កីឡាជាតិ
ជាតិ
កីឡាករគុនខ្មែរ អេលីត ហ៊ុនកង ចង់ប្រកួតនៅ Thai Fight ម្តងទៀត តែសុំវាយអំបោះឆៅ
01, Jan 2023 , 11:19 am        
រូបភាព
ដោយ:
«ខ្ញុំចង់វាយនៅ Thai Fight ហើយចង់ប្រកួតវាយអំបោះឆៅ ព្រោះវាល្អសម្រាប់ខ្ញុំដែលចូលចិត្តប្តូរកណ្តាប់ដៃ»។ កីឡាករ អេលីត ហ៊ុនកង ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ បន្ទាប់ពីចាញ់ ភីឃេ សែនឆៃ នៅក្នុងកម្មវិធី Thai Fight កន្លងទៅ។

 
ថ្វីដ្បិតចាញ់កីឡាករជើងចាស់ប្រចាំសង្វៀននៃព្រះរាជាណាចក្រថៃ (Thai Fight) តែអ្នកប្រដាល់កណ្តាប់ដៃតាន់ អេលីត ហ៊ុនកង នៅចង់ឡើងប្រកួតនៅ Thai Fight ម្តងទៀត។ ចំពោះភាពជឿជាក់របស់ខ្លួន ហ៊ុនកង បញ្ជាក់ថា ប្រសិនបើមានការប្រកួតពេលក្រោយខ្លួនសុំប្តូរការប្រកួតពីការពាក់ស្រោមដៃ ទៅជាវាយរុំអំបោះឆៅវិញម្តង។ 


ការប្រកួតរវាងកីឡាករកម្ពុជា អេលីត ហ៊ុនកង(ខោស) និងកីឡាករថៃ ភីឃេ សែនឆៃ(ខោខ្មៅ)។ រូបពី Seanchai
 
ឆ្លើយនឹងសំនួររបស់អ្នកសារព័ត៌មានថ្មីៗ ថាតើហេតុអ្វី ហ៊ុនកង ចង់ប្រកួតដោយវាយរុំអំបោះឆៅ? កីឡាករ អេលីត ហ៊ុនកង ឆ្លើយថា៖«បាទ!ដោយសារតែខ្ញុំធ្លាប់វាយ MMA អ៊ីចឹងអំបោះឆៅគឺស្រួលជាងវាយពាក់ស្រោមដៃ។ អំបោះឆៅបើយើងវាយចូលពេញ គូប្រកួតអាចស្រុតតែម្តង តែបើមានស្រោមដៃទោះបីចូលពេញ ក៏អត់សូវមានគុណភាពដែរ ហើយណាមួយខ្ញុំអត់សូវខ្លាចវាយប្តូរកណ្តាប់ដៃទេ»។
 
យ៉ាងណា អេលីត ហ៊ុនកង ក៏បានបកស្រាយជុំវិញការភ្លាត់ស្នៀតរបស់ខ្លួនដោយរងជើងរន្ទះផ្កាប់ចានរបស់ សែនឆៃ ដែលបណ្តាលឱ្យខ្លួនសន្លប់ក្នុងទឹកទី២ ខណៈខ្លួនខំប្រឹងក្រោកឡើងដែរតែមួយជើងរបស់ ភីឃេ សែនឆៃ ធ្ងន់ពេក។
 
ហ៊ុនកង បន្តថា៖«សម្រាប់ខ្ញុំប្រកួតជាមួយ សែនឆៃ ដៃរបស់គាត់ស្រាលទេ តែជើងរបស់គាត់ធ្ងន់ គាត់ទាត់ចំករខ្ញុំ ធ្វើឱ្យខ្ញុំសន្លប់ បើនិយាយកណ្តាប់ដៃគាត់មិនចូលចុះខ្ញុំទេ។ គាត់ដឹងពីខ្ញុំ គាត់ព្យាយាមវាយដកឃ្លាពីខ្ញុំ»៕
 

អេលីត ហ៊ុនកង(ខោស) សន្លប់ក្នុងទឹក២ ក្រោយរងជើងផ្កាប់ចាន របស់ ភីឃេ សែនឆៃ(ខោខ្មៅ)។ រូបពី Seanchai

 

Tag:
 កីឡាប្រដាល់
 អេលីត ហ៊ុនកង
 Thai Fight
© រក្សាសិទ្ធិដោយ thmeythmey.com