ជាតិ
ចេតិយបុរាណ​មួយ ក្នុងវត្តបទុមវតី ត្រូវ​បានវាយបំបែក ដោយសារការយល់ «​ច្រឡំ»
02, Jan 2023 , 5:19 pm        
រូបភាព
រូបទីហ្វេសប៊ុក បុរាណាចារ្យ
រូបទីហ្វេសប៊ុក បុរាណាចារ្យ
ភ្នំពេញ​៖ សម្ដេច​ព្រះ​ពុទ្ធជ័យមុនី​ ឃឹម​ សន​ ព្រះ​ប្រធាន​លេខាធិការដ្ឋាន​គណៈ​សង្ឃនាយក​ បាន​មាន​បន្ទូល​ប្រាប់​​សារព័ត៌​មាន​ថ្មី​ៗ​ថា ចេតិយបុរាណ​ស្ថិត​ក្នុ​ង​វត្ត​បទុម​វតី ​ដែល​ត្រូវ​បាន​វាយ​នោះ​ ដោយ​សារ​តែ​ការ​ស្ដាប់​ច្រឡំ​ ពី​​​ភិក្ខុសង្ឃ​ដែល​ដឹក​នាំ​ជួល​ជុល​។



​សម្ដេច​ព្រះ​ពុទ្ធជ័យមុនី​ ឃឹម​ សន​ ព្រះ​ប្រធាន​លេខាធិការដ្ឋាន​គណៈ​សង្ឃនាយក បាន​មាន​បន្ទូល​ថា​ ដំបូង​ឡើយ​ព្រះ​សង្ឃ​ដែល​ជា​គណៈ​គ្រប់​គ្រង​វត្ត​ បាន​ប្រាប់​​ភិក្ខុ​សង្ឃ​មួយព្រះ​អង្គ​ ឱ្យ​ដឹក​នាំ​ជាង​ទៅ​ជួស​ជុល​ និង​រៀប​ចំ​ឥដ្ឋ​កន្សែង​ នៅ​ទីតាំង​ជាប់​ចេតិយ​បុរាណ​នោះឱ្យ​បាន​ស្អាត ប៉ុន្តែ​ភិក្ខុ​សង្ឃ​ដែល​ដឹក​នាំ​ការ​ជួស​ជុល​នោះ ស្ដាប់​មិន​ច្បាស់​ បែរ​ជា​ប្រាប់​ជាង​ឱ្យ​វាយ​ចេតិយ​បុរាណ​ទៅ​វិញ​។
 
«លោក(ព្រះសង្ឃ) ចាត់​ចែង​ឱ្យ​រៀប​ចំ​ឥដ្ឋ​កន្សែង​ខាង​ក្រោម​ ប៉ុន្តែ​គាត់(ភិក្ខុសង្ឃ)​បែ​រ​ជា​ច្រឡំ​ទៅ​រុះ​ចេតិយ​ចាស់​។ គាត់​ស្មាន​តែ​លោកឱ្យ​រុះ ប៉ុន្តែ​មិន​មាន​អ្នក​ណា​ឱ្យ​រុះ​​ផង​ហ្នឹង​ គ្មាន​អ្នក​ណា​ឱ្យ​ប៉ះ​ពាល់​ផង​ហ្នឹង​។ មាន​ភិក្ខុ​មួយ​អង្គ​នៅ​ទី​នោះ ដឹក​នាំ​ប្រាប់​ឱ្យ​វ៉ៃ ទើប​បាន​ជា​ជាង​ហ៊ាន​វ៉ៃ»។ នេះ​ជា​ការ​អះអាង​របស់​ព្រះ​អង្គ ឃឹម សន​ នៅ​ថ្ងៃ​ទី​២​ខែ​មករា ឆ្នាំ​២០២៣​នេះ ។
 
ទោះ​ជា​យ៉ាង​ណាព្រះ​អង្គ ឃឹម សន​ មានបន្ទូល​​ថា ការ​វាយ​ចេតិយ​នោះ​ទើប​តែ​បាន​បន្តិច​បន្តួច​ប៉ុណ្ណោះ​។ ព្រះ​អង្គ​បន្ថែម​ថា មន្ត្រីជំនាញ​​នៃ​ក្រសួង​វប្បធម៌​ បានចុះ​ទៅ​​ត្រួត​ពិនិត្យ​ដើម្បីជួស​ជុល ​និង​កែលម្អ​ឡើង​វិញ ដើម្បី​រក្សា​ភាព​ដើម​។ 
 
ព្រះ​អង្គ​បន្ថែម​៖«អាត្មា​បាន​មើល​២ទៅ​៣​ដង​ដែរ ឃើញ​កំពូល​រាង​ត្រេត​បន្តិច​។ វាយ​កំពូល​ ហើយ​នឹង​វាយ​ជើង​ក្រោម​បន្តិច​។ ប្រហែល​ជា​វាយ​ថ្ងៃ​ទី​៣០​ខែ​ធ្នូ​។ ថ្ងៃ​នោះ​អាត្មា​នៅ​រកាកោង​ បាន​ខាងមន្ត្រី​​វប្បធម៌ ហៅ​ទូរសព្ទ​ប្រាប់​ ទើប​អាត្មា​ប្រាប់​ឱ្យ​បញ្ឈប់​។ 
 
យ៉ាង​ណា​ក៏​ដោយ​ សារព័ត៌​មាន​ថ្មី​ៗ​ ពុំទាន់​​អាច​សុំ​ការ​បញ្ជាក់​បន្ថែម ​ពី​មន្ត្រីនៃ​​ក្រសួង​​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឡើយ​ នៅ​ថ្ងៃ​ទី​២​ខែ​មករាឆ្នាំ​២០២៣​នេះ ដោយ​ទូរសព្ទ​ចូល​ ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល​។
 
បើ​តាម​ហ្វេសប៊ុក Rumduol TV ដែល​បាន​សម្ភាស​មន្ត្រី​ជំនាញ​វប្បធម៌​ ចេតិយ​បុរាណ​ដែល​ត្រូវ​បាន​​វាយ​នោះ បាន​កសាង​ក្នុង​ឆ្នាំ​១៩០០៕
 

Tag:
 ចេតិយ
  បេតិកភណ្ឌ
  វត្ត
  សំណង់​បុរាណ
 
© រក្សាសិទ្ធិដោយ thmeythmey.com