កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ទៅដល់អារ៉ាប៊ីសាអូឌីតជាមួយការការពារដ៏តឹងរឹង ត្រៀមបង្ហាញខ្លួនទៅកាន់អ្នកគាំទ្រ Al Nassr
03, Jan 2023 , 10:35 am        
រូបភាព
Cristiano Ronaldo បានធ្វើដំណើរទៅដល់ទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីតហើយនៅថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៣ មុនពេលតារាបាល់ទាត់ឆ្នើមសញ្ជាតិព័រទុយហ្កាល់ ត្រូវបង្ហាញវត្តមានចំពោះមុខអ្នកគាំទ្ររាប់ម៉ឺននាក់របស់ក្រុម Al Nassr។ ក្លិប Al Nassr បានព្រមព្រៀងផ្ទេរយក Ronaldo ទៅជួយក្រុមក្នុងតម្លៃជាង២០០លានដុល្លារអាម៉េរិក។



បើតាមការផ្សាយរបស់ទូរទស្សន៍ Al Ekhbariya របស់អារ៉ាប៊ីសាអូឌីត ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ កំពុងស្ថិតនៅសណ្ឋាគាមួយកន្លែងក្នុងក្រុងរីយ៉ាដ មុនម្ចាស់ពានរង្វាន់ ​Ballon d’Or ៥សម័យ ទៅដល់អារ៉ាប៊ីសាអូឌីតនៅព្រឹកថ្ងៃទី៣ ខែមករានេះ។



អំឡុងពេលដែល Ronaldo បានធ្វើដំណើរឈានជើងមកដល់អាកាសយានដ្ឋានទីក្រុង រីយ៉ាដ ក្រុមកងការពារជាច្រើនរួមទាំងមន្ត្រីប៉ូលិសបានយាមការនៅជុំវិញទីតាំងទាំងនោះដើម្បីការពារសុវត្ថិភាពសម្រាប់កីឡាករចំណូកថ្មីរបសើក្លិប ​Al Nassr។ បើតាមមន្ត្រីប៉ូលិសមួយរូបប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP រូបលោកបានដឹកនាំក្រុមនឹងជំនួយការជាច្រើនអ្នក និងសន្តិសុខរបស់ក្រុមហ៊ុនឯកជនដើម្បីការពារសុវត្ថភាព Ronaldo។
 
Ronaldo បានចាកចេញពី Manchester United ក្រោយមានរឿងរ៉ាវរកាំរកូសជាច្រើនកើតឡើងក្នុងរដូវកាលថ្មីមុនការប្រកួត World Cup 2022 មកដល់។ Ronaldo មិនសូវទទួលបានពេលវេលាលេងនៅក្លិបបិសាចក្រហម រហូតតារាបាល់ទាត់រូបនេះនិយាយរិះគន់ក្លិប និងអ្នកចាត់ការក្រុមលោក Erik ten Hag នៅក្នុងកម្មវិធីរបស់លោក Piers Morgan។ ក្រោយការជជែកជាមួយលោក Morgan ក្លិបបិសាចក្រហមសម្រេចបញ្ចប់កិច្ចសន្យាដែលនៅសល់ជាមួយ Ronaldo តែម្តង។
 
ម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះនឹងបង្ហាញខ្លួនឱ្យក្លិប Al Nassr ចំពោះមុខអ្នកគាំទ្រប្រមាណ ២៥,០០០នាក់ ក្នុងកីឡដ្ឋាន Mrsool Park ក្នុងទីក្រុងរីយ៉ាដ វេលាម៉ោង ៧យប់ (ប្រហែលម៉ោង ១១យប់នៅកម្ពុជា)។ នេះបើតាមការប្រកាសរបស់ក្លិប Al Nassr។ 
 
ក្លិប​ Al Nassr មានកិច្ចសន្យាជាមួយ Ronaldo រហូតដល់ឆ្នាំ ២០២៥។ តាមរយៈកិច្ចសន្យានេះ អតីតសមាជិកក្រុម Real Madrid និង Juvenuts ទទួលបានថ្លៃពលកម្មប្រមាណ ២១៣លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។
 
មុនពេលធ្វើដំណើរទៅកាន់ទីក្រុងរីយ៉ាដ អំឡុងពេល Ronaldo បានចុះកិច្ចព្រមព្រៀងជាមួយក្លិប Al Nassr រូបគេបាននិយាយថាការផ្លាស់ទៅកាន់ទឹកដីអារ៉ាប៊ីសាអូឌីតមិនមែនដោយសារតែតម្លៃប្រាក់ឈ្នួលខ្ពស់នោះឡើយ ប៉ុន្តែរូបគេចង់សាងកំណត់ត្រាថ្មីនឹងចង់បានបទពិសោធន៍ប្រកួតប្រជែងនៅតំបន់អាស៊ីម្តង។ 
 
ក្លិប Al Nassr គឺជាជើងឯក ៩សម័យកាល ក្នុងក្របខណ្ឌលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro Premier League។ វត្តមានរបស់ Ronaldo ត្រូវបាន Al Nassr រំពឹងថា អាចជួយឲ្យក្លិបឈ្នះ ពានរង្វាន់ AFC Champions League ដែលជាពានកម្រិតទី១ នៅតំបន់អាស៊ី៕
 

Tag:
 Cristiano Ronaldo
  Al Nassr
© រក្សាសិទ្ធិដោយ thmeythmey.com