កីឡាជាតិ
ជាតិ
លោក ស សុខា៖ Soccer League នឹងក្លាយជាស្ពានដើម្បីកីឡាករថ្នាលបង្ហាញសមត្ថាភាព
30, Dec 2022 , 5:59 pm        
រូបភាព
ព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់ Soccer League នឹងក្លាយជាស្ពាន ដើម្បីឱ្យយុវជនថ្នាល់បានបង្ហាញសមត្ថភាព។ នេះបើតាមសម្តី លោក ស សុខា អនុប្រធានគណៈអចិន្ត្រៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក ​និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ថ្លែងនៅក្នុងកម្មវិធីចាប់ឆ្នោតចែកពូលការប្រកួតពានរង្វាន់បាល់ទាត់ Soccer League លើកទី៦ នាថ្ងៃទី៣០ ខែធ្នូ។


ពានរង្វាន់ Soccer League លើកទី៦ នេះបានកើតឡើងចេញពីគំនិតនៃការផ្តួចផ្តើមដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ ការប្រកួតពានរង្វាន់ ​Soccer League នេះ ជាការប្រមូលផ្តុំនៃក្រុមបាល់ទាត់ នៅកម្ពុជា រួមទាំងនៅតាមស្ថាប័នរដ្ឋ និងអង្គភាពនានា ដើម្បីប្រកួតប្រជែងដណ្តើមពានរង្វាន់ក្នុងគោលបំណងបង្កើនភាពសហការរវាងស្ថាប័ន និងស្ថាប័នក៏ដូចជាសាមគ្គីភាព និងលើកស្ទួយវិស័យកីឡា។ 
 
ព្រឹត្តិការណ៍ Soccer League ចាប់ផ្តើមការប្រកួតលើកដំបូងក្នុងឆ្នាំ ២០១២ និងលើកចុងក្រោយបង្អស់បានធ្វើឡើងនៅឆ្នាំ ២០១៩ មុនពេលជំងឺរាតត្បាតកូវីដ-១៩ រាលដាលទូទាំងពិភពលោក។ 
  


ការប្រកួត Soccer League លើកទី៦ លោក ស សុខា ដែលជាប្រធានគណៈកម្មាធិការ​រៀបចំការប្រកួតបាល់ទាត់ នេះ បានលើកឡើងថាការប្រកួតនេះនឹងក្លាយជាការបង្ហាញផ្លូវមួយដ៏ល្អសម្រាប់យុវជនថ្នាល បញ្ចេញសមត្ថភាពក្នុងវិស័យបាល់ទាត់ និងការលើកស្ទួយឱ្យខ្លាំងឡើងបន្ថែមកីឡានេះបន្ថែមទៀត។
 
«[…] ជាការពិតណាស់ការបង្កើតព្រឹត្តិការណ៍ពានរង្វាន់ ​Soccer League នេះយើងមានគោលដំណងដ៏ច្រើន ក្នុងនោះគោលបំណងដ៏ចម្បងនៃការរៀបចំព្រឹត្តិការណ៍ Soccer League នេះគឺដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជា។ ជាពិសេសដើម្បីពង្រឹងសមត្ថភាពដល់​យុវជនយើង ក្នុងការប្រកួតកីឡាដើម្បីសុខភាព សាមគ្គីភាព និងការជៀសឆ្ងាយពីគ្រឿងញៀន ហើយគោលបំណងធំបំផុតការរៀបចំកីឡាមួយគឺដើម្បីជាស្ពាន ក្នុងការយកនូវបទពិសោធន៍ល្អៗដើម្បីត្រៀមទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅឆ្នាំ ២០២៣ ក្នុងពេលខាងមុខ។»។ នេះបើតាមសម្តីរបស់លោក ស សុខា។
 
មួយវិញទៀតលោក ស សុខា ក៏ចាត់ទុកការប្រកួតពានរង្វាន់ Soccer League លើកទី៦ នេះជាប្រវត្តិសាស្រ្តលើកដំបូងសម្រាប់សហភាពសហព័ន្ធយុវជនកម្ពុជាដែលទទួលបានរៀបចំការព្រឹត្តិការណ៍កីឡាបាល់ទាត់មួយនេះ។
 
បើតាមការលើកឡើងរបស់លោក ខៀវ ភារិន្ទ ប្រធានប្រតិបត្តិការៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ ព្រឹត្តិការណ៍ Soccer League ឆ្នាំ ២០២៣​ មានក្រុមចូលរួមចំនួន ៧៤ក្រុម កើនឡើងចំនួន ២ក្រុមខុសពីឆ្នាំ​ ២០១៩។ មិនត្រឹមតែប៉ុណ្ណោះលោក ខៀវ ភារិន្ទក៏បានបន្ថែមថា Soccer league លើកទី៦ ក៏នឹងមានវត្តមានការប្រកួតរបស់ក្រុមបាល់ទាត់នារីថែមទៀត ដែលមានចំនួន ១០ក្រុមបានចូលរួម៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com