កីឡាជាតិ
ជាតិ
កីឡាការិនី ខេន ម៉ាឡៃ ចង់ឃើញស្ត្រីចូលរួមប្រកួតកីឡាទោចក្រយានឱ្យបានច្រើន
28, Dec 2022 , 8:59 pm        
រូបភាព
កីឡាការិនី ខេន ម៉ាឡៃ ប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកឆ្នាំ២០២២ លើវិញ្ញាសាកង់ភ្នំនារី។
កីឡាការិនី ខេន ម៉ាឡៃ ប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកឆ្នាំ២០២២ លើវិញ្ញាសាកង់ភ្នំនារី។
ដោយ:
កីឡាការិនី ខេន ម៉ាឡៃ ចង់ឃើញស្ត្រីចូលរួមប្រកួតកីឡាទោចក្រយាន ឱ្យបានច្រើន បើទោះជាវាមានផលលំបាកក្តី។



កីឡាការិនី ខេន ម៉ាឡៃ ជាម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាទោចក្រយានជ្រើសរើសជើងឯក ឆ្នាំ២០២២ លើវិញ្ញាសាកង់ភ្នំនារី (ចម្ងាយ១៦គីឡូម៉ែត្រ) ដែលបានបិទបញ្ចប់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តសៀមរាប។
 
ម្ចាស់មេដាយមាស ឆ្នាំ២០២២ និងជាកីឡាការិនីជម្រើសជាតិកម្ពុជា រូបនេះ ទទួលស្គាល់ថា ការប្រកួតកីឡាទោចក្រយាន លើវិញ្ញាសាកង់ភ្នំ មិនមែនជារឿងងាយស្រួលឡើយ ខណៈអត្តពលិកទាំងអស់ ត្រូវមានបច្ចេកទេសខ្ពស់ ក្នុងការប្រកួតប្រជែងយកឈ្នះគូប្រកួតខ្លួន។
 


ការបំពាក់មេដាយជូនកីឡាការិនីលើវិញ្ញាសាកង់ភ្នំ

ក្រោយដណ្តើបានមេដាយមាស កីឡាការិនី ខេន ម៉ាឡៃ មកពីក្លិប Empire Cycling Team  បាននិយាយថា មុននឹងឈ្នះជ័យលាភីនេះ ខ្លួនមានការហ្វឹកហ្វឺនជាខ្លាំង ដោយទទួលយកដំបូន្មាន​ និងយុទ្ធសាស្រ្តនៃការប្រកួត ពីគ្រូបង្វឹក។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ខេន ម៉ាឡៃ បាននិយាយថា ៖«សម្រាប់ទីតាំងការប្រកួតអាចនិយាយបានថាពិបាកក៏មិនពិបាក ស្រួលក៏មិនស្រួល ផ្លូវហ្នឹងបច្ចេកទេសច្រើនមានឡើងចុះបត់បែនច្រើន។ មុននឹងឈានដល់មេដាយមាស យើងមានការហ្វឹកហាត់ប្រចាំថ្ងៃដោយមានការទម្លាក់ផែនការពីគ្រូបង្វឹក និងបានកែនូវអ្វីដែលខ្វះខាត ហើយត្រូវបំពេញបន្ថែម»។
 

កីឡាការិនីជម្រើសជាតិកម្ពុជា ខេន ម៉ាឡៃ ប្រកួតវិញ្ញាសាកង់ភ្នំ។
ស្របពេលខ្លួន សម្រេចបានជោគជ័យបែបនេះ ម៉ាឡៃ ក៏ចង់ឃើញស្ត្រីដទៃចូលរួមប្រកួតកីឡាទោចក្រយាននេះ ឱ្យបានច្រើន បើទោះជាមានផលលំបាកក្តី។«សម្រាប់កីឡាកង់ បើយើងងាកមកមើល គឺអត់សូវមានស្រ្តីចូលរួមលេងច្រើនទេ ខ្ញុំចង់ឃើញស្រី្តចូលរួមលេងឱ្យបានច្រើនដូចជាបណ្តាប្រទេសនៅខាងក្រៅ»។ នេះជាការលើកឡើងរបស់ ខេន ម៉ាឡៃ។
 
ក្រៅពីឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាទោចក្រយានជ្រើសរើសជើងឯក ឆ្នាំ២០២២នេះហើយ ខេន ម៉ាឡៃ ក៏ប្ដេជ្ញាប្រឹងប្រែងហ្វឹកហាត់ថែមទៀត ដើម្បីដុសខាត់ចំណុចខ្វះខាត ជាពិសេសសំលៀងសមត្ថភាព និងបច្ចេកទេសខ្លួន ឱ្យបានមុតស្រួច សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
 
ម៉ាឡៃ និយាយថា៖«សម្រាប់ខ្ញុំត្រៀមលក្ខណៈរួចរាល់ ដើម្បីនាំលទ្ធផលល្អជូនជាតិ ជូនក្រុម និងគ្រួសារ។ ដោយផ្តោតសំខាន់លើការហ្វឹកហាត់ជាប្រចាំ និងស្តាប់ការណែនាំរបស់គ្រូបង្វឹក»៕
 

Tag:
 កីឡាទោចក្រយាន
 ខេន ម៉ាឡៃ
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com