ជាតិ
សេដ្ឋកិច្ច
«ម្រេចខ្មែរ» នឹងត្រូវដាក់លក់នៅលើ Alibaba នាឆ្នាំ២០២៣
02, Jan 2023 , 8:30 am        
រូបភាព
ម្រេចស្រស់ដែលកសិករទើបបេះពីចម្ការ។ Sela Pepper​
ម្រេចស្រស់ដែលកសិករទើបបេះពីចម្ការ។ Sela Pepper​
ដើម្បីជំរុញការនាំចេញ​«ម្រេច»កម្ពុជា ឱ្យពិភពលោកស្គាល់តែច្បាស់ពីរសជាតិ និងគុណភាពនោះ ក្រុមហ៊ុន Sela Pepper​ នឹងដាក់លក់ផលិតផលនេះនៅលើវេបសាយ Alibaba។  ការដាក់លក់នេះ នឹងធ្វើឡើងបន្ទាប់ពីកម្ពុជា-ចិន ឯកភាពគ្នាលើលក្ខខណ្ឌបច្ចេក​ទេសភូតគាមអនាម័យ នៅដើមឆ្នាំ២០២៣។



Sela Pepper (សិលា ផិបភើរ) ជាក្រុមហ៊ុនក្នុងស្រុកមួយដែល​ផលិត និងកែច្នៃម្រេច សម្រាប់ផ្គត់ផ្គង់ទីផ្សារជាតិ-អន្តរជាតិ។ ក្រុមហ៊ុននេះនឹងពង្រីកទីផ្សាររបស់ខ្លួនទៅកាន់ប្រទេសចិន តាមរយៈការដាក់លក់ម្រេចនៅលើវេបសាយAlibaba។ បើតាម កញ្ញា​ ស៊ឹង សុផា នាយិកា​ក្រុមហ៊ុន Sela Pepper ផែនការដាក់លក់ម្រេចនៅលើAlibabaនេះ គឺ ក្រោយពីរដ្ឋបាលគយនៃប្រទេសចិន បានអនុញ្ញាតឱ្យកម្ពុជានាំម្រេចចូលប្រទេសខ្លួន  ដែលស្របតាមលក្ខខណ្ឌបច្ចេកទេសភូតគាមអនាម័យ។​

«តាមពិតទៅ! ពួកខ្ញុំបានចុះឈ្មោះក្នុងAlibabaយូរដែលហើយដែរ! គ្រាន់ថាពេលនោះ ពួកខ្ញុំអត់ទាន់មានលទ្ធភាពក្នុងការនាំចេញ ឬលក់នៅទីផ្សារចិនបាន ព្រោះនៅចាំកម្ពុជាចុះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងការអនុញ្ញាតពីគយចិន»​។ នេះជាការលើកឡើងរបស់កញ្ញា សុផា​ ដោយបន្តនិយាយប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) នាថ្ងៃទី២៦ធ្នូថា ៖« ពេលកម្ពុជាយើងមានទាំងអស់នោះហើយ! យើងក៏មានផែនការធ្វើយ៉ាងម៉េចដាក់លក់ម្រេចយើង នៅលើAlibaba នៅឆ្នាំ២០២៣​»។

អត្ថបទទាក់ទង

ការចូលទីផ្សារប្រទេសចិនក្នុងឆ្នាំទីមួយតាមរយៈAlibabaនេះ កញ្ញា សុផា មិនរំពឹងថា មានការបញ្ជាទិញច្រើនកុងតឺន័រនោះទេ ប៉ុន្តែ អ្វីដែលកញ្ញារំពឹងខ្ពស់នោះ គឺម៉ាកឈ្មោះផលិតផលម្រេចកម្ពុជា មានវត្តមាននៅលើវេបសាយអនឡាញដ៏ធំមួយក្នុងពិភពលោកនេះ​។ « អ្វីដែលយើងរំពឹងខ្លាំងមែនទែននោះ គឺនៅឆ្នាំ២០២៤។ មានន័យថា ការងារដែលយើងវិនិយោគនៅឆ្នាំ២០២៣ វានឹងឱ្យផលយើងនៅឆ្នាំ២០២៤ ដោយសង្ឃឹមថា ផលិតផលម្រេច Sela Pepper នឹងត្រូវបាននាំចេញទៅប្រទេសចិន គឺពេញកុងតឺន័រជារៀងរាល់ខែ»។ កញ្ញា សុផា បានបង្ហាញសុទិដ្ឋនិយមខ្ពស់បែបនេះ ដោយសារមើលឃើញពីការកើនឡើងនៃតម្រូវការទីផ្សារអន្តរជាតិ ជាពិសេសផលិតផលម្រេចខ្មែរ ត្រូវបានបរទេសស្គាល់កាន់តែទូលំទូលាយជាច្រើនជាមុនពីគុណភាព និងរសជាតិ។


កញ្ញា ស៊ឹង សុផា នាយិកាក្រុមហ៊ុន Sela Pepper នាំផលិតផលខ្លួន តាំងពិព័រណ៍នៅរាជធានីភ្នំពេញ​នាកន្លងមក។ រូបថត៖ Sela Pepper

បើតាម កញ្ញា សុផា នៅឆ្នាំ២០២៣ ក្រុមហ៊ុនSela Pepper មិនត្រឹមវាយលុយតែទីផ្សារចិនប៉ុណ្ណោះទេ​ តែក៏វាយលុកចូលទីផ្សារប្រទេសកូរ៉េបន្ថែមផងដែរ។ នាអំឡុងខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុនក្នុងស្រុកមួយនេះ នឹងយកផលិតផលម្រេចខ្មែរដាក់តាំងពិព័រណ៍ នៅទីក្រុងសេអ៊ូល ដើម្បីបង្កើនការផ្សព្វផ្សាយ​ម្រេចខ្មែរនៅកាន់ទីផ្សារដ៏មានសក្កនុពលមួយនេះ​។​

ឆ្នាំ២០២២ ក្រុមហ៊ុន Sela Pepper​ បាននាំចេញម្រេចទៅកាន់ទីផ្សារអន្តរជាតិប្រមាណ១០០តោន។ ប្រទេសដែលជាទីផ្សារធំរបស់ក្រុមហ៊ុននេះ មានប្រទេសប៉ូឡូញ ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ជាដើម៕


ម្រេចស្រស់ដែលកសិករទើបបេះពីចម្ការ។ រូបថត៖ Sela Pepper

Tag:
 កសិកម្ម
  ម្រេច
© រក្សាសិទ្ធិដោយ thmeythmey.com