កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
U-19 កម្ពុជាធ្លាប់ឈ្នះ U-19 ថៃ រួចហើយ, តើគោព្រៃឈុតធំ អាចបញ្ចប់កំណត់ត្រាចាញ់ថៃបាន ឬទេ?
02, Jan 2023 , 2:39 pm        
រូបភាព
ក្រុមជម្រើសជាតិកម្ពុជា អបអរចំពោះគ្រាប់បាល់ទីមួយ លើក្រុមភ្ញៀវ ហ្វីលីពីន
ក្រុមជម្រើសជាតិកម្ពុជា អបអរចំពោះគ្រាប់បាល់ទីមួយ លើក្រុមភ្ញៀវ ហ្វីលីពីន
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃ ត្រូវស្វាគមន៍ កម្ពុជា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៧:៣០យប់ នៅកីឡដ្ឋាន Thammasat ក្នុងពូល A នៃការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022។ កម្ពុជា ត្រូវការឈ្នះថៃ ដាច់ខាតដើម្បីឆ្លងផុតវគ្គចែកពូល។ ក្រុមកម្ពុជាអាយុក្រោម១៩ឆ្នាំ U-19 ធ្លាប់ឈ្នះ U-19 ថៃ កាលពីឆ្នាំ២០១៩ ក្នុងព្រឹត្តិការណ៍ AFC  U-19 Championship រួចមកហើយ ដូច្នេះតើជម្រើសជាតិឈុតធំកម្ពុជា អាចបង្កើតកំណត់ត្រាឈ្នះថៃ បានឬទេ?


កម្ពុជា ធ្លាប់ជួបក្រុមជម្រើសជាតិថៃ ៦លើក បើគិតចាប់ពីឆ្នាំ១៩៥៧ ដល់ឆ្នាំ២០០១ ប៉ុន្តែមិនធ្លាប់ឈ្នះថៃទេ ដោយបានត្រឹមស្មើ១លើក ក្នុងលទ្ធផល ១-១ ក្នុងការប្រកួត South East Asian Peninsula Games ឆ្នាំ១៩៧១។
 
គោព្រៃ ត្រូវជួបថៃក្នុងការប្រកួតចុងក្រោយវគ្គសន្សំពិន្ទុពូល A នៃពានរង្វាន់កីឡាបាល់ទាត់តំបន់អាស៊ានឆ្នាំ២០២២។ ប្រសិនកម្ពុជា ឈ្នះថៃ គឺជាកំណត់ត្រាថ្មីសម្រាប់កម្ពុជា ដែលឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រោះចាប់តាំងពីការចូលរួម ៩លើក ដែលគិតចាប់ពីឆ្នាំ១៩៩៦  មក កម្ពុជា មិនដែលឆ្លងផុតវគ្គចែកពូលឡើយ។ 
 
ដោយឡែក ម្ចាស់ផ្ទះ ថៃ ចូលរួមព្រឹត្តិការណ៍នេះ ១៤លើក ហើយធ្លាប់ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ចំនួន១១លើក ដោយក្នុងនោះ ក៏ធ្លាប់ឈ្នះជើងឯក ៦សម័យ ដែលជាចំនួនច្រើនជាងក្រុមជម្រើសជាតិផ្សេងៗទៀត ក្នុងតំបន់អាស៊ាន។ ការប្រកួតនេះ បើទោះជាជម្រើសជាតិថៃ ស្មើកម្ពុជា ក៏មានឱកាសទៅវគ្គបន្ទាប់ដែរ ប៉ុន្ដែកម្ពុជា ត្រូវការឈ្នះដាច់ខាត ដោយសារ មានតែ៦ពិន្ទុ តាមពីក្រោយថៃ និងឥណ្ឌូណេស៊ី ដែលមាន ៧ពិន្ទុ។
 
ជាមួយនិងការត្រៀមខ្លួនរបស់ក្រុមជម្រើសជាតិកម្ពុជា លោក Ryu Hirose គ្រូបង្វឹកក្រុមជម្រើសជាតិ យល់ថាការប្រកួតលើឆាកអន្ដរជាតិ ក្រុមម្ចាស់ផ្ទះធ្វើបានល្អជាង កម្ពុជា។ គ្រូបង្វឹករូបនេះ បាននិយាយដូច្នេះ ដោយយោងតាម ចំណាត់ថ្នាក់ក្នុង FIFA។ លោក Ryu Hirose បន្ថែមទៀតថា បើទោះជាថៃមានកម្រិតខ្ពស់ជា ប៉ុន្ដែសូមកុំគិតថា កម្ពុជា ជាក្រុមងាយស្រួលយកឈ្នះឲ្យសោះ។
 
«បើយើង មើលទៅលើចំណាត់ថ្នាក់ FIFA ហើយនិងបទពិសោធន៍ កន្លងមក ក្រុមជម្រើសជាតិថៃ ធ្វើបានល្អជាងយើង។ វា នឹងជាការប្រកួតមួយ ដ៏សំខាន់យ៉ាងខ្លាំង សម្រាប់ក្រុមទាំងពីរ។ ខ្ញុំ មិនចង់ឲ្យគ្រប់គ្នាគិតថា វាជាការប្រកួតដ៏ងាយស្រួល សម្រាប់ក្រុមថៃ។ យើង នឹងព្យាយាមធ្វើអ្វីមួយ ឲ្យកើតឡើង។»។ យោងលើការផ្សាយរបស់សហព័ន្ធបាល់ទាត់ជាតិកម្ពុជា លោក Ryu Hirose បាននិយាយដូច្នេះ។
 
ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត នាថ្ងៃទី១ ខែមករា នៅកីឡដ្ឋាន Thammasat លោក Mano Polking គ្រូជម្រើសជាតិថៃ បាននិយាយដោយជឿជាក់ថា កីឡាកររបស់លោក នឹងអាចទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រោះពួកគេទទួលបានការគាំទ្រពីប្រជាជនខ្លួន ក្នុងនាមជាម្ចាស់ផ្ទះ។ លោក Mano Polking បាននិយាយដូច្នេះថា៖« នេះ គឺជាការប្រកួតចុងក្រោយនៅក្នុងវគ្គចែកពូល ហើយម្យ៉ាងវិញទៀត យើង នឹងលេងនៅចំពោះមុខអ្នកគាំទ្រថៃទាំងអស់។ ដូច្នេះ សម្រាប់យើង គោលដៅ គឺការទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយទទួលយកជ័យជំនះ។ យើង កំពុងស្ថិតនៅចំណុច ដ៏ល្អមួយ។ យើង ប្រកួតនៅក្នុងទឹកដី ហើយកីឡាកររបស់យើង បានត្រៀមខ្លួនរួចជាស្រេច និងមានជំនឿចិត្ត ក្នុងការប្រមូលយកជ័យជំនះ។»។
 
ក្នុងពេលទន្ទឹមគ្នានោះដែរ ឥណ្ឌូណេស៊ី ត្រូវប្រកួតជាមួយ ហ្វីលីពីន នៅកីឡដ្ឋាន Rizal Memorial។ ឥណ្ឌូណេស៊ី ត្រូវការស្មើ ឬជ័យជំនះ ដើម្បីទៅវគ្គបន្ទាប់។ ករណីប្រសិនជា ឥណ្ឌូណេស៊ី ចាញ់ ហ្វីលីពីន និងមិនអាចទៅវគ្គបន្ទាប់បាន លុះត្រាតែកម្ពុជា ឈ្នះ ថៃ។ ហើយប្រសិនជាកម្ពុជា ស្មើជាមួយថៃ ក៏ឥណ្ឌូណេស៊ី នៅតែមានកៅអីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ ព្រោះមានគ្រាប់បាល់ច្រើនជាងកម្ពុជា លើកលែងតែ ហ្វីលីពីន បានទម្លាយសំណាញ់ទី ឥណ្ឌូណេស៊ី លើសពី ៥គ្រាប់។
 
គួរបញ្ជាក់ថា ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងចាប់ផ្ដើមនៅថ្ងៃទី៦ ខែមករា ដោយលេខ១ នៅពូល A ជួបជាមួយលេខ ២នៅពូល B រីឯ លេខ២ពូល A ជួបលេខ១ ពូល B៕
 

Tag:
 បាល់ទាត់
  AFF Mitsubishi Electric Cup
© រក្សាសិទ្ធិដោយ thmeythmey.com