កីឡាជាតិ
ជាតិ
AFF៖ កម្ពុជាឈ្នះហ្វីលីពីន ៣-២ ក្នុងជំនួបបើកឆាកពូល A
20, Dec 2022 , 6:53 pm        
រូបភាព
ដោយ: រួបរួម
កម្ពុជាទទួលជ័យជម្នះ ៣-២ លើហ្វីលីពីន នាជំនួបពូល A នៃព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 នៅពហុកីឡដ្ឋានជាតិមរតកតេជោ ល្ងាចថ្ងៃចន្ទ​ទី២០ ខែធ្នូ នេះ។

 
២០នាទីដំបូងក្នុងតង់ទីមួយ កម្ពុជានាំមុខ២គ្រាប់ ដែលសម្រេចបានដោយ រ៉ឹង ប៊ុនហៀង នៅនាទី១៦ក្រោយការទាត់របស់ សឿត បារាំង ហើយ៤នាទីក្រោយ អ៊ន ចាន់ប៉ូលីន បន្ថែមបានគ្រាប់ទី២។ ឈានដល់នាទី៤១ ហ្វីលីពីនវាយបកពីក្រោយ១គ្រាប់ ដែលរកបានដោយខ្សែប្រយុទ្ធ Kenshiro Daniels ក្រោយបាល់ផ្លាតចេញពីដៃរបស់អ្នកចាំទីកែវ សុខសិលា។
 
នៅនាទី៥៥ Daniels បន្ថែមគ្រាប់ទីពីរតាមស្មើ ២-២ ក្រោយព្យាយាមគេចផុតពីការរារាំងរបស់ ជួន ចាន់ចាវ និងសឿត បារាំង ខណៈ កែវ សុខសិលា មានការរារែកក្នុងការចូលទៅសង្គ្រោះបាល់។ នៅនាទី៥៩ ប៊ុនហៀង តែតបាល់បញ្ចូលទីដើម្បីជួយកម្ពុជានាំមុខសារជាថ្មី ក្រោយការសហការគ្នាយ៉ាងល្អរវាង សៀង ចន្ធា និង យ៉ើ មូស្លីម។
 
នៅនាទី៧១ ចន្ធា មានឱកាសមាសមួយ ប៉ុន្តែការប៉ុនប៉ងស៊ុតរបស់គេ ត្រូវបានសង្គ្រោះដោយចុងជើងអ្នកចាំទី Kevin Mendoza។ មានការវាយបកទៅវិញទៅមុខ ប៉ុន្តែលទ្ធផល ៣-២ ត្រូវរក្សារហូតដល់បញ្ចប់ការប្រកួត។
 
ជម្រើស១១នាក់ដំបូងរបស់កម្ពុជា៖ កែវ សុខសិលា, សឿត បារាំង, ជួន ចាន់ចាវ, លឹម ពិសុទ្ធ (Nick Taylor ៧៩), សឿយ វិសាល, ទេស សម្បត្តិ (តាំង ប៊ុនឆៃ ៧៩), អ៊ន ចាន់ប៉ូលីន (កុក បូរីស ៦០), រ៉ឹង ប៊ុនហៀង (កែវ សុខផេង ៦០), យ៉ើ មូស្លីម, សុះ ស៊ូហាណា, សៀង ចន្ធា (ប៊ិន ធារី ៩០+២)៕
 

© រក្សាសិទ្ធិដោយ thmeythmey.com