ជាតិ
សេដ្ឋកិច្ច
កម្ពុជា រំពឹងទទួលបានទេសចរអន្តរជាតិយ៉ាងតិច ៤លាននាក់ នៅឆ្នាំ២០២៣
11, Jan 2023 , 9:59 pm        
រូបភាព
 លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ផ្តល់កិច្ចសម្ភាសឱ្យក្រុមអ្នកសារព័ត៌មាននៅទីស្តិការក្រសួង នាព្រឹកថ្ងៃទី១១មករា ឆ្នាំ២០២៣។ រូបថត៖ អ៊ូ សុខមាន​
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ផ្តល់កិច្ចសម្ភាសឱ្យក្រុមអ្នកសារព័ត៌មាននៅទីស្តិការក្រសួង នាព្រឹកថ្ងៃទី១១មករា ឆ្នាំ២០២៣។ រូបថត៖ អ៊ូ សុខមាន​
ឆ្នាំ២០២២-២០២៣ ជាឆ្នាំនៃដំណាក់កាលស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩។ សម្រាប់ឆ្នាំ២០២៣ កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិយ៉ាងហោចណាស់៤លាននាក់ ដែលក្នុងនោះ មានទេសចរជនជាតិចិនប្រមាណ១លាននាក់។ ក្តីរំពឹងនេះ ត្រូវបានបង្ហាញឡើងបន្ទាប់ពី ប្រទេសចិនប្រកាសដកចេញនូវ«គោលនយោបាយគ្មានកូវីដ« (Zero-Covid Policy)  កាលពីថ្ងៃទី៨មករា។​

 
«ករណីប្រទេសចិនដកចេញនូវគោលនយោបាយគ្មានកូវីដ នោះកម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៤លាននាក់ នៅឆ្នាំ២០២៣»។  លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍លើកឡើងបែបនេះក្នុងកិច្ចប្រជុំរវាងក្រុមការងាររាជរដ្ឋាភិបាល-ឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិកូវីដ-១៩ នៅទីស្តីការក្រសួងនាព្រឹកថ្ងៃទី១១មករា ដោយបញ្ជាក់ថា សម្រាប់ទេសចរផ្ទៃក្នុង កម្ពុជាសង្ឃឹមថានឹងទទួលបានក្នុងរង្វង់១៥លាននាក់ ផងដែរ។ 
 
ដើម្បីទទួលបាននូវកំណើនទេសចរជាតិ-អន្តរជាតិនេះ ក្រសួងទេសចរណ៍បានរៀបចំនូវយុទ្ធនាការ«ឆ្នាំទស្សនាកម្ពុជា២០២៣» (Visit Cambodia Year 2023)ឡើង ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់មុខមាត់កម្ពុជានៅតាមព្រឹត្តិការណ៍ថ្នាក់ជាតិនានា។ ជាពិសេស នាឱកាសដែលកម្ពុជាប្រារព្ធ​ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣(SEA Games​ និង ASEAN Para Games 2023​)។
 
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា​ យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣» គឺជាចលនាជាតិមួយ  ដើម្បីបំផុសស្មារតី ផ្តល់ក្តីសង្ឃឹមដល់គ្រប់ភាគីពាក់ព័ន្ធ ផ្នែកឯកជន និងបុគ្គលិកក្នុងឧស្សាហកម្មទេសចរណ៍ ក៏ដូចជាភ្ញៀវទេសចរ ក្នុងដំណើរ «រួមគ្នា រួមគិត រួមធ្វើ រួមទទួលខុសត្រូវ»ក្នុងការស្តារវិស័យទេសចរណ៍កម្ពុជាឆ្ពោះទៅអនាគតកាន់តែល្អប្រសើរ។  លោក ថោង ខុន សង្ឃឹមថា យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣» នឹងត្រូវបានប្រកាសឱ្យដំណើរការដោយសម្តេច ហ៊ុន សែន នាអំឡុងខែកុម្ភៈ ឆ្នាំ២០២៣។ 
 
បើតាមលោក ថោង ខុន ថា យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣ គឺជាកិច្ចការដ៏ចាំបាច់ និងទាន់ពេលដើម្បីចូលរួមចំណែកក្នុងការស្តារវិស័យទេសចរណ៍កម្ពុជាឆ្ពោះទៅសម្រេចបានតាមផែនការដែលមានចែងក្នុងផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាកម្ពុជា និងក្រោយវិបត្តិកូវីដ-១៩។ 
 
ក្រសួងទេសចរណ៍បានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត និងវិស័យឯកជន រៀបចំយុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣ឡើង ដើម្បីបង្កើតឱ្យមានព្រឹត្តិការណ៍កម្រិតអន្តរជាតិ-ជាតិ រួមទាំងកម្រិតមូលដ្ឋានស្របតាមចក្ខុវិស័យ«មួយខែយ៉ាងតិចមួយព្រឹត្តិការណ៍ និង​«មួយខេត្ត-ក្រុង យ៉ាងតិចមួយព្រឹត្តិការណ៍»​។ 
 
លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានលើកឡើងថា  ព្រឹត្តិការណ៍ជាតិ-អន្តរជាតិ ដែលបម្រើដល់វិស័យទេសចរណ៍កម្ពុជាក្នុងឆ្នាំ២០២៣ គឺមានចំនួន ២២។ ក្នុងនោះមាន៖ ព្រឹត្តិការណ៍នៃពិធីបុណ្យអបអរជម្នះលើរបបប្រល័យពូជសាសន៍៧មករា, ពិធីបុណ្យមាឃបូជា, បុណ្យទន្លេ, ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ, អង្គរសង្គ្រាន្ត,  ​វេទិកាទេសចរណ៍មេគង្គ, ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២, អាស៊ានប៉ារ៉ាហ្គេមលើកទី១២ រួមទាំងព្រឹត្តិការណ៍វប្បធម៌ សាសនា ប្រវត្តិសាស្ត្រ កីឡា និងបុណ្យផ្សេងៗទៀត...។​
 
បើតាមលោក សាមុត គោលដៅចម្បងនៃការរៀបចំយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣» គឺដើម្បីលើកកម្ពស់កិត្តិនាមទេសចរណ៍ «កម្ពុជា៖​ ព្រះរាជណាចក្រអច្ឆរិយៈ - ផ្តល់ភាពកក់ក្តៅ» នៅលើទីផ្សារទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា សំដៅក្នុងទាក់ទាញទេសចរអន្តរជាតិឱ្យច្រើនជាអតិប្បរិមា និងជាការផ្សារភ្ជាប់រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើទី១២។ លោកអគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាបានបញ្ជាក់ថា៖« យុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា២០២៣ យើងរៀបចំឡើង ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩»។​
 
យោងតាមទិន្នន័យពីក្រសួងទេសចរណ៍កាលឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់ប្រមាណ ២,២លាននាក់ បើធៀបឆ្នាំ២០២១ គឺមានភ្ញៀវទេសចរអន្តរជាតិត្រឹម​២០ម៉ឺននាក់ប៉ុណ្ណោះមកកម្ពុជា។ ចំណែកឯ ភ្ញៀវទេសចរផ្ទៃក្នុងដែលធ្វើដំណើរក្នុងប្រទេសមានក្នុងរង្វង់ពី ១៤លាននាក់។ នេះជាកំណើនខ្លាំងដែលលើសពីចំនួនមុនពេលមានវិបត្តិជំងឺកូវីដ-១៩ ទៅទៀត៕ 
 
 
 
 
 
 

Tag:
 ទេសចរ
  លោក ថោង ខុន
© រក្សាសិទ្ធិដោយ thmeythmey.com