ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ បណ្ណក្រីក្រ លើកកម្ពស់សុខុមាលភាពពលរដ្ឋឃុំអន្សាចំបក់ កាន់តែប្រសើរ
01, Jan 2023 , 8:29 pm        
រូបភាព
ដោយ៖ ឈីន សុខគុន (យុវជនឃុំអន្សាចំបក់)
 
ស្រុកក្រគរ, ពោធិ៍សាត់៖ បណ្ណក្រីក្រ ត្រូវបានពលរដ្ឋឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងការទាញយកសេវាព្យាបាល និងថែទាំសុខភាព របស់ពួកគេ។ ទន្ទឹមនោះ មណ្ឌលសុខភាពអន្សាចំបក់ បានដើរតួរនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខុមាលភាពពលរដ្ឋ ដែលមានបណ្ណក្រីក្រ ឱ្យកាន់តែប្រសើរមួយកម្រិតទៀត តាមរយៈការយកចិត្តទុកដាក់ និងមិនបង់ថ្លៃព្យាបាល។ 

 
ពលរដ្ឋ បានលើកសសើរពីសេវាកម្មល្អនៃមណ្ឌលសុខភាពអន្សាចំបក់ថា គ្រូពេទ្យភាពរុះរាយរាក់ទាក់ និងមិនរើសអើងចំពោះអ្នកជំងឺដែលមានបណ្ណក្រីក្រ។ ទាំងនេះ ជាហេតុផលធ្វើឱ្យពលរដ្ឋ ងាកទៅទទួលសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋមួយនេះកាន់តែច្រើន។
 
អ្នកស្រី រស់ ស៊ីនួន ពលរដ្ឋមានបណ្ណក្រីក្រម្នាក់ នៅភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ បានលើកឡើងថា បណ្ណក្រីក្រ បានជួយសម្រាលដល់ចំណាយទិញថ្នាំ និងព្យាបាលជំងឺគ្រួសារអ្នកស្រី អស់រយៈពេល ១២ឆ្នាំមកហើយ។ អ្នកស្រី មិនដែលជួបផលលំបាក ក្នុងការទទួលសេវាសុខភាពនៅមណ្ឌលសុខភាពអន្សាចំបក់នោះទេ ព្រោះក្រុមគ្រូពេទ្យបានផ្ដល់ភាពកក់ក្ដៅ និងយកចិត្តទុកដាក់ ដូចទៅនឹងអ្នកជំងឺបង់ប្រាក់ដែរ។ បណ្ណក្រីក្រនេះ ត្រូវបានអ្នកស្រី រស់ ស៊ីនួន ប្រើប្រាស់លើសេវា សម្រាលកូន និងពិនិត្យជំងឺ ឬបើកថ្នាំលេបជាដើម។ 

អ្នកស្រី រស់ ស៊ីនួន ពលរដ្ឋមានប័ណ្ណក្រីក្រ នៅភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ខេត្តពោធិ៍សាត់
 
អ្នកស្រី ប្រាប់ដូច្នេះថា៖« នៅខ្ញុំទៅពេទ្យសម្រាលកូន ឬឈឺម្ដងម្កាលអី គេមិនដែលយកលុយពីយើងទេ គឺមានតែគេ (មណ្ឌលសុខភាព) បង់ផ្ដល់លុយឱ្យយើងវិញខ្លះ ព្រោះអី ខ្ញុំមានបណ្ណក្រីក្រ។ ធ្លាប់ឮគេនិយាយដែរថា អ្នកមានបណ្ណក្រីក្រ គ្រូពេទ្យអត់ចិត្តទុកដាក់ ប៉ុន្តែ នៅមណ្ឌលសុខភាពខ្ញុំ គឺធម្មតា អត់អីផង»។ 
 
ទោះបី ការបម្រើសេវាសុខភាពដល់ពលរដ្ឋល្អប្រសើ ប៉ុន្តែពលរដ្ឋរូបនេះ អះអាងថា មណ្ឌលសុខភាពអន្សាចំបក់ នៅខ្វះខាតគ្រូពេទ្យជំនាញ និងឧបករណ៍ សម្ភារៈច្រើន។ អ្នកស្រី រស់ ស៊ីនួន ស្នើដល់ ប្រធានមណ្ឌលសុខភាព ស្វះស្វែង រកគ្រូពេទ្យជំនាញបន្ថែមទៀត ជាពិសេសផ្នែកឆ្មប ដើម្បីបង្កើនទំនុកចិត្តដល់ពលរដ្ឋមួយកម្រិតទៀត។   
 
អ្នកស្រី ផន សុភាព ពលរដ្ឋមានបណ្ណក្រីក្រម្នាក់ទៀត រស់នៅភូមិអារ៉ងព្រួច បានលើកឡើងស្រដៀងគ្នាដែរថា ការសម្រាលកូន ឬបើកថ្នាំពីមណ្ឌលសុខភាពអន្សាចំបក់ មានភាពល្អប្រសើរ ដោយសារគ្រូពេទ្យឱ្យតម្លៃលើបណ្ណក្រីក្រ។ មិនតែប៉ុណ្ណោះ ប្រធានមណ្ឌលសុខភាព តែងតែណែនាំ និងលើកទឹកចិត្តឱ្យអ្នកស្រី ប្រើប្រាស់បណ្ណក្រីក្រ ដើម្បីសម្រាលបន្ទុកចំណាយក្នុងគ្រួសារ។ 


អ្នកស្រី ផន សុភាព ពលរដ្ឋមានប័ណ្ណក្រីក្រនៅភូមិ អារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់

អ្នកស្រី ផន សុភាព ទទួលបានបណ្ណក្រីក្រប្រភេទ២ រយៈពេល២ឆ្នាំហើយ។ ពលរដ្ឋរូបនេះ ប្រាប់ដូច្នេះថា៖ «ពេលទៅបើថ្នាំលេបម្ដងៗ គ្រូពេទ្យរួសរាយរាក់ទាក់ និងយកចិត្តលើយើង។ ពួកគាត់ តែងតែ និយាយប្រាប់យើងថា ប្រសិនបើ មានបណ្ណក្រីក្រហើយហើយ គឺត្រូវយកទៅជាមួយ។ គ្រូពេទ្យនៅទីនោះ គេអត់ដែលទុកយើងចោលនោះទេ»។ 
 
ជាមួយគ្នានេះ លោកស្រី រស់ ស្រីឌី អនុប្រធានមណ្ឌលសុខភាពអន្សាចំបក់ បានបង្ហាញការតាំងចិត្តខ្ពស់ ក្នុងការព្យាបាលជំងឺដល់ពលរដ្ឋឱ្យអស់លទ្ធភាព ទោះបីមណ្ឌលសុខភាពរបស់ខ្លួននៅខ្វះខាតគ្រូពេទ្យជំនាញ និងថ្នាំក៏ដោយ។ មន្រ្តីពេទ្យរូបនេះ អំពាវនាវដល់ពលរដ្ឋ ឱ្យងាកមកពិនិត្យសុខភាពនៅមណ្ឌលសុខភាពអន្សាចំបក់ ឱ្យបានច្រើន ជាពិសេសអ្នកមានបណ្ណក្រីក្រ៕


លោកស្រី រស់ ស្រីឌី អនុប្រធានមណ្ឌលសុខភាពអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 សុខាភិបាល
  បណ្ឌក្រីក្រ
  អន្សាចំបក់
© រក្សាសិទ្ធិដោយ thmeythmey.com