កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប្រណាំងម៉ូតូ៖ លោក ឈឹម នរិន្ទ ចង់ឃើញកីឡាករកម្ពុជា ឈ្នះពានរង្វាន់អន្តរជាតិ
05, Jan 2023 , 8:59 pm        
រូបភាព
កីឡាករជម្រើសជាតិកម្ពុជា ជា លីឃៀង ហ្វឹកហាត់នាពេលកន្លងមក។ រូបពី ជា លីឃៀង
កីឡាករជម្រើសជាតិកម្ពុជា ជា លីឃៀង ហ្វឹកហាត់នាពេលកន្លងមក។ រូបពី ជា លីឃៀង
ដោយ:
លោក ឈឹម នរិន្ទ ស្ថាបនិករៀបចំកម្មវិធីប្រកួតកីឡាប្រណាំងម៉ូតូភ្នំ(12 Motor Park Enduro cross challenge 2023) មានក្តីប្រាថ្នាចង់ឃើញកីឡាករកម្ពុជា អាចឈ្នះពានរង្វាន់នៅក្រៅស្រុកជូនជាតិ។ លោក នរិន្ទ ប្រាប់ដូច្នេះដល់សារព័ត៌មានថ្មីៗតាមទូរសព្ទ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣។

 
«12 Motor Park នឹងជ្រើសរើសអ្នកដែលមានសមត្ថភាពពិតប្រាកដ ដើម្បីជំរុញឱ្យកីឡាករដែលមានសមត្ថភាព មានលទ្ធភាពដែលអាចទៅប្រកួតប្រជែងនៅក្រៅប្រទេសបាន ហើយសង្ឃឹមថាកូនខ្មែរយើងអាចឈ្នះពានពីក្រៅប្រទេសមកវិញ»។ លោក ឈឹម នរិន្ទ និយាយដូច្នេះ។
 

ក្រុមកីឡាករប្រណាំងម៉ូតូភ្នំ ហាត់សមផ្លូវ នាពេលកន្លងមក។ រូបពី 12 Motor Park
 
ថ្វីដ្បិតការរៀបចំកម្មវិធីប្រកួតកីឡាប្រណាំងម៉ូតូភ្នំ(Enduro cross challenge 2023) ជាលើកដំបូងក៏ពិតមែនតែស្ថាបនិករៀបចំកម្មវិធីប្រកួតរូបនេះ មានអារម្មណ៍សប្បាយចិត្តជាខ្លាំងដែលអាចដំណើរការបានទៅដោយរលូន រួមទាំងមានការចូលរួមលើកទឹកចិត្តពីរដ្ឋបាលខេត្តមណ្ឌលគិរីផង។
 
ជាមួយនឹងភាពកក់ក្តៅ និងភាពរីករាយលោក ឈឹម នរិន្ទ ក៏បានបញ្ជាក់ផងដែរថាការប្រកួតក៏នៅមានចំនុចមួយចំនួនជាផលវិបាកសម្រាប់ការរៀបចំលើកដំបូងនេះ ពិសេសការធ្វើដំណើរដែលមានចម្ងាយឆ្ងាយសម្រាប់កីឡាករមួយចំនួន។
 
លោក ឈឹម នរិន្ទ បន្តថា៖«សម្រាប់ដំបូងនេះមានការលំបាកខ្លះដែរ ដោយសារផ្លូវឆ្ងាយសម្រាប់កីឡាករដែលត្រូវចំណាយពេល៥ ទៅ៦ម៉ោងបានទៅដល់ទីតាំងប្រកួត»។ តែយ៉ាងណាជាមួយគ្នានោះដែរ លោក នរិន្ទ បន្ថែមថា ក្តីលំបាករបស់កីឡាករ លោកក៏បានជួយដោះស្រាយខ្លះៗ ទាក់ទងទៅនឹងការប្រកួតដោយសម្រួលការប្រណាំងធ្វើតែមួយថ្ងៃប៉ុណ្ណោះ។
 
ការប្រកួតកីឡាប្រណាំងម៉ូតូភ្នំ (12 Motor Park Enduro cross challenge 2023) នឹងធ្វើនៅថ្ងៃទី១៣-១៥ ខែមករា ក្នុងខេត្តមណ្ឌលគីរី មានរយៈចម្ងាយផ្លូវនៃការប្រកួត ២០គីឡូម៉ែត្រ ដែលមានកីឡាករចូលរួមប្រកួតចំនួន៨០នាក់ មកពីបណ្តាប្រទេសមួយចំនួនដូចជា កម្ពុជា កូរ៉េខាងត្បូង ថៃ វៀតណាម ជាដើម៕
 

Tag:
 កីឡាប្រណាំងម៉ូតូ
 ឈឹម នរិន្ទ
© រក្សាសិទ្ធិដោយ thmeythmey.com