ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ សាលាឃុំអន្លង់ត្នោត មានជម្រាលសម្រាប់ជនមានពិការភាពរួចជាស្រេច
01, Jan 2023 , 4:00 pm        
រូបភាព
ដោយ៖ ព្រំ វិសាល និង ផាន សុខជា (យុវជនឃុំអន្លង់ត្នោត)
 
ស្រុកក្រគរ, ខេត្តពោធិ៍សាត់៖ ក្នុងឃុំអន្លង់ត្នោត មានពលរដ្ឋសរុបជាង២៨០០គ្រួសារ ស្មើនឹងជាង១,២ម៉ឺននាក់ ក្នុងនោះអ្នកដែលមានពិការភាព ១៦២នាក់ មានទាំងអ្នកដែលមានពិការភាពជើង ពិការភាពភ្នែក ខ្សោយបញ្ញា និងគរ ថ្លង់ជាដើម។ នេះបើតាមអ្នកស្រី  ប៊ិន ស៊ីវឡា មេឃុំនៃរដ្ឋបាលឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

 
អ្នកស្រី  ប៊ិន ស៊ីវឡា បានឱ្យដឹងថា នៅអគាររដ្ឋបាលឃុំ បានសាងសង់ជម្រាលសម្រាប់ជនពិការភាពរួចជាស្រេច ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀត ដល់ពលរដ្ឋដែលមានពិការភាព។ «នេះជាមោទកភាពមួយ ដែលរដ្ឋាភិបាលបានសាងសង់សាលាឃុំនេះ គឺមានជម្រាលស្រេច សម្រាប់ជន(មាន)ពិការ។ ហើយនៅក្នុងឃុំខ្ញុំនេះ ជនពិការសរុបដែលយើងបានសម្ភាស ទូទាំង ១២ភូមិ គឺមានចំនួន ១៦២នាក់»។ មេឃុំអន្លង់ត្នោត អ្នកស្រី ស៊ីវឡា បញ្ជាក់ដូច្នេះ មុននឹងបន្តថា អាជ្ញាធរឃុំបានគិតគូរ និងយកចិត្តទុកដាក់យ៉ាងខ្លាំងលើជនមានពិការភាពនៅក្នុងឃុំ ដោយបានផ្តល់អាទិភាព នៅពេលពួកគាត់មកទទួលសេវានានានៅសាលា ឃុំផងដែរ។  

អ្នកស្រី ​ ប៊ិន ស៊ីវឡា មេឃុំនៃរដ្ឋបាលឃុំអន្លង់ត្នោត ​ស្រុកក្រគរ ខេត្តពោធិ៍សាត់។
 
បើតាមមេឃុំដដែល ក្រៅពីជួយសម្រួលការងារផ្តល់សេវាផ្សេងៗ ដល់ជនមានពិការភាពហើយនោះ អាជ្ញាធរឃុំ ក៏មានការផ្តល់សេវា និងធ្វើឯកសារផ្សេងៗដល់ផ្ទះពលរដ្ឋមានពិការភាព ដែលមិនអាចធ្វើដំណើរមកសាលាដោយផ្ទាល់បានទៀតផង។
 
លោក ទូច កាដុំ ជាជនមានពិការភាពម្នាក់រស់នៅក្នុងភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានប្រាប់ថា លោករីករាយដែលឃុំមានជម្រាលសម្រាប់ជនមានពិការភាព។ បើតាមបុរសវ័យ៥៦ឆ្នាំរូបនេះ ជម្រាលសម្រាប់ជនពិការនៅសាលាជុំ បានជួយឲ្យការទៅទទួលសេវារបស់ខ្លួនកាន់តែងាយស្រួល។ 

លោក ទូច កាដុំ ជាជនមានពិការភាពម្នាក់រស់នៅក្នុងភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ។
 
ចំណែក លោក ពុធ លាង ពលរដ្ឋដែលមានពិការភាពម្នាក់ទៀត រស់នៅភូមិថ្គោលធំ ឃុំអន្លង់ត្នោត ក៏សម្តែងការត្រេកអរដែរ ដែលឃុំបានសង់ជម្រាលសម្រាប់ជនមានពិការភាព។ លោក ពុធ លាង ដែលមានពិការភាពជើងម្ខាង បានបញ្ជាក់ថា ជម្រាលនេះ នឹងជួយពលរដ្ឋដែលមានពិការភាព កាន់តែងាយស្រួលក្នុងការទទួលបានសេវារដ្ឋបាលពីអាជ្ញាធរឃុំ៕
 

លោក ពុធ លាង(ស្តាំ) ពលរដ្ឋ​មានពិការភាព​រស់នៅភ~អ្នកសារព័ត៌មានពលរដ្ឋប្រចាំឃុំអន្លង់ត្នោត។ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)

Tag:
 ជម្រាលជនពិការ
  ក្រគរ
© រក្សាសិទ្ធិដោយ thmeythmey.com