavilai និយាយដូច្នេះថា៖«យើងព្រួយបារម្ភអំពីជណ្ដើរយន្ត។ ថាតើមានជណ្ដើរយន្ដប៉ុន្មាន? ទោះបីជាយ៉ាងណា ដោយសារភូមិកីឡានៅជិតទីតាំងប្រកួត ដូច្នេះយើងមិនចាំបាច់មានការដឹកជញ្ជូនពីកន្លែងមួយទៅកន្លែងមួយទេ។ ពួកគាត់មួយចំនួនអាចធ្វើដំណើរថ្មើរជើងពីភូមិកីឡា ទៅទីលានប្រកួតបាន។ បញ្ហាព្រួយបារម្ភមួយទៀតរបស់យើងគឺបញ្ហាទំហំទ្វារបន្ទប់ទឹក។ ថាតើរទេះរបស់អត្តពលិកអាចចូលបាន ឬយ៉ាងណា ពីព្រោះយើងមិនទាន់បានឃើញនៅឡើយ ដូច្នេះយើងសង្ឃឹមថាបានឃើញទំហំទ្វារស្ដង់ដា»។
 
គួរបញ្ជាក់ផងដែរ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣។ ប្រទេសម្ចាស់ផ្ទះ បានសម្រេចដាក់ ១៣ប្រភេទកីឡា ក្នុងព្រឹត្តិការណ៍នោះ។ កីឡា ១៣ប្រភេទនោះមាន៖ កីឡាអត្តពលកម្មជនពិការ, កីឡាហែលទឹកជនពិការ, កីឡាបូស្យាជនពិការ, កីឡាវាយសីជនពិការ, កីឡាបាល់ទាត់ ៥ម្ខាង, កីឡាបាល់ទាត់ ៧ម្ខាង, កីឡាលើកទម្ងន់ជនពិការ, កីឡាបាល់បោះជិះរទេះជនពិការ, កីឡាវាយកូនឃ្លីលើតុជនពិការ, កីឡាបាល់បោះជនពិការភ្នែក, , កីឡាបាល់ទះអង្គុយ,កីឡាអុក និងកីឡាយូដូជនពិការ៕
 

Tag:
 ស៊ីហ្គេម
  អាស៊ានប៉ារ៉ាហ្គេម
  APSF
  CAMAGOC
  Osoth Bhavilai
© រក្សាសិទ្ធិដោយ thmeythmey.com