ជាតិ
ប៉មទស្សនាសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍ នឹងផ្ដល់​ភាពងាយស្រួលដល់ទេសចរ
14, Jan 2023 , 8:59 am        
រូបភាព
 ប៉មទស្សនាសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍។​ រូបភាពពីក្រសួងបរិស្ថាន
ប៉មទស្សនាសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍។​ រូបភាពពីក្រសួងបរិស្ថាន
ភ្នំពេញ៖ ប៉ម​ទស្សនា​សត្វ​ស្លាបនៅ​ទួល​ព័ន្ធ​តា​ឡី​បឹង​ស្នេហ៍ ដែល​មាន​កម្ពស់ ១២​ម៉ែត្រ ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ កាល​ពី​ថ្ងៃទី១១ មករា។ បើតាម​ក្រសួង​បរិស្ថាន ប៉ម​នេះ នឹង​​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ទេសចរទស្សនា​សត្វស្លាប​។



តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍ ត្រូវ​បាន​បង្កើតឡើងដោយអនុក្រឹត្យកាលពីខែ​កុម្ភៈ ឆ្នាំ២០២១ ដែលមានផ្ទៃដីទំហំ៣៥៥៧ហិកតា។ តំបន់នេះ មានភូមិសាស្ត្រស្ថិតនៅក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ស្រុកពាមរក៏ និងស្រុកបាភ្នំ ខេត្តព្រៃវែង។ 
 
 

លោក ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន។ រូបភាពពីហ្វេសប៊ុក​ក្រសួងបរិស្ថាន។

ក្នុង​ពិធី​សម្ពោធ​ប៉មទស្សនាសត្វស្លាប លោក ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន បាន​លើក​ឡើងថា តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍ ជាទីកន្លែងរកចំណី ការរស់នៅ និងបន្តពូជរបស់សត្វស្លាបទឹក។ តំបន់នេះ មាន​សត្វមួយចំនួន​ជា​ប្រភេទជិតផុតពូជ និងកំពុងរងការគំរាមកំហែងលើពិភពលោក ដូចជាប្រភេទ ស្មោញ ទុងប្រផេះ រនាលពណ៌ ត្រយងខ្លួនស ត្រយងខ្លួនរលោង ត្រដក់តូច ជាពិសេសប្រភេទសត្វចង្កៀលខ្យង ដែលកំពុងបន្តពូជពងកូនរាប់ពាន់ក្បាល។
 
រដ្ឋលេខាធិការរូបនេះ​ បន្តថា ក្រសួងបរិស្ថាន កំពុង​សាងសង់ប៉មសម្រាប់មើលសត្វ ចំនួន១០កន្លែង ស្ថិតនៅ​ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រៃវែង តាកែវ កំពត កែប និងខេត្ត​កំពង់ចាម។ ប៉មចំនួន៧ ត្រូវបានសាងសង់រួចរាល់ និងប៉មចំនួន៣កន្លែងទៀត កំពុងសាងសង់។
 
បើតាម​ក្រសួងបរិស្ថាន ក្រសួង​បាន​ផ្ដល់​ប៉មទស្សនាសត្វស្លាបជូនដល់តំបន់ការពារធម្មជាតិប្រើប្រាស់ ក្នុងគោលបំណងបម្រើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ។ ជាមួយគ្នានេះ ក៏​ជំរុញឱ្យតំបន់ការពារធម្មជាតិ ក្លាយជាកន្លែងដែលអាចទាក់ទាញទេសចរ ដើម្បីផ្ដល់​ចំណូល​ដល់ប្រជាសហគមន៍ និងជួយដល់សេដ្ឋកិច្ចជាតិ៕


នៅលើប៉មទស្សនាសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍។​ រូបភាពពីក្រសួងបរិស្ថាន


 ប៉មទស្សនាសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍។​ រូបភាពពីក្រសួងបរិស្ថាន

 

Tag:
 ទេសចរណ៍
  សត្វ​ស្លាប
 ​ ព្រៃវែង
  បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com