អន្តរជាតិ
ការជំរុញ​ឱ្យ​មាន​វិធានការ​ដើម្បី​ធានា​សុវត្ថិភាព​ទឹកទទួល​ទាន និង​អនាម័យ​នៅ​ទូទាំង​សាកលលោក
24, Dec 2022 , 10:29 pm        
រូបភាព
រូបឯកសារ៖ បុរស​ម្នាក់​លាង​សម្អាត​ខ្លួន​ដោយ​ទឹក​កខ្វក់​នៅ​​សមុទ្រ Guanabara ក្នុង​ទីក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៦។
រូបឯកសារ៖ បុរស​ម្នាក់​លាង​សម្អាត​ខ្លួន​ដោយ​ទឹក​កខ្វក់​នៅ​​សមុទ្រ Guanabara ក្នុង​ទីក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៦។
ដោយ: VOA
ទិន្នន័យ​ប្រមូល​បាន​ពី​ ១២១ ប្រទេស​បង្ហាញ​ថា មនុស្ស​រាប់​ពាន់​លាន​នាក់​កំពុង​ប្រឈម​នឹង​វិបត្តិ​សុខភាព​ ហើយ​បណ្តា​ប្រទេស​នានា​ត្រូវ​ចាត់​វិធានការ​ជា​បន្ទាន់​ ដើម្បី​លើកកម្ពស់​គុណភាព​ទឹក និង​អនាម័យ​ដែល​ត្រូវ​បាន​គេ​ស្គាល់​តាម​ការ​ហៅ​កាត់​ថា «WASH»។ របាយការណ៍​នេះ ​ជា​របាយការណ៍​លម្អិត​ជាង​គេ​មួយ​គិត​មក​ត្រឹម​ពេល​នេះ ដែល​រក​ឃើញ​ថា បណ្តា​ប្រទេស​ភាគច្រើន​ កំពុង​ខកខាន​ក្នុង​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ផ្តល់​ទឹកស្អាត​និង​អនាម័យ​សម្រាប់​ពលរដ្ឋ​គ្រប់គ្នា​នៅ​ត្រឹម​ឆ្នាំ២០៣០។

 
លោក Bruce Gordon ជា​ប្រធាន​ផ្នែក​ទឹក​ប្រើប្រាស់ អនាម័យ​បរិស្ថាន និង​អនាម័យ​ផ្ទាល់​ខ្លួន នៃ​អង្គការ​សុខភាព​ពិភពលោក។ លោក​បាន​និយាយ​ថា ស្រប​ពេល​ការ​ពន្លឿន​គឺ​ចាំបាច់​ត្រូវ​ធ្វើ​ឡើង​នោះ មាន​តែ​ ២៥​ភាគរយ​ប៉ុណ្ណោះ​នៃ​ប្រទេស​ទាំង​នោះ ដែល​ធ្វើការ​ដើម្បី​បំពេញ​គោលដៅ​សម្រាប់​ផ្នែក​អនាម័យ​និង​មាន​តែ ៤៥​ភាគរយ​ប៉ុណ្ណោះ​ ដែល​ធ្វើការ​ដើម្បី​បំពេញ​គោលដៅ​សម្រាប់​ទឹក​ស្អាត។ លោក Bruce Gordon ​ថ្លែង​ថា៖
 
«បញ្ហា​នេះ​កើត​ឡើង​ស្រប​ពេល​ដែល​មាន​មនុស្ស​ជាច្រើន​បាន​កើត​ជំងឺ​រាគរូស​ដោយសារ​ការទទួល​ទាន​ទឹក​មិន​ស្អាត ដែល​ឬសគល់​ចម្បង​គឺ​ការខ្វះ​អនាម័យ។ កង្វះ​អនាម័យ​នៅ​ដៃ ក៏​បង្ក​ឲ្យ​មាន​ការ​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​ផង​ដែរ។ ដូច្នេះ មនុស្ស​ប្រហែល​ជិត ២​លាន​នាក់កំពុង​ប្រឈម​នឹង​ការ​ស្លាប់​ជា​រៀងរាល់​ឆ្នាំ ដោយសារ​តែ​ការគ្រប់គ្រង​ទឹក អនាម័យ​បរិស្ថាន និង​អនាម័យ​ផ្ទាល់​ខ្លួន​មិន​បាន​ត្រឹមត្រូវ»។
 
លោក Gordon និយាយ​ថា ប្រទេស​នានា​ត្រូវ​ធ្វើ​ការ​ប្តេជ្ញា​សាជាថ្មី​ទៅ​លើ​គោលដៅ​ដែល​ពួកគេ​បាន​ប្តេជ្ញា​ពី​មុន​មក ដើម្បី​ជួយ​សង្រ្គោះ​ជីវិត​ពលរដ្ឋ​ទាំង​នោះ។ លោក​កត់សម្គាល់​ថា ឱកាស​ដ៏​ធំ​មួយ​ដើម្បី​ធ្វើ​ដូច្នេះ​ នឹង​កើតឡើង អំឡុងពេល​សន្និសីទស្តី​ពី​ទឹកស្អាត និង​អនាម័យ​របស់​អ.ស.ប​ ជា​លក្ខណៈ​ប្រវត្តិសាស្រ្ត​មួយ នៅ​ខែ​មីនា ឆ្នាំ​២០២៣។ លោក​បន្ត​ថា ជា​លើកដំបូង​ក្នុង​រយៈពេល​ ៥០​ឆ្នាំ សហគមន៍សាកល​នឹង​ជួបជុំគ្នា​ដើម្បី​ពិនិត្យមើល​ការ​វិវត្ត​ទៅ​មុខ និង​ធ្វើការ​ប្តេជ្ញា​ដោយ​ស្ម័គ្រចិត្ត​ដើម្បី​លើក​កម្ពស់​គុណភាព​ទឹក។
 
របាយការណ៍​ខាង​លើ​ក៏​បានពិនិត្យ​ពី​ផលប៉ះពាល់​ដែល​ធាតុ​អាកាស​អាក្រក់​បង្ក​ឡើង​ដោយការ​ប្រែប្រួល​អាកាសធាតុ​មាន​មក​លើ​ការលើក​កម្ពស់​គុណភាព​ទឹក និងអនាម័យ​ផង​ដែរ។ លោក Gordon លើកឡើង​ថា របាយការណ៍​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​ភាពធន់ និង​ការ​សម្រប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ លោក​Gordon ថ្លែង​ថា៖
 
«ប៉ុន្តែ​នៅ​ពេល​យើង​មើល​ទៅ​គោលនយោបាយ​ឆ្លើយតប​ មិន​ថា បច្ចេកវិទ្យា​ទ្រាំទ្រ​នឹង​អាកាសធាតុ ​គឺ​មាន​បច្ចេកវិទ្យា​សាមញ្ញដូចជា បច្ចេកវិទ្យា​ដើម្បី​បញ្ចៀស​គ្រោះ​ទឹកជំនន់ ឬ​បន្ថយ​គ្រោះ​រាំងស្ងួត​ជា​ដើម។ ការ​គ្រប់គ្រង​ហានិភ័យ ឬ​បច្ចេកវិទ្យា​សាមញ្ញ។ កត្តា​ទាំង​នេះ​មិន​ត្រូវ​បាន​រៀបចំ​ឡើង​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ»។ ​
 
​អង្គការ​សុខភាព​ពិភពលោក​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​នានាបង្កើន​ការ​វិនិយោគ​ដើម្បី​ពង្រឹង​លទ្ធភាព​ទទួល​បានទឹកទទួលទាន​ដែល​មាន​ការ​គ្រប់គ្រង​ត្រឹមត្រូវ និង​សេវាកម្ម​អនាម័យ​ផ្សេងៗ។ របាយការណ៍​ក៏​បាន​ជំរុញ​ឱ្យ​មាន​ការ​ពង្រឹង​ការ​គាំទ្រ​សម្រាប់ការ​ផ្គត់ផ្គង់​ការ​លើកកម្ពស់​គុណភាព​ទឹក និងអនាម័យ​ តាមរយៈ​ការ​រៀបចំ​ឡើង​នូវ​ប្រព័ន្ធ​តាមដាន​ និយ័តកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព​ផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com