កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន៖ Angkor Ultra Trail ធ្វើឡើងដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍ខេត្តសៀមរាប...
07, Jan 2023 , 3:59 pm        
រូបភាព
ឯកឧត្តម វ៉ាត់ ចំរើន ថ្លែងក្នុងសន្និសីទសារព័ត៌មាន Angkor Ultra Trail
ឯកឧត្តម វ៉ាត់ ចំរើន ថ្លែងក្នុងសន្និសីទសារព័ត៌មាន Angkor Ultra Trail
ព្រឹត្តិការណ៍រត់ចម្ងាយ Angkor Ultra Trail លើកទី៦ ធ្វើនៅថ្ងៃទី៤ ខែកុម្ភៈ នៅខេត្តសៀមរាប ប្រព្រឹត្តទៅក្រោមគោលដៅ ៣យ៉ាង។ ទី១ ផ្សព្វផ្សាយវិស័យទេសចរណ៍នៅខេត្តសៀមរាប ទី២ ការអប់រំគុណតម្លៃនៃវិស័យកីឡា ទៅប្រជាជន ដើម្បីថែរក្សាសុខភាព និងសកម្មភាពសប្បុរសធម៌។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​ស៊ីហ្គេម លើកទី៣២ (CAMSOC) បានបញ្ជាក់ដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

 
លោក វ៉ាត់ ចំរើន បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ព្រឹត្តិការណ៍ Angkor Ultra Trail គឺជាព្រឹត្តិការណ៍កីឡាមួយ ដែលជួយផ្សព្វផ្សាយ និងជំរុញវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជា ទាំងមូល បន្ទាប់ពីបើកដំណើរការឡើងវិញ ក្រោយពិភពលោកជួបវិបត្តិកូវីដ-១៩។
 
ជាក់ស្ដែង ការប្រកួតឆ្នាំនេះ មានអ្នកចូលរួមច្រើនជាង ២ដង បើធៀបទៅឆ្នាំ២០១៩ ដែលជាព្រឹត្តិការណ៍លើកទី៥។ អ្នកចូលរួម គឺជាភ្ញៀវទេសចរណ៍មកពី ៣៧ប្រទេស។ នេះ គឺជាផ្នែកមួយដែលឲ្យភ្ញៀវទេសចរណ៍ បានស្គាល់កម្ពុជាឲ្យកាន់តែច្បាស់។ 
«យើង នឹងទទួលបានកំណើនទេសចរណ៍អន្ដរជាតិនៅខេត្តសៀមរាប ដែលជាគោលដៅផ្សព្វផ្សាយវិស័យទេសចរណ៍របស់យើង ឲ្យកាន់តែសកម្ម។»។ អគ្គលេខាធិការ  CAMSOC បានប្រាប់អ្នកសារព័ត៌មានដូច្នេះ។
 

ការថតរូបជុំគ្នារបស់ប្រតិភូ និងក្រុមហ៊ុនឧបត្ថម្ភព្រឹត្តិការណ៍ Angkor Ultra Trail

គោលដៅទី២ នៃព្រឹត្តិការណ៍  Angkor Ultra Trail ជាការផ្សព្វផ្សាយគុណតម្លៃ និងគុណសម្បត្តិនៃការលេងកីឡា ទៅកាន់ប្រជាជន។ ការលេងកីឡា គឺជាផ្នែកមួយនៃការថែរក្សាសុខភាព ឲ្យរឹងមាំ។ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុននេះ ក៏មានប្រជាជនកម្ពុជា ​បានចុះឈ្មោះផងដែរ ចំនួន១៩១នាក់ ក្នុងចំណោមអ្នកចូលរួម ៨៨១នាក់។
រីឯគោលដៅទី៣ នៃព្រឹត្តិការណ៍កីឡានេះ គឺការចូលរួមសកម្មភាពសង្គម និងសកម្មភាពសប្បុរសធម៌។ ការចូលរួមប្រកួតតម្រូវឲ្យ អ្នកចុះឈ្មោះ បង់ប្រាក់ ហើយថវិការទាំងនោះ ក៏ត្រូវចាត់ចែងទៅលើមន្ទីរពេទ្យ កុមារកំព្រា និងសកម្មភាពជួយសង្គមផ្សេងៗ។ 
 
លោក វ៉ាត់ ចំរើន បានបញ្ជាក់ដូច្នេះថា៖«ព្រឹត្តិការណ៍នេះ មិនមែនធ្វើឡើងដើម្បីប្រយោជន៍បុគ្គល ឬក្រុមហ៊ុនឯកជនណាមួយឡើយ ប៉ុន្ដែដើម្បីប្រយោជន៍។»។
 
ការចូលរួមប្រកួតមានចំនួនច្រើនជាងឆ្នាំ២០១៩ ដល់ទៅ២ដង ដែលព្រឹត្តិការណ៍លើកទី៥ មានអ្នកចូលរួមប្រមាណ ៤០០នាក់។ ចំពោះកំណើនអ្នកចូលរួមនេះ លោក វ៉ាត់ ចំរើន បាននិយាយដូច្នេះថា​៖«វិបត្តិ គឺជាឱកាស។»។ នោះ មានន័យថាអំឡុងពេលបិទខ្ទប់ស្ទើរតែ ២ឆ្នាំ មនុស្សមិនបានចេញទៅណា ហើយអ្នកទាំងនោះ ក៏រកនឹកថា បន្ទាប់ពីកូវីដ-១៩ ចង់ធ្វើអ្វីមួយ។ ជាពិសេស អ្នកខ្លះ ក៏ទន្ទឹងចាំព្រឹត្តិការណ៍នេះ ដូច្នេះ ក្រោយពេលមានសេរីភាព គឺជំរុញឲ្យមានការចូលរួមច្រើន។
 
គួរបញ្ជាក់ថា ការរត់ប្រណាំង Angkor Ultra Trail លើកទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានអ្នកចូលរួមសរុប ៨៨១នាក់ មកពី៣៧ប្រទេស។ ក្នុងចំណោមអ្នកចូលរួមទាំងអស់ កម្ពុជា មានចំនួន ១៩១នាក់។ ការរត់ប្រណាំងនេះ មានវិញ្ញាសាដូចជារត់ចម្ងាយ ១០០ម៉ែត្រ, ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, និង៨គីឡូម៉ែត្រ៕
 

Tag:
 ស៊ីហ្គេម
  Angkor Ultra Trail
  វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com