កីឡាជាតិ
ជាតិ
សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ប្រកួតជ្រើសក្រុមជម្រើសជាតិដើម្បីពង្រឹងសមត្ថភាពទៅស៊ីហ្គេម
13, Jan 2023 , 7:59 am        
រូបភាព
ការប្រកួតប៊ូល និង ប៉េតុង ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣
ការប្រកួតប៊ូល និង ប៉េតុង ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣
ការទទួលពាក្យចូលរួមប្រកួតជ្រើសរើសអត្ដពលិកជម្រើសជាតិ នៃកីឡាប៊ូល និងប៉េតង់កម្ពុជា បានបិទត្រឹមថ្ងៃទី១២ ខែមករា រីឯការប្រកួត នឹងចាប់ផ្ដើមនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បញ្ជាក់ថាការប្រកួតនេះ គឺជាការជម្រុះរកកីឡាករ កីឡាការិនី និងយុវជនថ្នាល់ដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣។



យោងទៅលើការផ្សាយរបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ការប្រកួតជម្រុះក្រុមជម្រើសជាតិឈុតធំបុរស, ឈុតធំនារី, យុវជនក្រោម ១៨ឆ្នាំឡើង, យុវជនក្រោមអាយុ ១៦ឆ្នាំ និងយុវនារី ធ្វើឡើងក្នុងគោលបំណងជ្រើសរើសឈុតធំបុរស ចំនួន៤នាក់, ឈុតធំនារី ៤នាក់, យុវជនអាយុ ១៨ឆ្នាំ ៣នាក់, យុវជនក្រោម ១៦ឆ្នាំ ១នាក់ និងយុវនារី ចំនួន ៣នាក់ ចូលមកហ្វឹកហាត់ជាក្រុមជម្រើសជាតិ។ ម្យ៉ាងវិញទៀត ការប្រកួតជម្រុះនេះ ក៏ជាការតេស្ដសាកល្បង  នូវសមត្ថភាព ទេពកោសល្យរបស់អត្ដពលិកទាំងនោះផងដែរ។

កីឡាករ កីឡាការិនី ដែលជាប់ជាក្រុមជម្រើសជាតិ ក្នុងព្រឹត្តិការណ៍នេះ នឹងត្រូវហ្វឹកហាត់បន្ថែមជាមួយក្រុមជម្រើសជាតិ។ ដោយឡែក អ្នកទាំងអស់នោះ អាចក្លាយជាបេក្ខភាពអត្ដពលិក ត្រៀមសម្រាប់ស៊ីហ្គេម ឬយ៉ាងណានោះ សារព័ត៌មានថ្មីៗ មិនទទួលបានការបញ្ជាក់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នៅឡើយទេ។
ការប្រកួតនេះ នឹងចាប់ធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅទីលានប៊ូល នឹងប៉េតង់ នៃពហុកីឡដ្ឋានជាតិអូឡាំពិក៕


 
 
 

Tag:
 កីឡាប៊ូល និងប៉េតង់
© រក្សាសិទ្ធិដោយ thmeythmey.com