កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប្រដាល់សកល៖ កីឡាករវិឌ្ឍន៍ទាំងបច្ចេកទេស និងកម្លាំង តែធនធានកីឡាការិនីនៅខ្វះ
30, Dec 2022 , 5:39 pm        
រូបភាព
ការប្រកួតរវាងបង្គោលខៀវ វី ស្រីស្រស់ និងបង្គោលក្រហម សាក់ ស្រីពេជ្រ។
ការប្រកួតរវាងបង្គោលខៀវ វី ស្រីស្រស់ និងបង្គោលក្រហម សាក់ ស្រីពេជ្រ។
ដោយ:
លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា មើលឃើញការវិវឌ្ឍន៍សមត្ថភាពកីឡាករ ទាំងបច្ចេកទេស និងកម្លាំង។ តែលោក សោភ័ណ្ឌ នៅតែបារម្ភចំពោះប្រភេទទម្ងន់កីឡាការិនី ដែលកម្ពុជានៅខ្វះធនធាន។ សម្រាប់មន្រ្តីបច្ចេកទេសរៀបចំការប្រកួត និងការកាត់ក្តីរបស់មន្រ្តីចៅក្រម អាជ្ញាកណ្តាល ត្រូវព្រឹងបន្ថែម ដើម្បីត្រៀមទៅស៊ីហ្គេម២០២៣​។

 
ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ បានបិទបញ្ចប់ទៅដោយជោគជ័យជាស្ថាពរ នៅថ្ងៃទី២៩ ខែធ្នូ នាសាលហ្វឹកហាត់ប្រដាល់សកល ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្លិបប្រដាល់សកលក្រសួងមហាផ្ទៃ ឈ្នះមេដាយច្រើនជាងគេ មេដាយសរុប៩ មាស៣ ប្រាក់៤ និងសំរឹទ្ធ២។
លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា វាយតម្លៃចំពោះមន្រ្តីរៀបចំការប្រកួត កម្រិតសមត្ថភាពអត្តពលិក និងការកាត់ក្តីពីសំណាក់ចៅក្រម និងអាជ្ញាកណ្តាលថា មានចំនុចខ្លះគួរពង្រឹងបន្ថែម។
 
លោក ប៊ុយ សោភ័ណ្ឌ និយាយថា៖«សម្រាប់សហព័ន្ធអាចវាយតម្លៃបានថាកម្រិតសមត្ថភាពកីឡាករមានការកើនឡើង លើបច្ចេកទេសប្រកួត កម្លាំង និងអនុវត្តន៍បាននូវស្មារតី។ ចំពោះចំនុចដែលយើងត្រូវពង្រឹងបន្ថែមគឺពាក់ព័ន្ធទៅនឹងប្រភេទទម្ងន់កីឡាការិនី ដែលកម្ពុជាយើងនៅមានតិចមែនទែន»។
សម្រាប់មន្ត្រីអាជ្ញាកណ្តាល ចៅក្រម កាត់ក្តីការប្រកួតលើសង្វៀន លោក ប៊ុយ សោភ័ណ្ឌ ជំរុញឱ្យមានការពង្រឹងសមត្ថភាពបន្ថែម ដើម្បីឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេមដោយរលូន។
 
ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ណ ក្លិបប្រដាល់អារុណរះខេត្តកណ្តាល ឈរលេខ២ ឈ្នះមេដាយសរុប៨ មាស២ ប្រាក់៤ និងសំរឹទ្ធ២ ខណៈរាជធានីភ្នំពេញឈ្នះមេដាយមាស២ ឈរលេខ៣ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈ្នះមេដាយមាស២ ឈរលេខ៤។ ក្លិបប្រដាល់ សរសីកីឡា ឈរលេខ៥ ឈ្នះមេដាយមាស១ និងសំរឹទ្ធ១ និងក្រសួងការពារជាតិ ឈរលេខ៦ ឈ្នះមេដាយមាស១។
 
ក្លិបតាឡីដំរីមានរិទ្ធ ឈរលេខ៧ ឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ៤ លេខ៨ ក្លិបវិបុលដារិទ្ធ ខណ្ឌពោធិ៍សេនជ័យ ឈ្នះមេដាយប្រាក់១ ក្លិបកងដឹកជញ្ជូន ឈ្នះមេដាយប្រាក់១ ឈរលេខ៩ រីឯក្លិបព្រែកឯងកីឡា ឈ្នះមេដាយសំរឹទ្ធ៤ ឈរលេខ១០ ខេត្តមណ្ឌលគិរី ឈរលេខ១១ ឈ្នះមេដាយសំរឹទ្ធ៣ ក្លិបតាឯកដំបងដែក ខេត្តព្រៃវែង ឈរលេខ១២ ឈ្នះមេដាយសំរឹទ្ធ២ និងខេត្តកំពត ឈរលេខ១៣ ឈ្នះមេដាយសំរឹទ្ធ១។
 
គួរបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ មានអត្តពលិកចូលរួម៩១នាក់ មកពីបណ្តាក្លិបរាជធានី-ខេត្ត និងសមាគម ចំនួន១៣ ដែលការប្រកួតបានចាប់ផ្តើមពីថ្ងៃទី២៦-២៩ ខែធ្នូ ឆ្នាំ២០២២៕
 

Tag:
 កីឡាប្រដាល់សកល
 កីឡាជាតិ
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com