FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ប្រទេសកាប់វែរ គ្រោងប្ដូរឈ្មោះកីឡាដ្ឋានជាតិ ដាក់ឈ្មោះលោក Pele តាមបំណងប្រធាន FIFA
05, Jan 2023 , 3:29 pm        
រូបភាព
ប្រទេសកាប់វែរ ជាប្រទេសដំបូង ដែលប្រកាសថា នឹងប្តូរឈ្មោះកីឡដ្ឋានក្រុមបាល់ទាត់ជម្រើសជាតិខ្លួន ដាក់តាមឈ្មោះរបស់លោក Pele ដែលត្រូវបានគេចាត់ទុកជាស្តេចបាល់ទាត់ ក្រោយពេលលោកទទួលមរណភាពកាលពីសប្តាហ៍មុន។ ការប្តូរឈ្មោះកីឡាដ្ឋានដាក់ឈ្មោះលោក Pele នេះ ធ្វើឡើងតាមបំណងរបស់លោក Gianni Infantino ដែលជាប្រធានស្ថាប័នបាល់ទាត់អន្តរជាតិ (FIFA)។



កាប់វែរគឺជាប្រទេស​ប្រជុំកោះមួយស្ថិតក្នុងទ្វីបអាហ្រ្វិក នៃឈូងសមុទ្រអាត្លង់ទិក ហើយត្រូវបានបង្កើតឡើងនៅក្នុងខែកក្កដា ឆ្នាំ១៩៧៥ ដែលមានរដ្ឋធានីឈ្មោះប្រាយ៉ា។ ប្រទេសកាប់វែរជាដែនដីប្រជុំកោះដាច់ដោយឡែកមួយ នៅលើផ្ទៃមហាសមុទ្រមានចម្ងាយជាង​ ៥០០គីឡូម៉ែត្រពីដីគោគដោយជាប់ទៅនឹងប្រទេសសេណេហ្កាល់ជាងគេ ។ ប្រទេសនេះ មានប្រជាជនរស់នៅសរុបជាង ៥៦១,៩០១នាក់ ។ នេះបើតាមការកត់ត្រារបស់ World Bank ក្នុងឆ្នាំ ២០២១។
 
 ភាសាដែលប្រើប្រាស់ជាផ្លូវការគឺភាសាព័រទុយហ្កាល់ ដោយហេតុថាកោះកាប់វែរនេះ ធ្លាប់ធ្លាក់ក្នុងអណានិគមរបស់ប្រទេសព័រទុយហ្កាល់។
វីរបុរសបាល់ទាត់ប្រេស៊ីលលោក Pele ដែលជាកីឡាករតែម្នាក់ដែលបានឈ្នះពានរង្វាន់ World Cup ចំនួន ៣លើក បានទទួលមរណភាពក្នុងវ័យ ៨២ឆ្នាំ ដោយការវិវត្តធ្ងន់ធ្ងរនៃជំងឺមហារីក ចាប់តាំងពីលោកបានព្យាបាលតាំងពីឆ្នាំ ២០២១ មកម្ល៉េះ។ 
 
កាលពីថ្ងៃទី២​ ខែមករា អំឡុងពេលទៅចូលរួមពិធីកាន់ទុក្ខរបស់លោក Pele ប្រធាន FIFA លោក Gianni Infantino បាននិយាយទៅកាន់អ្នកកាសែតស្នើទៅកាន់សហព័ន្ធបាល់ទាត់ដែលជាសមាជិក ​FIFA ទាំងអស់ ដើម្បីរកកីឡដ្ឋានណាមួយតាមប្រទេសទាំងអស់នោះ ដាក់ឈ្មោះតាមលោក Pele ដើម្បីជាការរំលឹកគុណ និងឧទ្ទិសដល់ស្តេចបាល់ទាត់ Pele។
 
មកដល់ពេលនេះប្រទេសកាប់វែរ បានក្លាយជាប្រទេសដំបូង ដែលបានប្រកាសប្តូរឈ្មោះកីឡដ្ឋានក្រុមជម្រើសជាតិខ្លួន ទៅកាន់ឈ្មោះថា Pele Stadium ដោយប្តូរពីឈ្មោះ Estadio Nacional de Cabe Verde ដែលមានទីតាំងនៅក្រៅរដ្ឋធានីប្រាយ៉ា។ 
 
បើតាមការបង្ហោះនៅលើបណ្តាញសង្គម Facebook របស់លោក Ulisses Correia e Silva នាយករដ្ឋមន្ត្រីរបស់កាប់វែរ បាននិយាយថា ប្រទេសលោកពិតជាមានកិត្តិយស ដែលបានដាក់ឈ្មោះកីឡដ្ឋាន តាមឈ្មោះស្តេចបាល់ទាត់ Pele។ នាយករដ្ឋមន្ត្រីដដែលនេះ ក៏បានបង្ហាញក្តីរំពឹងថា ប្រទេសជាច្រើនលើពិភពលោកនឹងបន្តធ្វើបែបនេះ។
 
«ដើម្បីជាការផ្តល់កិត្តិយស ការឧទ្ទិសនិងការទទួលស្គាល់ ដែលធ្វើឱ្យយើងទទួលបានភាពដ៏អស្ចារ្យនៃបាល់ទាត់មកដល់សព្វថ្ងៃនេះ ខ្ញុំមានបំណងចង់ដាក់ឈ្មោះកីឡដ្ឋានក្រុមជម្រើសជាតិរបស់យើងជាកីឡដ្ឋាន Pele។ នេះជាគំនិតផ្តួចផ្តើមមួយដែលខ្ញុំជឿជាក់ថានឹងត្រូវបានប្រទេសជាច្រើនផ្សេងទៀតជុំវិញពិភពលោកធ្វើតាមដូចបែបនេះ ហើយជាមួយការបាត់បង់នូវស្តេចបាល់ទាត់ Pele ដែលបាននាំមកនូវបច្ចេកទេសបាល់ទាត់ទំនើបមកកាន់ពួកយើង នេះគឺជារឿងដែលយើងធ្វើដើម្បីផ្តល់ការគោរពដល់លោក។ កាប់វែរនិងប្រេស៊ីលមានប្រវត្តិសាស្ត្រនិងវប្បធន៍ស្រដៀងគ្នា ប្រៀបបានទៅនឹងប្រទេសដែលជាបងប្អូន ហើយភាសាក៏មានភាពប្រហាក់ប្រហែលគ្នា យើងផ្តល់កិត្តិយសដល់ Pele ហើយលោកក៏ជាបុគ្គលគំរូម្នាក់របស់យើង»។ លោក Correia e Silva បាននិយាយបែបនេះ។
 
លោក Pele ជាមួយក្រុមជម្រើសជាតិប្រេស៊ីល ស្តេចបាល់ទាត់រូបនេះធ្វើបានកំណត់ត្រាដោយរកបាន ៧៧គ្រាប់ ហើយលោកនៅតែរក្សាកំណត់ត្រានេះ ក្នុងក្រុមជម្រើសជាតិប្រេស៊ីលដដែល បើទោះបីលោកបានចែកឋានទៅក្តី៕
 
 

Tag:
 FIFA
  Pele
  Gianni Infantino
© រក្សាសិទ្ធិដោយ thmeythmey.com