កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ពីហាត់លេងៗ ក្លាយជាជម្រើសជាតិប្រដាល់សកល កញ្ញា ស្រីស្រស់ ប្តេជ្ញាដណ្តើមមេដាយស៊ីហ្គេម២០២៣
10, Jan 2023 , 8:59 am        
រូបភាព
កីឡាការិនី វី ស្រីស្រស់ ក្នុងទីលានហ្វឹកហាត់កីឡាប្រដាល់សកលកម្ពុជា។
កីឡាការិនី វី ស្រីស្រស់ ក្នុងទីលានហ្វឹកហាត់កីឡាប្រដាល់សកលកម្ពុជា។
ដោយ:
«មុនដំបូងឪពុកម្តាយខ្ញុំមិនចង់ឱ្យចូលហ្វឹកហាត់ទេ ដោយសារឃើញបងៗធ្លាប់ហាត់ឈឺខ្លួន។ តែខ្ញុំចេះតែសុំមកចូលហាត់ជាមួយបងរបស់ខ្ញុំលេងៗ តែយូរទៅខ្ញុំក៏ហាត់រហូតជាប់ជម្រើសជាតិ ឪពុកម្តាយលែហាម  ហើយបែជាលើកទឹកចិត្តវិញ»។ កញ្ញា វី ស្រីស្រស់ កីឡាការិនីប្រដាល់សកលជម្រើសជាតិកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ អំឡុងពេលខ្លួនកំពុងហ្វឹកហាត់ត្រៀមប្រជែងមេដាយស៊ីហ្គេម២០២៣។


 ជម្នះការហាមឃាត់ពីឪពុកម្តាយ ដោយសារខ្លួនជាស្រ្តីភេទ កញ្ញា វី ស្រីស្រស់ នៅតែអាចសម្រេចក្តីប្រាថ្នារបស់ខ្លួនបាន។ ពីការហ្វឹកហាត់ធម្មតា ប្រែក្លាយជាកីឡាការិនីប្រដាល់សកលជម្រើសជាតិកម្ពុជា ស្រីស្រស់ដែលមានមាឌមាំមួនអំណោយផលពីកំណើត បានសម្រេចបំណង និងថែមទាំងទទួលការជំរុញពីឪពុកម្តាយថែមទៀត។


 កីឡាការិនី វី ស្រីស្រស់ ហ្វឹកហាត់ជាមួយគូសម ក្នុងទីលានហ្វឹកហាត់កីឡាប្រដាល់សកលកម្ពុជា។
 
កីឡាការិនី វី ស្រីស្រស់ ដែលមានកណ្តាប់ដៃធ្ងន់ក្នុងការវាយចេញទៅកាន់គូប្រកួត បានត្រៀមលក្ខណរួចរាល់ជាស្រេចមុនដំណើរមកដល់នៃព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់កម្ពុជា ឆ្នាំ២០២៣។ ជាមួយនឹងទឹកមុខញញឹមរីករាយ និងមានភាពស្រស់ស្រាយ ស្រីស្រស់ ថាការហ្វឹកហាត់របស់ខ្លួនបានពេញលេញ មិនមានការលំបាកអ្វីខ្លាំងនោះទេ។ សម្រាប់ការហ្វឹកហាត់ ស្រីស្រស់ មិនសូវជាមានផលលំបាកនោះទេ និងមានពេលហាត់ទៀងទាត់ ទាំងពេលព្រឹក និងល្ងាច។ 
 
ស្របពេលជាមួយនឹងការខិតខំប្រឹងប្រែងហ្វឹកហាត់នោះដែរ គួបផ្សំជាមួយទំនុកចិត្ត កីឡាការិនីប្រដាល់សកល ស្រីស្រស់ មានក្តីរំពឹងខ្ពស់ថានឹងដណ្តើមមេដាយស៊ីហ្គេម២០២៣ ជូនកម្ពុជាឱ្យបាន។
 
កីឡាការិនីរូបស្រស់ វ័យ២០ឆ្នាំរូបនេះ បន្ថែមយ៉ាងមុតមាំថា ការដាក់ក្តីរំពឹងដណ្តើមមេដាយ ដោយសារខ្លួនជឿជាក់ ព្រោះធ្លាប់មានប្រវត្តិប្រកួតនៅក្រៅស្រុកច្រើនលើកមកហើយ ជាពិសេសការចូលរួមប្រកួតកម្រិតអន្តរជាតិ ដែលមានកីឡាការិនីពីបណ្តាប្រទេសផ្សេងៗ មានសមត្ថភាពខ្ពស់ជាបទពិសោធ ក៏ដូចជាមេរៀនសម្រាប់ខ្លួនយកមកកែខៃ៕
 
 
 

Tag:
 កីឡាប្រដាល់សកល
 វី ស្រីស្រស់
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com