កីឡាជាតិ
ជាតិ
ធឿន ធារ៉ា ឡើងឈរលំដាប់ទី១ក្នុងតារាងស្ថាប័នប្រដាល់ថៃ ក្រោយឈ្នះជើងខ្លាំងថៃសៃយុគ និងបេកខេម
02, Jan 2023 , 4:39 pm        
រូបភាព
ដោយ:
«ក្រោយឃើញគេដាក់ឈ្មោះខ្ញុំ(ធឿន ធារ៉ា) ទៅក្នុងលំដាប់ថ្នាក់កំពូលតារាងរបស់ស្ថាប័នកីឡាប្រដាល់សេរីថៃ World Muaythai Organization (WMO) ខ្ញុំរំភើបណាស ហើយខ្ញុំនឹងប្តេជ្ញារក្សាតំណែងនេះឱ្យបានយូរ»។ អ្នកលេងពូថៅដៃ ធឿន ធារ៉ា ប្រាប់សារព័ត៌មានថ្មីៗ ដូច្នេះបន្ទាប់ពី WMO បានដាក់ឈ្មោះកីឡាករកម្ពុជារូបនេះ ទៅក្នុងលំដាប់ថ្នាក់កំពូលតារាងកីឡាករ ក្នុងប្រភេទទម្ងន់ ៧២គីឡូក្រាម។

 
 ធឿន ធារ៉ា បានយកឈ្នះកីឡាករថៃ សៃយុគ ភុមផាន់មួង ក្នុងកម្មវិធី Thai Fight King of Muaythai និងបន្តឈ្នះ បេកខេម ប៊ិកវីន (Beckham Bigwin) ម្ចាស់ខ្សែក្រវាត់២សម័យកាល និងជាអតីតកីឡាករកំពូលតារាង WMO ៣រដូវកាល ក្នុងកម្មវិធីប្រដាល់គុនខ្មែរប្រចាំប្រទេស។ តាមរយៈជ័យជម្នះលើជើងខ្លាំងថៃទាំងពីរ ធារ៉ា កីឡាករគុនខ្មែរ ត្រូវបានស្ថាប័លប្រដាល់ថៃកម្រិតអន្តរជាតិ WMO ដាក់ឈ្មោះក្នុងបញ្ជីកំពូលតារាងរបស់ខ្លួន។
  

បញ្ជីឈ្មោះកីឡាករកម្ពុជា ធឿន ធារ៉ា ឈរកំពូលតារាង WMO ក្នុងប្រភេទទម្ងន់ ៧២គីឡូក្រាម។ រូបCapture
 
ក្រោយទទួលបានតំណែងកំពូលតារាងនៅ WMO អ្នកប្រដាល់រហ្សសនាមអ្នកលេងពូថៅដៃ ធឿន ធារ៉ា ប្តេជ្ញារក្សាដំណែងនេះឱ្យបានរយៈពេលយូរ តាមរយៈការបន្តប្រឹងប្រែងហ្វឹកហាត់ជាប្រចាំ ស្របពេលបច្ចុប្បន្នប្រជាប្រិយភាពរបស់ខ្លួនផ្តើមទទួលការចាប់អារម្មណ៍ច្រើន។
 
ធឿន ធារ៉ា និយាយថា៖«ខ្ញុំបច្ចុប្បន្ននៅហ្វឹកហាត់ធម្មតា មួយថ្ងៃគឺហាត់ពីរពេលព្រឹក និងល្ងាច។ ខ្ញុំប្តេជ្ញារក្សាដំណែងនេះឱ្យបានយូរ ទោះបីជួបគូប្រកួតខ្លាំងជាងក៏ខ្ញុំនឹងធ្វើឱ្យបានល្អក្នុងនាមជាកីឡាករគុនខ្មែរ»។ ធារ៉ា បន្តថា សម្រាប់ការប្រកួតបន្ទាប់ក្នុងស្រុកខ្លួនចង់សម្រាកខ្លះព្រោះមមារញឹកពេក។
 
ជាមួយគ្នានោះដែរលោក អេ ភូថង អតីតស្តេចប្រដាល់គុនខ្មែរកែងឆេះជង្គង់ហោះ និងជាគ្រូបង្វឹកកីឡាករ ធឿន ធារ៉ា ប្រាប់សារព័ត៌មានថ្មីៗថា ខ្លួននឹងមិនទាន់ឱ្យកីឡាករក្នុង«ក្លិបអេភូថង កីឡា»ចេញប្រកួតទៀតឡើយ ត្រូវសម្រាកសន្សំកម្លាំងសិន តែហ្វឹកហាត់ធម្មតា។
 
លោក អេ ភូថង និយាថា៖«សម្រាប់ឥឡូវនេះ ខ្ញុំមិនទាន់ឱ្យចេញទៅវាយនៅក្រៅស្រុកទេ ហើយក្នុងស្រុកក៏មិនទាន់ហ៊ានដាក់ដែរ ព្រោះសន្សំកម្លាំងទុកសិន ព្រោះ ធឿន ធារ៉ា ទើបចប់ការប្រកួតគីឡូធ្ងន់ថ្មីៗនេះ គាត់សម្រាកខ្លះហើយណាមួយគាត់​ ឈឺដៃជើង ចាំយូរបន្តិចនឹងមានចេញទៅប្រកួតជាថ្មី តែខ្ញុំឱ្យកូនសិស្សគាត់ហ្វឹកហាត់រាល់ថ្ងៃ»៕
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 ធឿន ធារ៉ា
 WMO
© រក្សាសិទ្ធិដោយ thmeythmey.com