កីឡាជាតិ
ជាតិ
AFF៖ កម្ពុជាអស់ឱកាសទៅវគ្គបន្ត ក្រោយចាញ់ថៃ ៣-១
02, Jan 2023 , 9:22 pm        
រូបភាព
រូបថតពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
រូបថតពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
កម្ពុជានៅតែមិនមានឱកាសទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Mitsubishi Electric Cup 2022 បន្ទាប់ពួកគេបានចាញ់ម្ចាស់ផ្ទះថៃ ៣-១ នៅកីឡដ្ឋាន Thammasat ប្រទេសថៃ យប់ថ្ងៃទី២ ខែមករា នេះ។

 
ក្នុងការប្រកួត បើទោះបីជាថៃ បើកការវាយលុកក៏ដោយ សៀង ចន្ធា និង លឹម ពិសុទ្ធ សុទ្ធតែមានឱកាសសម្រុកទៅកាន់ទីក្រុមម្ចាស់ផ្ទះផងដែរ ប៉ុន្តែធ្វើមិនបានសម្រេច។ ឈានដល់នាទីបន្ថែមនៃតង់ទីមួយទៅហើយ លោកអាជ្ញាកណ្តាលអារ៉ាប់រួម Omar Mohamed Al-Ali បានផ្តល់បាល់ពិន័យ១១ម៉ែត្រសម្រាប់ថៃ បន្ទាប់ពីមើលឃើញថា យ៉ើ មូស្លីម បង្កកំហុសលើ Sasalak Haiprakhon នៅតំបន់គ្រោះថ្នាក់។  
 
Teerasil Dangda បានទាត់បាល់ប៉េណាល់ទី ជួយឲ្យថៃនាំមុខ ១-០ នៅតង់ទីមួយ។ ក្រោយសម្រាកតង់ ក្រុមម្ចាស់ផ្ទះ រកបាន១គ្រាប់ទៀតនៅនាទី៥០ ដោយ Sumanya Purisai បានគេចផុតពីការរំខានរបស់ ទេស សម្បត្តិ ហើយស៊ុតបាល់ផុតពីដៃរបស់អ្នកចាំទី កែវ សុខសិលា។
 
នៅនាទី៦៨ ក្រោយការសហការយ៉ាងល្អពី សារ ទី នៅតំបន់គ្រោះថ្នាក់ សៀង ចន្ធា បានស៊ុតបាល់បញ្ចូលទីតាមពីក្រោយថៃ១គ្រាប់ ហើយក៏ជាកីឡាករដំបូងខ្មែរផងដែរ ដែលបានរកគ្រាប់បាល់បញ្ចូលទីលើថៃ ក្រោយក្រុមទាំងពីស្មើគ្នា ២-២ នាជំនួបពានមិត្តភាព Vietnam Independence Cup កាលពីឆ្នាំ១៩៧៤។
 
ឈានដល់នាទី៩០ Teerasil រកបានមួយគ្រាប់បន្ថែមទៀត ដែលនាំឲ្យថៃឈ្នះ ៣-១។
 
ជម្រើសកម្ពុជា៖ កែវ សុខសិលា, ជួន ចាន់ចាវ, សឿយ វិសាល, ទេស សម្បត្តិ (កុក បូរីស ៧៨), សឿត បារាំង (ឆេង ម៉េង ៦៩), សុះ ស៊ូហាណា, យ៉ើ មូស្លីម, អ៊ន ចាន់ប៉ូលីន (ប៊ិន ធារី ៧៨), រ៉ឹង ប៊ុនហៀង (សារ ទី ៤៦), សៀង ចន្ធា, លឹម ពិសុទ្ធ (Nick Taylor ៦៩)៕
 

© រក្សាសិទ្ធិដោយ thmeythmey.com