ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន២នៅវៀតណាមបញ្ជាទិញគ្រាប់ចន្ទីពីកម្ពុជា ៧ម៉ឺនតោន​ ក្នុងឆ្នាំ២០២៣
05, Jan 2023 , 2:59 pm        
រូបភាព
រូបតំណាង៖ គ្រាប់ចន្ទីកំពុងហាលថ្ងៃនៅក្នុងចម្ការមួយកន្លែងនៅខេត្តព្រះវិហារ។ រូបថត៖ KOSAL FARMS
រូបតំណាង៖ គ្រាប់ចន្ទីកំពុងហាលថ្ងៃនៅក្នុងចម្ការមួយកន្លែងនៅខេត្តព្រះវិហារ។ រូបថត៖ KOSAL FARMS
ក្រុមហ៊ុនអូឡាំ និងក្រុមហ៊ុន​Intersnack ដែលមានទីតាំងរោងចក្រនៅប្រទេសវៀតណាម បានបញ្ជាទិញគ្រាប់ស្វាយចន្ទីស្រស់ពីកម្ពុជា​ចំនួន ៧០ ០០០តោន សម្រាប់ឆ្នាំ២០២៣។​ គ្រាប់ចន្ទីស្រស់ដែលក្រុមហ៊ុនទាំងនេះទិញពីកម្ពុជា ដើម្បីយកទៅកែច្នៃលក់បន្តក្នុងតម្លៃខ្ពស់។

 
បើតាមសមាគមស្វាយចន្ទីកម្ពុជា(ស.ស.ក) ក្នុងឆ្នាំ២០២៣ ក្រុមហ៊ុនអូឡាំ(Olam)បញ្ជាទិញគ្រាប់ចន្ទីពីស្រស់ពីចំនួន៥ម៉ឺនតោន និងក្រុមហ៊ុនIntersnack ក៏បានបញ្ជាទិញចំនួន២ម៉ឺនតោន។ ពាក់ព័ន្ធនឹងការបញ្ជាគ្រាប់ចន្ទីស្រស់ពីកម្ពុជានេះ លោក​ អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា​​ ខាងសមាគមនឹងសហការជាមួយប្រជាសហគមន៍ ក្នុងការដឹកជញ្ជូនគ្រាប់ចន្ទីឱ្យក្រុមហ៊ុនដល់ព្រំដែនវៀតណាម។ 
 
​« យើងបានជជែកជាមួយក្រុមហ៊ុនអូឡាំរួចហើយដែលគេបញ្ជាក់ថាទិញគ្រាប់ចន្ទីពីយើង។ ប៉ុន្តែខាងក្រុមហ៊ុនតម្រូវឱ្យយើងដឹកជញ្ជូនឱ្យគេដល់ព្រំដែនតាមច្រកអូរយ៉ាដាវ[ខេត្តរតនៈគិរី]»។ លោក​ ស៊ីឡុត និយាយបែបនេះមកកាន់សារព័ត៌មានថ្មីៗ(ThmeyThmey) ដោយបន្តថា៖ «មកទល់ពេលនេះយើងបានទាក់ទងជាមួយសហគមន៍ដែលជាដៃគូសហការផលិតគ្រាប់ស្វាយចន្ទីនាំទៅប្រទេសវៀតណាមហើយ»។
 
ចំពោះក្រុមហ៊ុន Intersnack ដែលបញ្ជាទិញគ្រាប់ស្វាយចន្ទីស្រស់ពីកម្ពុជា២ម៉ឺនតោននោះ នឹងមកចរចា តម្លៃនិងកិច្ចការងារមួយចំនួនជាមួយសមាគមស្វាយចន្ទីកម្ពុជា នៅថ្ងៃទី១១មករា ឆ្នាំ២០២៣។​ ក្រៅពីក្រុមហ៊ុនដែលមានទីតាំងរោងចក្រនៅវៀតណាមនេះ​ ក៏មានក្រុមហ៊ុនមកពីប្រទេសឥណ្ឌា ចិន និងប្រទេសផ្សេងៗទៀត បានបញ្ជាទិញគ្រាប់ចន្ទីទាំងស្រស់ និងទាំងកែច្នៃពីកម្ពុជា ផងដែរ។​ នេះបើតាមលោក ស៊ីឡុត។
 
របាយការណ៍ពីសមាគមស្វាយចន្ទីកម្ពុជាបានបង្ហាញថា ពេញមួយឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីស្រស់ទៅទីផ្សារអន្តជាតិបាន៦៧ម៉ឺនតោន ស្មើនឹងទឹកប្រាក់១០៧៧លានដុល្លារ។ ការនាំចេញនេះ គឺធ្លាក់ចុះដល់៣៤,​៦៥ភាគរយ។  ទីផ្សារប្រទេសធំជាងគេ គឺវៀតណាមដែលបានចូលគ្រាប់ស្វាយពីកម្ពុជា ដល់​៦៦ម៉ឺនតោន។ 
 
បើតាមលោកប្រធានសមាគមស្វាយចន្ទីកម្ពុជា គ្រាប់ស្វាយចន្ទីដែលវៀតណាមនាំចូលពីកម្ពុជា គឺភាគច្រើនជាប្រភេទគ្រាប់សើម​ ដែលមានតម្លៃថោកជាងប្រភេទគ្រាប់ចន្ទីស្រស់​។ លោក ស៊ីឡុត បញ្ជាក់ថា៖ «ពួកគេ[ឈ្មួញវៀតណាម]ទិញមកយកហាលនៅតាមព្រំដែន និងសម្រាំងគុណភាពគ្រាប់។ គ្រាប់ណាមានគុណភាព​គឺគេលក់ឱ្យរោងចក្រកែច្នៃ​ និងគ្រាប់ដែលអន់ឬមិនល្អគឺគេលក់ឱ្យរោងចក្រកៀបប្រេង»៕ 
 
 
 
 
 
 

Tag:
 កសិកម្ម
  ចន្ទី
  លោក អួន ស៊ីឡុត
© រក្សាសិទ្ធិដោយ thmeythmey.com