ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ អាជ្ញាធរឃុំអន្សាចំបក់ គ្រោងជីកប្រឡាយប្រវែង៣ពាន់ម៉ែត្រ ដើម្បីធានាការធ្វើកសិកម្មពលរដ្ឋ
01, Jan 2023 , 2:39 pm        
រូបភាព
លោក ផាន់ សំបូរ មេឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់
លោក ផាន់ សំបូរ មេឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់
ដោយ៖ ឡំ សេងហុង
 
ស្រុកក្រគរ, ពោធិ៍សាត់ ៖ នៅឆ្នាំ២០២៣ រដ្ឋបាលឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានដាក់ផែនការជីកប្រឡាយថ្មីមួយ ដែលមានប្រវែង៣ពាន់ម៉ែត្រ ដើម្បីពង្រឹងប្រព័ន្ធស្រោចស្រព ដល់ការងារកសិកម្មរបស់ពលរដ្ឋ ទាំងក្នុងរដូវប្រាំង និងវស្សា។ គម្រោងនេះ នឹងផ្ដល់ប្រយោជន៍ដល់ពលរដ្ឋចំនួន ៦ភូមិ ដែលភាគច្រើន ពួកគេប្រកបរបរធ្វើស្រែ និងចម្ការ។

 
លោក ផាន់ សំបូរ មេឃុំអន្សាចំបក់ បានឱ្យដឹងថា នៅឆ្នាំ២០២៣ខាងមុខ ឃុំបានរៀបចំផែនការសាងសង់ប្រឡាយមួយខ្សែប្រវែង ៣ពាន់ម៉ែត្រ ពីតំបន់ក្រពើកំបុត ក្នុងភូមិក្បាលដំរី ឆ្លងកាត់ទៅភូមិចំនួន ៦ ផ្សេងទៀត។ ការជីកប្រឡាយថ្មីនេះ នឹងសម្រួលដល់ការស្តុកទឹកទុក ដើម្បីធានាដល់ការធ្វើស្រែ និងចម្ការ របស់ពលរដ្ឋ ទាំងរដូវប្រាំង និងវស្សា។ 
 
កន្លងទៅ ពលរដ្ឋនៅឃុំអន្សាចំបក់ តែងតែរអ៊ូគ្មានទឹកប្រើប្រាស់គ្រប់គ្រាន់។ លោក រំពឹងថា គម្រោងជីកប្រឡាយដ៏វែងមួយនេះ នឹងត្រូវបានអនុម័តដោយស្រុក និងខេត្ត ដើម្បីផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់ភូមិចំនួន៦ ដែលពលរដ្ឋរស់នៅប្រហែល ១ម៉ឺននាក់។ ភូមិទាំង៦នោះ រួមមានភូមិខ្សាច់ល្អិត ថ្កោលធំ ថ្កោលតូច អារ៉ងព្រួច ក្បាលដំរី និងសានសរ។ 
 
លោក ផាន់ សំបូរ លោកបង្ហាញក្ដីរីករាយ នឹងចង់ឱ្យគម្រោងនេះជោគជ័យក្នុងពេលឆាប់ៗ ព្រោះប្រឡាយទឹកបំណងប្រាថ្នារបស់ពលរដ្ឋក្នុងសហគមន៍របស់លោក។ លោក ប្រាប់ដូច្នេះថា៖« មូលហេតុដែលយើងចង់ជីកប្រឡាយហ្នឹង ដោយសារពលរដ្ឋគាត់ខ្វះទឹកប្រើប្រាស់។ អ៊ីចឹង ឱ្យតែបានប្រឡាយនេះមក ពលរដ្ឋដឹងតែអាចបង្កបង្កើនផល បាន២រដូវហើយ»។ 
 
គម្រោងជីកប្រឡាយថ្មីនេះ បានមកពីមូលនិធិ ៥ភាគរយ របស់ពលរដ្ឋ។ ប៉ុន្តែ បច្ចុប្បន្ន ឃុំ មិនទាន់មានថវិកាគ្រប់គ្រាន់សម្រាប់ជីកប្រឡាយនេះនៅឡើយ ដូច្នេះកំពុងកៀគរថវិកាពីពលរដ្ឋ សប្បុរសជន អង្គកាដៃគូ និងរដ្ឋាភិបាល បន្ថែមទៀតដើម្បីធ្វើយ៉ាងណា សម្រេចគម្រោងធំមួយនេះ នៅឆ្នាំ២០២៣ខាងមុខ។ 
 
ជាមួយគ្នានេះ លោក ផាន់ សំបូរ អំពាវនាវដល់ពលរដ្ឋ មានការអត់ធ្មត់ ចំពោះការងារអភិវឌ្ឍន៍មួយចំនួន ដែលឃុំមិនឆ្លើយតបតម្រូវការពលរដ្ឋបាន ដោយសារថវិកាមានកំណត់។ ដូច្នេះ លោក ក៏ស្នើដល់ពលរដ្ឋទាំងអស់ ចូលរួមថែរក្សាប្រឡាយ និងផ្លូវថ្នល់ ដែលមានស្រាច ខណៈ លោក តាំងចិត្តបន្តគោលនយោបាយអភិវឌ្ឍន៍ចាំបាច់ ជាបន្តបន្ទាប់ទៀត៕  
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)

Tag:
 អភិវឌ្ឍន៍
  ពលរដ្ឋ
  អន្សាចំបក់
© រក្សាសិទ្ធិដោយ thmeythmey.com