កីឡាជាតិ
ជាតិ
AFF៖ កម្ពុជាវាយបកយកឈ្នះភ្ញៀវព្រុយណេ ៥-១
29, Dec 2022 , 6:55 pm        
រូបភាព
ដោយ: រួបរួម
កម្ពុជា បានយកឈ្នះព្រុយណេ ៥-១ ក្នុងជំនួបពូល A នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022 នៅពហុកីឡដ្ឋានជាតិមរតកតេជោ ល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ នេះ។ ជួន ចាន់ចាវ, Nick Taylor, កែវ សុខផេង រកបានម្នាក់១គ្រាប់ និងលឹម ពិសុទ្ធរកបាន២គ្រាប់ សម្រាប់ម្ចាស់ផ្ទះកម្ពុជា។

 
ព្រុយណេ បានស៊ុតបាល់បញ្ចូលទីនាំមុខនៅនាទី២១ ដែលសម្រេចបានដោយខ្សែបម្រើ Nurikhwan Othman ហើយ១០នាទីក្រោយមកខ្សែការពារ ជួន ចាន់ចាវ បានតែតតាមស្មើ ១-១ បន្ទាប់ពីខ្សែការពារ ទេស សម្បត្តិ បានញាក់បាល់ផុតពីខ្សែបម្រើ Azwan Ali Rahman និង Haziq Kasyful Azim ហើយលើកបញ្ជូនទៅតំបន់គ្រោះថ្នាក់។
 
នៅនាទី៤៩ Nick Taylor បាននាំបាល់ចូលក្នុងតំបន់គ្រោះថ្នាក់ ហើយអ្នកចាំទីព្រុយណេ Haimie Abdullah Nyaring ធ្វើឲ្យដួល។ Taylor ខ្លួនបានទាត់ប៉េណាល់ទីបានសម្រេច ហើយក៏ជាគ្រាប់បាល់ដំបូងផងដែរសម្រាប់កីឡាករខ្មែរ-អាម៉េរិករូបនេះ សម្រាប់ជម្រើសជាតិកម្ពុជា។
 
នៅនាទី៧៣ ក្រោយខ្សែការពារព្រុយណេ យកដៃប៉ះបាល់នៅតំបន់គ្រោះថ្នាក់ កែវ សុខផេង ទាត់ប៉េណាល់ទីបានសម្រេចមួយគ្រាប់ទៀត ដើម្បីនាំមុខ ៣-១។ ឈានដល់នាទី៨០ និង៨៨ លឹម ពិសុទ្ធ រកបាន២គ្រាប់តែម្នាក់ឯង ជួយឲ្យកម្ពុជាឈ្នះ ៥-១។
 
រីឯការប្រកួតមួយគូទៀត ខ្សែបម្រើ Marc Anthony Klok បានស៊ុតបាល់ប៉េណាល់ទីនៅនាទី៤៩ ជួយឲ្យឥណ្ឌូណេស៊ី ឈ្នះថៃ ១-០។ Sanrawat Dechmitr របស់ថៃ បានទទួលកាតក្រហមនៅនាទី៦៣ តែទោះមានគ្នាត្រឹម១០នាក់ ក៏ដោយ Sarach Yooyen បានទាត់តាមស្មើ ១-១ នៅនាទី៨០។
 
ថៃ និង ឥណ្ឌូណេស៊ី ស្ថិតនៅលេខ១ និងលេខ២ ដោយមាន៧ពិន្ទុស្មើគ្នា។ កម្ពុជាមាន៦ពិន្ទុ ហ្វីលីពីនមាន៣ពិន្ទុ ដោយជំនួបចុងក្រោយ ថៃប៉ះកម្ពុជា រីឯឥណ្ឌូណេស៊ី តទល់ជាមួយហ្វីលីពីន។ ព្រុយណេបញ្ចប់ការប្រកួតរបស់ខ្លួនដោយមានគ្មានពិន្ទុ។
 
ជម្រើសរបស់កម្ពុជា៖ កែវ សុខសិលា, ទេស សម្បត្តិ, សឿយ វិសាល (អ៊ិន សូដាវីដ ៥៧), អ៊ន ចាន់ប៉ូលីន, សុះ ស៊ូហាណា (ម៉ាត់ នូរុណ ៧៨), Nick Taylor (កែវ សុខផេង ៥៧), រ៉ឹង ប៊ុនហៀង (លឹម ពិសុទ្ធ ៤៦), យ៉ើ មូស្លីម, សារ ទី (សៀង ចន្ធា ៤៦), សឿត បារាំង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com