ជាតិ
សេដ្ឋកិច្ច
ចាប់ពីខែ​មីនា តទៅ គ្មាន​ទៀតឡើយ​គម្រោង​ប្តូរប្រាក់ក្នុង​ប្រព័ន្ធ​ទូរសព្ទ!
02, Jan 2023 , 3:39 pm        
រូបភាព
នារីម្នាក់កំពុងចុចទូរសព្ទដៃ​ នាថ្ងៃទី២មករា ឆ្នាំ២០២៣
នារីម្នាក់កំពុងចុចទូរសព្ទដៃ​ នាថ្ងៃទី២មករា ឆ្នាំ២០២៣
ក្រុមហ៊ុនសេវាទូរសព្ទដៃ Smart, Cellcard និង Metfone ជាដើម បានប្រកាសបញ្ឈប់ការប្រើប្រាស់សេវាប្តូរប្រាក់​ក្នុងប្រព័ន្ធទូរសព្ទដៃរៀងៗខ្លួន នៅថ្ងៃទី២៨កុម្ភៈ ឆ្នាំ២០២៣។ ការបញ្ឈប់គម្រោងនេះ គឺអនុវត្តតាមសមាគម​ប្រតិបត្តិការទូរគមនាគមន៍​នៅព្រះរាជាណាចក្រ​កម្ពុជា និង​ជាគោល​ដៅរបស់​និយ័តករទូរគមនាគមន៍កម្ពុជា ក្នុងការផ្តល់ជូនអតិថិជនទាំងអស់នូវតម្លាភាពកាន់តែប្រសើរ ដោយមានការបែងចែកច្បាស់លាស់ចំពោះទំហំទិន្នន័យអ៊ីនធឺណិត ចំនួននាទីសម្រាប់ការហៅចេញ និងចំនួនសារជាអក្សរក្នុងប្រព័ន្ធ។

 
សេចក្តីជូនដំណឹងរបស់សមាគមប្រតិបត្តិករទូរគមនាគមន៍នៅព្រះរាជាណាចក្រ​កម្ពុជា(ស.ប.ទ.ក) បានបញ្ជាក់ថា ការបែកចែកជាកញ្ចប់ច្បាស់លាស់បែបនេះ នឹងអនុញ្ញាតឱ្យអតិថិជនបានយល់ច្បាស់អំពីទំហំអ៊ីនធឺណិត ចំនួននាទីសម្រាប់ការហៅចេញ និងចំនួនសារជាអក្សរ ដែលអតិថិជនទទួលបាន និងប្រើប្រាស់ជាក់ស្តែង​។
 
ជាមួយគ្នានេះ សមាគមប្រតិបត្តិករទូរគមនាគមន៍នៅកម្ពុជា​ ក៏បានស្នើឱ្យអតិថិជនទាំងអស់ទៅកាន់សាខាបម្រើអតិថិជនរបស់ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តរបស់លោកអ្នក ដើម្បីផ្លាស់ប្តូរទៅកាន់កញ្ចប់គម្រោងថ្មីដែលលោកអ្នកពេញចិត្ត។
 
សេចក្តីជូនដំណឹងរបស់សមាគមដែលចុះកាលពីថ្ងៃទី២២ធ្នូ ឆ្នាំ២០២២ បានសរសេររៀបរាប់ដូច្នេះ៖ «ចំពោះអតិថិជនដែលមិនបានផ្លាស់ប្តូរកញ្ចប់គម្រោងថ្មីមុនថ្ងៃទី២៨កុម្ភៈ ឆ្នាំ២០២៣ទេ នោះក្រុមហ៊ុនផ្តល់សេវាទូរសព្ទរបស់លោកអ្នក នឹងផ្លាស់ប្តូរកញ្ចប់គម្រោងថ្មីជូនលោកអ្នក ដោយស្វ័យប្រវត្តិ»។
 
ជុំវិញនៃការបញ្ឈប់នូវការប្រើប្រាស់សេវាប្តូរប្រាក់ទូរសព្ទដៃនេះ ទាំងក្រុមហ៊ុន Smart, Cellcard, Metfone និងក្រុមហ៊ុនសេវាទូរសព្ទដៃផ្សេងៗទៀត ក៏បានប្រកាសបិទនូវការប្រើប្រាស់សេវា ឬគម្រោងប្តូរ ប្រាក់​ក្នុងប្រព័ន្ធទូរសព្ទដៃរៀងៗខ្លួន ចាប់ពីថ្ងៃទី១មីនា ឆ្នាំ២០២៣តទៅ ផងដែរ។ ក្រុមហ៊ុនទូរសព្ទទាំងនោះ ក៏បានស្នើឱ្យអតិថិជនទាំងអស់ប្រីប្រាស់គម្រោងថ្មីរបស់ក្រុមហ៊ុននីមួយៗដែលខ្លួនពេញចិត្ត៕ 
 

Tag:
 គម្រោងប្តូរប្រាក់
  ទូរសព្ទដៃ
© រក្សាសិទ្ធិដោយ thmeythmey.com