ជាតិ
សេដ្ឋកិច្ច
រដ្ឋប្រមូលអាករលើតម្លៃបន្ថែមបានជាង ១ ៥០០លានដុល្លារ
07, Jan 2023 , 9:29 am        
រូបភាព
លោក អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រូបថត៖ MEF
លោក អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រូបថត៖ MEF
រដ្ឋ ប្រមូលពន្ធលើទំនិញ និង សេវាប្រើប្រាស់ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២ បានចំនួន១១ ១០២ ៣២០លានរៀល(ប្រមាណ២ ៧០០លានដុល្លារ)។ ក្នុងនោះ អាករលើបន្ថែមតម្លៃបន្ថែម(VAT) រដ្ឋប្រមូលបានជាង ១ ៥0០លានដុល្លារ និងប្រមូលពីអាករពិសេសបានជាង ១ ១៥0លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ស្ថិតិហិរញ្ញវត្ថុ​រដ្ឋាភិបាល។​

 
របាយការណ៍ដែលចេញដោយក្រសួងសេដ្ឋកិច្ច ​និង ហិរញ្ញវត្ថុ នាថ្ងៃទី៤មករា បានបង្ហាញថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាទទួលបានចំណូលពីអាករលើតម្លៃបន្ថែមចំនួន ​៦​ ៣៦០ ០៦២លានរៀល(ប្រមាណ១ ៥៤០លានដុល្លារ)។ ចំណូលដែលប្រមូលបាននេះគឺស្មើនឹង៩២,០៥នៃផែនការប្រចាំឆ្នាំ២០២២។ 
 
ក្រសួងសេដ្ឋកិច្ច​​បានរៀបរាប់ថា ក្នុងខែមករាអគ្គនាយកដ្ឋានពន្ធដារប្រមូលអាករលើតម្លៃបន្ថែមចូលថវិកាជាតិបានប្រមាណ១៣១លានដុល្លារ, ខែកុម្ភៈប្រមូលបានជិត១១៤លានដុល្លារ, ខែមីនាប្រមូលបានជិត១៤១លានដុល្លារ។ ប្រចាំខែមេសា រដ្ឋប្រមូលអាករលើតម្លៃបន្ថែមបានជាង ១៣៥លានដុល្លារ, ខែឧសភាប្រមូលបានជាង១៤១លានដុល្លារ, ខែមិថុនាប្រមូលបានដល់ជាង១៥៧លានដុល្លារ។ 
 
សម្រាប់ខែកក្កដា ឆ្នាំ២០២២ រដ្ឋប្រមូលអាករលើតម្លៃបន្ថែមនៃទំនិញនិងសេវាប្រើប្រាស់បានជាង១៤៤លានដុល្លារ, ខែសីហាប្រមូលបានជិត១៥០លានដុល្លារ, ខែកញ្ញាប្រមូលបានជាង១៤២លានដុល្លារ, ខែតុលាប្រមូលបានជាង១៤៨លានដុល្លារ និងខែវិច្ឆិកា រដ្ឋប្រមូលបានជាង ១៤៥លានដុល្លារ ផងដែរ។
 
សូមជម្រាបថា រយៈពេល១១ខែ ឆ្នាំ២០២២មកនេះ អគ្គនាយកដ្ឋានពន្ធដារ​ប្រមូលពន្ធ-អាករគ្រប់ប្រភេទចូលជាតិ​បាន ៣ ២១៤,០៦លានដុល្លារ។ ចំណូលនេះគឺស្មើនឹង១១៣,៩៩ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំ២០២២ ធៀបនឹងចូលពន្ធ-អាករ ឆ្នាំ២០២១។ នេះបើតាមអគ្គនាយកដ្ឋានពន្ធដារ៕​
 

Tag:
 ពន្ធដារ
  VAT
© រក្សាសិទ្ធិដោយ thmeythmey.com