កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ទន្សាយឈ្មោលឈ្មោះបុរី ដែលតំណាងភាពវ័យឆ្លាត ត្រូវដាក់ជារូបនិម្មិតតាមប្រភេទកីឡានៅស៊ីហ្គេម២០២៣
05, Jan 2023 , 11:59 am        
រូបភាព
រូបនិម្មិតកីឡាការាតេ រូបពី CAMSOC
រូបនិម្មិតកីឡាការាតេ រូបពី CAMSOC
ទន្សាយឈ្មោល ឈ្មោះ បុរី ត្រូវបានគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) ដាក់ជារូបនិម្មិតក្នុងប្រភេទកីឡានីមួយៗនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣។ ការយករូបទន្សាយជំនួសឲ្យរូបគោព្រៃ ដែលជាសត្វតំណាងប្រទេសកម្ពុជា ព្រោះការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ស្ថិតក្នុងឆ្នាំថោះ (ទន្សាយ) និងជាសត្វតំណាងឲ្យភាពវ័យឆ្លាត។



លោក ញាណ សុខវិសាល ប្រធាននាយកដ្ឋានទំនាក់ទំនង អន្តរជាតិ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានប្រចាំការលេខាធិការដ្ឋាន បានប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមថា ការមិនយករូបគោព្រៃ ដែលជាសត្វតំណាងប្រទេសកម្ពុជា ព្រោះស៊ីហ្គេម លើកទី៣២ នៅឆ្នាំ២០២៣ គឺជាឆ្នាំថោះ។ ហើយម្យ៉ាងវិញទៀត សត្វទន្សាយ គឺតំណាងឲ្យភាពវ័យឆ្លាត។ ការឆ្នៃរូបនិម្មិតនោះ គឺទៅតាមប្រភេទកីឡានីមួយៗ ទាំងសម្លៀកបំពាក់កីឡា និងកាយវិការ។ 
 
យោងទៅលើការផ្សាយរបស់ CAMSOC សត្វទន្សាយ គឺជាតួរអង្គគួរឲ្យស្រឡាញ់ ជាពិសេសទៀត មានរឿងនិទានខ្មែរជាច្រើនបាននិយាយពីភាពវ័យឆ្លាយរបស់សត្វមួយនេះ។ ទន្សាយ ត្រូវបានគេពណ៌នា ក្នុងព្រះពុទ្ធសាសនា ថាជាសត្វដែលមានគុណតម្លៃខ្លាំង ដោយមានរឿងនិទានជាច្រើន និយាយអប់រំ ទាក់ទងពីតុល្យភាព យុត្តិធម៌ និងការមានប្រយោជន៍ចំពោះសហគមន៍។
 
ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ទំព័រហ្វេសប៊ុករបស់ CAMSOC បានបង្ហាញ រូបនិម្មិតតាមប្រភេទកីឡានីមួយៗ ដោយតួរអង្គក្នុងរូប គឺទន្សាយឈ្មោះ បុរី។ បុរី ក៏ជាតួរអង្គទន្សាយឈ្មោលមួយ ដែលជាដៃគូររបស់រំដួល ទន្សាយញី។ រូបនិម្មិតទាំងពីរនេះ ពាក់សម្លៀកបំពាក់ចងក្បិន និងក្បាល រុំក្រមា បង្ហាញពីការតុបតែងខ្លួនសម្រាប់បង្ហាញគុនល្បុកត្តោ ដែលជាក្បាច់គុនបុរាណខ្មែរ។ 
 
បន្ថែមជាងនេះទៅទៀត តួអង្គបុរី ក៏ជាការតំណាង ការរួបរួម សាមគ្គីភាពគ្នា របស់ប្រជាជនកម្ពុជា និងភាពស្រុះស្រួលគ្នា ដោយមានទំនាក់ទំនងល្អ ជាមួយប្រទេសក្នុងតំបន់ផងដែរ។ ចំណែក រំដួល គឺជាឈ្មោះផ្កាតំណាងជាតិកម្ពុជា ហើយត្រូវបានដាក់ជាឈ្មោះទន្សាយញី។
 
ក្រៅពីទន្សាយជារូបនិម្មិតកីឡា និងអត្ថន័យ Mascot របស់ស៊ីហ្គេម គណៈកម្មាធិការ CAMSOC បានធ្វើនិម្មិតសញ្ញាស៊ីហ្គេម (Logo Sea Games) ដោយបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ។ ផ្នែកខាងលើ ឡូហ្គោ គឺជាកំពូលធំ៣ របស់ប្រាសាទអង្គរវត្ត ដែលត្រូវបានប្រជាជនកម្ពុជា និងអន្ដរជាតិទទួលស្គាល់ថាបេះដូងប្រទេសកម្ពុជាទាំងមូល។ រូបកំពូលប្រាសាទនេះ ត្រូវបានធ្វើជាពណ៌មាស ព្រោះតំណាងឲ្យការអភិវឌ្ឍទៅមុខ ធនធាន សុខមាលភាព និងភាពសប្បាយរីករាយ។
 
នៅផ្នែកកណ្ដាលនៃ ឡូហ្គោ គឺជានិម្មិតសញ្ញាទង់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជា តំណាងឲ្យភាពជាម្ចាស់ផ្ទះរបស់កម្ពុជា។ ចំណែក នាគ ៤ក្បាលនៅផ្នែកបន្ទាប់ ដែលយកកន្ទុយព័ន្ធចូលគ្នានោះ តំណាងឲ្យស្ថិរភាព បូរណភាពទឹកដី នៃកម្ពុជា។ រីឯពណ៌របស់នាគ មានបៃតង ក្រហម ខៀវ និងលឿង តំណាងឲ្យការរួបរួមគ្នា និងភាពចុះសម្រុងគ្នារវាងជាតិនីមួយៗក្នុងតំបន់អាស៊ាន បើទោះជាមានពណ៌សម្បុរ ជាតិសាសន៍ និងជំនឿសាសនា មិនដូចគ្នាក៏ដោយ។
 
ព្រឹត្តិការណ៍ស៊ីហ្គេម នឹងចាប់ផ្ដើមបើកផ្លូវការនៅថ្ងៃទី៥​ ខែឧសភា ឆ្នាំ២០២៣ ហើយបិទនៅថ្ងៃទី១៧ ខែឧសភា។ កម្ពុជា ដាក់កីឡា ៣៨ប្រភេទសម្រាប់ប្រកួត។ ដោយគិតចាប់ពីថ្ងៃទី២៥ ខែមករា ព្រឹត្តិការណ៍នេះ នៅសល់១០០ថ្ងៃគត់៕
 

Tag:
 CAMSOC
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com