ជាតិ
សេដ្ឋកិច្ច
ព្រឹត្តិការណ៍សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២​៖​ អតិផរណា រដ្ឋលក់បណ្ណបំណុល ការជាប់គាំងសំណង់នៅព្រះសីហនុ...
01, Jan 2023 , 8:00 am        
រូបភាព
ទោះបីសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញយ៉ាងល្អពីវិបត្តិកូវីដ-១៩ក៏ពិតមែនក្តី តែក្នុងឆ្នាំ២០២២ កម្ពុជាបានរងនូវឥទ្ធិពលអវិជ្ជមានជាច្រើនដែលកើតឡើងនៅលើសកលលោក។ ក្នុងនោះ មានបញ្ហាអតិផរណា និងការឡើងថ្លៃនៃរូបិយប័ណ្ណដុល្លារអាម៉េរិក...ជាដើម។ ទន្ទឹមនឹងនេះ វិស័យមួយចំនួននៅក្នុងស្រុកក៏ជួបបញ្ហាខ្លាំងផងដែរ។ ជាពិសេសវិស័យសំណង់ នៅព្រះសីហនុដែលមានអគារដល់ជាង១០០០កន្លែង កំពុងជាប់គាំងការសាងសង់។



សារព័ត៌មានថ្មីៗ(ThmeyThmey) សូមសង្ខេបនូវព្រឹត្រិការណ៍សេដ្ឋកិច្ចសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅកម្ពុជាក្នុងឆ្នាំ២០២២ ដូចខាងក្រោម៖

១.​ អតិផរណា៖​ ឆមាសទី១ឆ្នាំ២០២២ អតិផរណានៅកម្ពុជាបានកើនជាមធ្យមដល់កម្រិត៦,៥ភាគរយ ដែលខ្ពស់ជាងឆមាសទី២ក្នុងឆ្នាំ២០២១ឯទៀតមានត្រឹម៣,៤ភាគរយប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា(NBC) ដែលបញ្ជាក់ថា ការហក់ឡើងនៃអតិផរណានេះ ដោយសារថ្លៃក្រុមទំនិញនិងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ និងម្ហូបអាហារមានកំណើនខ្ពស់​​​​​​​។

ចំពោះស្ថានភាពអតិផរណានៅកម្ពុជាក្នុងឆមាសទី២ កំពុងប្រឈមនឹងភាពមិនច្បាស់លាស់ច្រើន ដែលផ្អែកជាចម្បងលើស្ថានភាពសង្គ្រាមរុស្សី-អ៊ុយក្រែន និងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ប៉ុន្តែ បើសម្ពាធនៃការឡើងថ្លៃប្រេងឥន្ធនៈអាចគ្រប់គ្រងបានឬត្រូវបានកាត់បន្ថយ នោះអតិផរណានៅកម្ពុជា នឹងត្រូវធ្លាក់ចុះ ផងដែរ។

ធនាគារជាតិ បានព្យាករដោយសុទិដ្ឋនិយម ថា អតិផរណានៅកម្ពុជា​​នឹងត្រូវបានធ្លាក់ចុះពី៦,៥ភាគរយក្នុងឆមាសទី១ មកនៅកម្រិតត្រឹម៣,២ភាគរយវិញនៅក្នុងឆមាសទី២។ សម្រាប់ពេញមួយឆ្នាំ២០២២ កម្ពុជាអាចមានកម្រិតអតិផរណាជាមធ្យមប្រមាណ ៤,៨ភាគរយ។

ដើម្បីឆ្លើយតបនឹងបញ្ហានេះដែលអូសបន្លាយដល់ឆ្នាំ២០២៣  រដ្ឋាភិបាល​សម្រេចផ្តល់ប្រាក់ឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណាចំនួន៣លើក។ លើកទីមួយ រដ្ឋចំណាយអស់ប្រមាណ១០លានដុល្លារដែលត្រូវបានអនុវត្តកាលពីថ្ងៃទី១០ធ្នូ ឆ្នាំ២០២២។ របាយការណ៍ពីក្រសួងផែនការ​ កម្ពុជាមានជាង២៦ម៉ឺនគ្រួសារ ដែលជាពលរដ្ឋងាយរងហានិភ័យដោយសម្ពាធអតិផរណា។

២.ការឡើងថ្លៃនៃប្រាក់ដុល្លារអាម៉េរិក៖ កាលពីខែកញ្ញា តម្លៃប្រាក់ដុល្លារបានឡើងដល់កម្រិត២០ភាគរយធៀបនឹងរូបិយប័ណ្ណសំខាន់ៗក្នុងពិភពលោក។ នេះជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល២០ឆ្នាំចុងក្រោយ។ ការកើនឡើងនេះ ក៏ព្រោះតែវិនិយោគិនបានដាក់ប្រាក់បញ្ចាំនៅធនាគារកណ្តាលអាម៉េរិក ហើយបានកាត់បន្ថយល្បឿននៃការដំឡើងអត្រាការប្រាក់ ដែលជាហេតុផលចម្បងសម្រាប់ការឡើងថ្លៃនៃប្រាក់ដុល្លារអាម៉េរិក។

សម្រាប់កម្ពុជា ជាប្រទេសប្រើប្រាស់ប្រាក់ដុល្លារច្រើន ដូច្នោះគឺងាយរងឥទ្ធិពលពីការប្រែប្រួលនៃអត្រាប្តូរប្រាក់។ ដុល្លារូបនីយកម្ម, ការប្រែប្រួលអត្រាប្តូរប្រាក់ មានឥទ្ធិពលដោយផ្ទាល់និងឆាប់រហ័សមកលើអតិផរណានៅកម្ពុជា ព្រោះកាលណា តម្លៃប្រាក់រៀលធ្លាក់ចុះនោះ នឹងនាំឱ្យតម្លៃទំនិញនិងសេវានានាកើនឡើងភ្លាម។ នាអំឡុងខែតុលា ឆ្នាំ២០២២ ប្រាក់រៀលនៅលើទីផ្សារបានធ្លាក់ដល់៤ ១៤៥រៀលក្នុងមួយដុល្លារ ដែលកន្លងមានតម្លៃថេរ ត្រឹម ៤ ០៥០រៀលក្នុងមួយដុល្លារ។

ការឡើងថ្លៃនៃប្រាក់ដុល្លារនេះ អាចបន្តដល់ឆ្នាំ២០២៣ ដែលវានឹងបន្តផ្តល់ផលប៉ះពាល់ជាច្រើនដល់ជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ។ ជាពិសេស គឺប៉ះពាល់ដល់ក្រុមពលរដ្ឋដែលទទួលបានចំណូលពីប្រាក់រៀល ដូចជា៖ កសិករ មន្ត្រីរាជការ និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ...ជាដើម។​

៣. ភាពជាប់គាំងនៃសំណង់អគារជាង១០០០កន្លែងនៅព្រះសីហនុ៖​ ការចាកចេញរបស់វិនិយោគិនចិន ព្រោះតែការបិទហ្គេមអនឡាញ និងវិបត្តិកូវីដ-១៩ នារយៈពេល៣ឆ្នាំមកនេះ បានបន្សល់នូវការជាប់គាំងការដ្ឋានសំណង់តូច-ធំជាច្រើនកន្លែងដែលរាយប៉ាយជុំវិញខេត្តព្រះសីហនុ។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ថា ការដ្ឋានសំណង់ដែលកំពុងជាប់គាំងទាំងនោះមានដល់១ ១៥០កន្លែង ខណៈអាជ្ញាធរកំពុងរកវិធីដោះស្រាយបញ្ហានេះ។

ភាពជាប់គាំងនៃសំណង់ទាំងនោះ គឺ​ជាផ្នែកសំខាន់មួយដែលប៉ះពាល់ដល់ការអនុវត្តផែនការមេរបស់កម្ពុជាក្នុងការអភិវឌ្ឍខេត្តតំបន់សមុទ្រមួយ​នេះ​ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាក្បាលម៉ាស៊ីនអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

បច្ចុប្បន្ន រដ្ឋបាលខេត្តព្រះសីហនុ កំពុងសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,​ អ្នកជំនាញផ្នែកអចលនទ្រព្យ, វិស័យធនាគារ, វិស័យឯកជន រួមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀត ដើម្បីដោះស្រាយវិបត្តិនេះឱ្យបានឆាប់រហ័សបំផុត។

៤. មូលបត្ររដ្ឋលើកដំបូងតម្លៃ៣០០លានដុល្លារ៖  រដ្ឋាភិបាលសម្រេចលក់សញ្ញាបណ្ណ ឬបណ្ណបំណុល​ ជាលើកដំបូងរបស់ខ្លួនតាមរយៈធនាគារជាតិនៃ(NBC) ចាប់តាំងពីថ្ងៃទី៧កញ្ញា ឆ្នាំ២០២២មក។ រដ្ឋ បោះលក់មូលបត្រនេះ ដើម្បីកៀរគរប្រភពទុនវិនិយោគក្នុងស្រុក សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ និង សង្គម រួមទាំងគាំទ្រដល់គម្រោងអទិភាព និងចាំបាច់ផ្សេងៗ។ ​ ការបោះលក់មូលបត្របំណុលនេះ  ក៏ដើម្បីអភិវឌ្ឍទីផ្សារមូលបត្រ និងហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែប្រសើរផងដែរ ខណៈផ្សារមូលបត្រកម្ពុជាបានដំណើរការ អស់រយៈពេល១០ឆ្នាំមកហើយ។

បណ្ណបំណុលដែលរដ្ឋបោះលក់នោះគឺមាន៣ប្រភេទ។ ក្នុងនោះ មានប្រភេទប្រតិទាន១ឆ្នាំ និងប្រភេទប្រតិទាន៥ឆ្នាំ នឹងត្រូវបោះផ្សាយចំនួនពីរដង។ រីឯ​ ប្រភេទប្រតិទាន៣ឆ្នាំ នឹងបោះផ្សាយចំនួនបួនដង។ គម្លាតនៃការបោះផ្សាយបណ្ណបំណុលទាំងនេះ គឺមានរយៈពេល៤សប្តាហ៍ម្តង ដែលប័ណ្ណនីមួយៗមានតម្លៃចារឹតចំនួន១លានរៀល(២៥០ដុល្លារ)។ សម្រាប់វិនិយោគិនដែលទិញមូលបត្រនេះ នឹងទទួលអត្រាការប្រាក់ថេរ​ ដោយរដ្ឋនឹងទូទាត់ការប្រាក់ឱ្យក្នុងរយៈពេល៦ខែម្តង។

៥. ផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុតម្លៃជាង២០០០លានដុល្លារ៖ វិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC)។​ ផ្លូវនេះមានប្រវែង១៨៧,០៥គីឡូម៉ែត្រ ដែលតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្ដាល កំពង់ស្ពឺ កោះកុង។

ផ្លូវនេះត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ នាអំឡុងពេលលោក លី ខឺឈាំង រដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចកំពូលពាក់ព័ន្ធ កាលពីថ្ងៃទី៩វិច្ឆិកា ឆ្នាំ២០២២។

៦. ពាណិជ្ជកម្ម៖ ទំហំពាណិជ្ជកម្មកម្ពុជាក្នុងរយៈពេល១១ខែ មានប្រមាណ៤៨,២ពាន់លានដុល្លារ ដែលកើន១២,៨ភាគរយ បើធៀបនឹងគ្រាដូចកាលឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញមានជាង២០,៤ពាន់លានដុល្លារ ខណៈការនាំចូលវិញមាន២៧,៧ពាន់លានដុល្លារ។​ បើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ប្រទេសដែលមានទំនាក់ទំនងពាណិជ្ជកម្មធំជាងជាមួយកម្ពុជា ចិន សហរដ្ឋអាម៉េរិក វៀតណាម ថៃ សិង្ហបុរី ជប៉ុន​​ ស្វ៊ីស  អាល្លឺម៉ង់ តៃវ៉ាន់ និងកាណាដា។

៧.កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី​កម្ពុជា-សាធារណរដ្ឋកូរ៉េ  (CK-FTA)៖ ត្រូវចូលជាធរមាន នៅថ្ងៃទី១ធ្នូ​ ដែលជាកិច្ចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទីពីរ ដែលទីមួយគឺកម្ពុជា-ចិន។​ កូរ៉េខាងត្បូង ជាទីផ្សារបំពេញបន្ថែមមួយសម្រាប់កម្ពុជា ក្នុងចំណោមប្រទេសនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RECP)។ ពេលដែលកម្ពុជាទទួលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ វាគឺជាសញ្ញាវិជ្ជមានមួយសម្រាប់សេដ្ឋកិច្ច និងសម្រាប់ទំនិញកម្ពុជា ពីព្រោះទីផ្សារប្រទេសកូរ៉េ គឺត្រូវបានគេទទួលស្គាល់នូវទំនិញដែលមានលក្ខណៈឆ្លើយតបគ្រប់គ្រាន់នឹងសេចក្តីត្រូវការរបស់ទីផ្សារប្រទេសផ្សេងៗក្នុងពិភពលោក។

បច្ចុប្បន្នការនាំចេញទំនិញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ គឺមានផលិតផលកសិផល ដូចជា៖ ម្រេច ចេក គ្រាប់ស្វាយចន្ទី ដំឡង ម្នាស់ ដូង កាហ្វេ ពោត ផ្លែមៀន ថ្នាំជក់ សាច់ ស្ករស ស្ករអំពៅ សំបុកត្រចៀកកាំ អាហារកែច្នៃពីអង្ករ ​និងកៅស៊ូធម្មជាតិ ជាដើម។ ក្រៅពីនេះ កម្ពុជាក៏នាំសម្លៀកបំពាក់ ស្បែកជើង កង់ សម្ភារធ្វើដំណើរ កាបូបយួរ  គ្រឿងបង្គុំ គ្រឿងបន្លាស់ និងទំនិញឧស្សាហកម្មមួយចំនួនទៀត ទៅកាន់ទីផ្សារនេះផងដែរ៕

Tag:
 សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២
© រក្សាសិទ្ធិដោយ thmeythmey.com