ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ អាជ្ញាធរឃុំអូរសណ្ដាន់ បានដាក់អំពូលភ្លើងបំភ្លឺផ្លូវជាង៣០បង្គោលក្នុងឆ្នាំ២០២២
01, Jan 2023 , 7:59 pm        
រូបភាព
ដោយ៖ ផាន់ សុខហួយ(យុវជនឃុំអន្លង់ត្នោត)

ពោធិ៍សាត់៖ ឆ្នាំ២០២២នេះ នៅក្នុងឃុំអូរសណ្ដាន់ បានដាក់អំពូលភ្លើងបំភ្លឺផ្លូវជាង ៣០បង្គោល។ ប៉ុន្តែក្នុងចំណោមភ្លើងបំភ្លឺដែលបានដាក់នោះ មាន៧អំពូល ត្រូវបានជនខិលខូចលួច និងវាយកម្ទេចចោល។ អាជ្ញាធរ ពុំទាន់បានរកឃើញមុខសញ្ញា ដែលបានបំផ្លាញនោះទេ។ នេះបើតាមលោក ម៉ម ធន មេឃុំអូរសណ្ដាន់។

 
លោក ម៉ម ធន បានលើកឡើងថា សម្រាប់ការដាក់ភ្លើងបំភ្លឺផ្លូវនេះ មានសារសំខាន់ដើម្បីបំភ្លឺផ្លូវជូនប្រជាពលរដ្ឋពេលធ្វើដំណើរពេលយប់ និងចូលរួមកាត់បន្ថយការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងគ្មានរឿងចោរកម្មផ្សេងៗកើតឡើងផងដែរ។ លោក ម៉ម ធន បានបន្តថា គម្រោងនៅពេលខាងមុខនេះ គឺត្រូវដាក់អំពូលឱ្យបានច្រើន។ បច្ចុប្បន្ន កំពុងស្វែងរកជំនួសបន្ថែម ដើម្បីដាក់អំពូលតាមផ្ទះឱ្យប្រជាពលរដ្ឋ ដែលនៅតាមតំបន់ដាច់ស្រយាល ហើយគ្មានអំពូលភ្លើងប្រើប្រាស់។

លោក ម៉ម ធន មេឃុំអូរសណ្ដាន់
 
ការដាក់អំពូលភ្លើងនេះ គឺដើម្បីការពារសុវត្ថិភាពពេលយប់ តែក៏មានបញ្ហាមួយចំនួន បានកើតឡើង ទាក់ទងជាមួយសណ្ដាប់ធ្នាប់ អសន្តិសុខ បញ្ហាគ្រឿងញៀនមួយចំនួន និងហិង្សា ដែលពួកគេ បានវាយបំផ្លាញអំពូលភ្លើងទាំងនោះចោល។ លោក ធន បញ្ជក់ថា៖ «ការដាក់អំពូលភ្លើងមានប្រយោជន៍ពីរ គឺអ្នកចិត្តល្អជួយថែរក្សា តែអ្នកចិត្តអាក្រក់ជួយបំផ្លាញ។ អ៊ីចឹងយើងធ្វើម៉េចទប់ស្កាត់ កុំឱ្យមានអ្នកបំផា្លញ ទើបដាក់អំពូលទៅជោគជ័យ»។
 
មេឃុំរូបនេះ បន្តថា អសន្តិសុខកើតឡើងដោយសារមនុស្ស ដូច្នេះដើម្បីកុំឱ្យមានបន្តទៀត លោក ធន បានថ្លែងថា ត្រូវតាមចាប់អ្នកដែលបំផ្លាញអំពូលភ្លើងឱ្យអស់ នៅក្នុងឃុំជាមុនសិន បន្ទាប់មកនឹងដាក់អំពូលបន្ថែម ហើយត្រូវរកប្រជាពលរដ្ឋដែលនៅចំណុចដាក់អំពូលភ្លើងនោះ ជួយថែរក្សា និងទទួលខុសត្រូវ។
 
ការទប់ស្កាត់ជនខិលខូច បង្ក្រាបគ្រឿងញៀន និងសកម្មភាព ដែលសង្គមមិនទទួលស្គាល់ គឺជាកាព្វកិច្ចរបស់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរក្នុងមូលដ្ឋាន។ លោក ម៉ម ធន លើកឡើងបែបនេះ រួចបន្តថាសម្រាប់ការដាក់ភ្លើងបំភ្លឺផ្លូវ មិនមែនចេះដាក់នោះទេ គឺត្រូវប្រជុំជាមួយតំណាងប្រជាពលរដ្ឋ ក្នុងឃុំអូរសណ្ដាន់ទាំងអស់ ដើម្បីពិភាគក្សាគ្នា និង​រកទីតាំង និងភូមិដែលមានអាទិភាពជាងគេ ដើម្បីអនុវត្តតាមផែនការរបស់រដ្ឋបាលឃុំ។
 
មេឃុំរូបនេះបានបញ្ជាក់ថា នៅឆ្នាំ២០២២នេះ ក្នុងឃុំអូរសណ្ដាន់ បានដាក់ភ្លើងបំភ្លឺផ្លូវជាង ៣០អំពូល ខណៈមានជនខិលខូចមួយចំនួនតូច និងរងគ្រោះដោយខ្យល់ព្យុះ បានបំផ្លាញអស់ ៧អំពូល។  លោក ធន បានអះអាងថា ចំពោះអ្នកដែលបានបំផ្លាញអំពូលភ្លឺនោះ លោកមេឃុំ និងកម្លាំងសមត្ថកិច្ច ស្វែងរកឱ្យឃើញដើម្បី ចាត់វិធានការតាមផ្លូវច្បាប់​ ខណៈដែលការខូចខាតដោយគ្រោះធម្មជាតិ អាជ្ញាធរនឹងជួសជុលឡើងវិញ៕


អំពូលភ្លើងបំភ្លឺផ្លូវ
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
 (អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 ដាក់អំពូលភ្លើង
  ឃុំអូរសណ្ដាន់
© រក្សាសិទ្ធិដោយ thmeythmey.com