កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពជាមួយបារាំងអាយុក្រោម១៩ឆ្នាំ ខែក្រោយ
04, Jan 2023 , 10:59 am        
រូបភាព
ការប្រកួតកីឡារវាងក្រុមបាល់ទះខេត្តព្រៃវែង(ស) និងក្រសួងមហាផ្ទៃ(ទឹកប៊ិច) ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ នាពេលកន្លងទៅ។ រូបពី VFC
ការប្រកួតកីឡារវាងក្រុមបាល់ទះខេត្តព្រៃវែង(ស) និងក្រសួងមហាផ្ទៃ(ទឹកប៊ិច) ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ នាពេលកន្លងទៅ។ រូបពី VFC
ដោយ:
សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងរៀបចំការប្រកួតកីឡាបាល់ទះមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិបារាំង អាយុក្រោម១៩ឆ្នាំ នៅខែកុម្ភៈ ឆ្នាំ២០២៣ នៅកីឡដ្ឋានព្រីនស៍។ មុខជួបបារាំង ក្រុមកម្ពុជាត្រូវប៉ះ Cambodia All Star នៅថ្ងៃទី៧ ខែមករា នាជំនួបកម្ដៅសាច់ដុំ។

 
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ថាការរៀបចំប្រកួតមិត្តភាពក្នុងស្រុកគឺដើម្បីកម្តៅសាច់ដុំកីឡាករ មុននឹងការទទួលស្វាគមន៍យុវជនបារាំង អាយុក្រោម១៩ឆ្នាំ នៅខែកុម្ភៈ។ លោកពិសិដ្ឋ ក៏ពិចារណាចូលរួមការប្រកួតពានរង្វាន់នៅសិង្ហបុរី ក៏ដូចជាឥណ្ឌូណេស៊ីផងដែរ។ 
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ នៅថ្ងៃទី៤ ខែមករា លោក អគ្គលេខាធិការ បានបញ្ជាក់ពីការត្រៀមខ្លួនប្រកួតរួចរាល់ថា៖«នៅថ្ងៃទី៧ មករា ខ្ញុំរៀបចំការប្រកួត Cambodia All Star ជាមួយក្រុមជម្រើសជាតិរបស់យើង ហើយយើងអនុញ្ញាតឱ្យផ្លាស់ប្តូរចូលសេរី។ មែនទែនទៅយើងគ្រាន់តែប្រកួតកម្តៅសាច់ដុំទេ ដើម្បីត្រៀមប្រកួតជាមួយយុវជនបារាំងអាយុក្រោម ១៩ឆ្នាំ នៅខែកុម្ភៈ ដែលធ្វើនៅក្នុងប្រទេសកម្ពុជា»។
 
បញ្ហាដែលជម្រើសជាតិកម្ពុជា មិនអាចចេញទៅប្រកួតនៅទឹកដីបារាំងបាន ដោយសារពេលនេះសមាជិកក្រុមមួយចំនួនកំពុងមានបញ្ហារបួស និងមួយវិញទៀតក្រុមត្រូវហ្វឹកហ្វឺនត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាដែលទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។
 
លោក អាំង សិរីពិសិដ្ឋ បន្តថា៖«សម្រាប់ការប្រកួត យើងនៅមានបន្តទៀត ដូចជាការប្រកួតពានរង្វាន់ នៅម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងសិង្ហបុរីជាដើម តែកំពុងពិចារណាដោយសារកៀកថ្ងៃការប្រកួតស៊ីហ្គេម ខ្លាចមានបញ្ហារបួសកីឡាករទៀត។ យើងនៅតែមានបញ្ហាសម្រាប់កីឡាករវាយដេញបាល់(ឌឺមី) មួន ចាន់និមល ដោយសារគាត់ទើបតែវះកាត់ជង្គង់ ដែលទើបតែទទួលបានជោគជ័យទេ ហើយកីឡាករមួយចំនួនក៏មានបញ្ហារបួសដែរ»៕
 

Tag:
 កីឡាបាល់ទះ
 ស៊ីហ្គេម២០២៣
 មិត្តភាពអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com