កីឡាជាតិ
ជាតិ
ទោះមាន​បញ្ហាសុខភាព តែជោគជ័យ​របស់កូនៗ និង​សិស្សគុន ផ្តល់​កម្លាំង​ចិត្ត​ធំធេង​សម្រាប់លោក អេ ភូថង
06, Jan 2023 , 8:59 am        
រូបភាព
 លោក អេ ភូថង ថ្លែងប្រាប់សារព័ត៌មានថ្មី
លោក អេ ភូថង ថ្លែងប្រាប់សារព័ត៌មានថ្មី
មាន​ចៅ​ប្រុស​លើកដំបូង កូន​ប្រុសឈ្នះមេដាយ​មាស​ស៊ីហ្គេម និង​ប្រឡង​ជាប់​បាក់ឌុប កូន​សិស្សគុនខ្មែរ​ឈ្នះ​ខ្សែក្រវាត់​អន្តរជាតិ។ ទាំងនេះ គឺជាកម្លាំង​ចិត្ត​ជាបន្ត​បន្ទាប់​សម្រាប់​អធិរាជ​កែងឆេះ ជង្គង់​ហោះ អេ ភូថង បើទោះបីជាសុខភាព​របស់​លោក​មិន​សូវ​ជាល្អក៏ដោយ។ ក្នុង​បទសម្ភាសជាមួយ​ថ្មីៗ អតីតកំពូលអ្នកប្រដាល់ខ្មែរដ៏ល្បីល្បាញ រូបនេះ អះអាងថា លោក​មាន​លាភច្រើន​ជាងគ្រោះ ជាពិសេសនាឆ្នាំ២០២២ កន្លងមកនេះ។

 
ក្នុង​វ័យ​៤៨​ឆ្នាំ លោក អេ ភូថង មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ដូចជា ខ្លាញ់​រុំ​បេះដូង អាស៊ីត​ឡើង​ដល់​កំពូល លើស​ជាតិ​ស្ករ លើសឈាម និង​មេរោគ​ក្នុងសរសៃឈាម ប៉ុន្តែលោកបែរជាទទួល​អារម្មណ៍​រំភើប​រីក​រាយ​សប្បាយ​ចិត្ត​ចំពោះអ្វី​ដែល​កូន​បង្កើត និង​កូន​សិស្ស​របស់ខ្លួន ទទួល​បាន​នារយៈពេល​ចុងក្រោយនេះ។



ជាអតីត​កីឡាករ​ដ៏ឆ្នើម​ចន្លោះពីឆ្នាំ២០០០ ដល់​ឆ្នាំ​២០១៦ ហើយ​បច្ចុប្បន្ន​ជាប្រធាន​ក្លិប​ប្រដាល់គុនខ្មែរ អេ ភូថង លោក​បាន​និយាយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ ក្នុងន័យថា គ្មាន​អ្វី​ដែល​សប្បាយ​ចិត្ត​ជាង​ឃើញ​ជោគជ័យ​របស់​កូន​ចៅនោះឡើយ។
 
កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ លោក អេ ភូថង ទទួលបានចៅប្រុសដំបូងបង្អស់ ដែលធ្វើឲ្យអតីតស្ដេចប្រដាល់រូបនេះ សប្បាយចិត្តជាពន់ពេក ដោយបានក្លាយខ្លួនជាជីតា របស់ចៅប្រុស លាងអភីរ៉ាក់ ភូថង។ ចៅប្រុសរូបនេះ គឺជាកូនរបស់​កូន​ស្រី​ច្បង អេព្រីយ៉ានុត ភូថង។
 
អ្នក​ស្រី សាំង សុម៉ាលី ដែលជាភរិយា​របស់​លោក អេ ភូថង បាន​បន្ថែម ថាកំណើតចៅប្រុសនេះ បាននាំសំណាងដល់ក្លិបជាបន្ដបន្ទាប់ ព្រោះកូនសិស្សរបស់លោក អេ ភូថង បានជោគជ័យជាហូរហែ ក្នុងការ​ប្រកួត​។
 


កាលពី​ពាក់កណ្ដាលខែឧសភា ឆ្នាំ២០២២ កីឡាករ អេវីរៈខាំឈីត ភូថង កូនទី២ របស់លោកអេ ភូថង បានឈ្នះមេដាយមាស ពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម លើប្រភេទកីឡាវ៉ូវីណាម។ ប្រធានក្លិបអាយុ៤៨ ឆ្នាំរូបនេះ បានទៅទទួលកូន និងកូនសិស្សខ្លួន ដែលបានត្រលប់មកកម្ពុជាវិញ បន្ទាប់ប្រកួតចប់ ទាំងមានបញ្ហាសុខភាពខ្លះៗ។
 
ក្នុងឆ្នាំដដែល ពោល​គឺ​នា​អំឡុងខែវិច្ឆិកា កូនប្រុសទីពីរ​រូបនេះ បានប្រឡងជាប់សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប)​។ លោកអេ ភូថង បានសម្ដែងមោទកភាពចំពោះកូនខ្លួនជាខ្លាំង ខណៈពេល លោក បានប្រាប់សារព័ត៌ថ្មីៗអំពីអារម្មណ៍ពិត ទាំងក្រសែភ្នែកសម្លឹងទៅមើល អេវីរៈខាំឈីត ភូថង ដែលកំពុងហ្វឹកហាត់នៅក្នុងក្លិប។
 
«ជាជោគជ័យរបស់កូនខ្ញុំ តែខ្ញុំជាឪពុកសប្បាយចិត្តជំនួស ហើយគេមិនបានធ្វើឲ្យខ្ញុំអស់សង្ឃឹមទេ។» លោកបាននិយាយប្រាប់បែបនេះ ទាំង​ការ​ដកដង្ហើម​ញាប់ៗ។


 
អង្គុយនៅពីមុខក្លិបដែលមានរូបថតកីឡាករ-កីឡាការិនី មេដាយ និងខ្សែក្រវាត់ជ័យលាភីផ្សេងៗដាក់តាំងនៅពីក្រោយខ្នង លោក អេ ភូថង បាននិយាយទាំងញញឹម និងសម្លេងថ្នមៗថា
កូនសិស្សលោកម្នាក់ទៀត បានលើកស្ទួយមុខមាត់ក្លិប មុខមាត់ជាតិ និងមុខមាត់លោកដែលជាគ្រូ នៅលើឆាកអន្ដរជាតិ។ កីឡាករ ធឿន ធារ៉ា បានប្រកួតឈ្នះ កីឡាករ សៃ យុគ
ហើយក្លាយជាម្ចាស់ខ្សែក្រវាត់ Thai Fight និងពានរង្វាន់ស្ដេចថៃកាលពីថ្ងៃទី២៤ ខែធ្នូ ។ ព្រឹត្តិការណ៍នេះ បានធ្វើឲ្យបរទេសជាពិសេស WMO (WorldMuayThai Organization) បានដាក់កីឡាករខ្មែររូបនេះនៅចំណាត់ថ្នាក់ទី១។ 
 
លោកអេ ភូថង និង អ្នកស្រី សាំងសុម៉ាលី មានកូនចំនួន ៤នាក់ ក្នុងនោះស្រី១នាក់។ អតីតស្ដេចប្រដាល់កម្ពុជារូបនេះនិងអ្នកស្រី សុម៉ាលី មានគោលដៅរួមមួយ គឺការអភិវឌ្ឍវិស័យកីឡាគុនខ្មែរ ឲ្យបរទេសទទួលស្គាល់និងមានឈ្មោះល្បីល្បាញនៅលើឆាកអន្ដរជាតិ។ បច្ចុប្បន្ន ក្លិបប្រដាល់គុនខ្មែរ អេ ភូថងមានកីឡាករ-កីឡាការិនី១៩នាក់ ក្នុងនោះកីឡាការិនី៤នាក់។ ប្រធានក្លិបរូបនេះបានប្ដេជ្ញាថានឹងបន្ដប្រឹងប្រែងអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរឲ្យមានឈ្មោះបោះសម្លេងខ្លាំងជាងនេះ។
 
ក្នុងអាជីព​ប្រដាល់​របស់ខ្លួន អតីត​កីឡាករដែលមាន​រហស្សនាម​ថា កែងឆេះជង្គង់​ហោះរូបនេះ បាន​ឈ្នះ​ការ​ប្រកួត​ថ្នាក់ជាតិ​ជាច្រើន ហើយ​បាន​បង្ហាញភាពខ្លាំងនោះលើឆាកអន្តរជាតិ ជាពិសេស​ដោយប្រវត្តិយក​ឈ្នះ​កីឡាករ​បារាំង Jean-Charles Skartbowsky ៣លើក, ឈ្នះកីឡាករស៊ូដង់ Faisal Zakaria ២លើក, បំបាក់កីឡាករអេស្ប៉ាញ Jose Pitu Sans ២លើក, ឈ្នះកីឡាករប៊ុលហ្ការី Antea Atomea, កីឡាករអូស្ត្រាលី Brett Franklin, Perikli Maniatis, Tony Angelov, កីឡាករអាម៉េរិក Mike Justice, Yoochy, កីឡាករអង់គ្លេស Shaun Lomas និងកីឡាករម៉ាឡេស៊ី Yoochy ជាដើម៕
 

 រូបសមាជិកក្លិបប្រដាល់គុនខ្មែរ អេ ភូថង រូបពី លោក អេ ភូថង

Tag:
 ប្រដាល់គុនខ្មែរ
  អេ ភូថង
© រក្សាសិទ្ធិដោយ thmeythmey.com