ជាតិ
សេដ្ឋកិច្ច
សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើន៥,១ភាគរយ ក្នុងឆ្នាំ២០២២​
13, Jan 2023 , 7:59 pm        
រូបភាព
ទិដ្ឋភាពរួមនៃ​រាជធានីភ្នំពេញ
ទិដ្ឋភាពរួមនៃ​រាជធានីភ្នំពេញ
​ប្រសិទ្ធភាព​នៃ​គោ​លន​យោ​បាយ​សុខភាព និង​ការគ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩ បាន​ធានា​ដល់​ការចាប់ផ្ដើម​ឡើងវិញ​នូវ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក រួមទាំង​ការកើនឡើង​តម្រូវការ​ខាងក្រៅ។ ការណ៍នេះ​បានធ្វើឱ្យកម្ពុជា​សម្រេចនូវកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងអត្រា៥,១ភាគរយ នៅឆ្នាំ២០២២។

 
របាយការណ៍របស់​ធនាគារជាតិ​នៃ​កម្ពុជា​(NBC)ស្តីពីការអភិវឌ្ឍ​វិស័យ​ម៉ាក្រូសេដ្ឋកិច្ច និង​វិស័យ​ធនា​គារ​ក្នុង​ចក្ខុវិស័យ​ឆ្នាំ​ ២០២២ និង​ឆ្នាំ ​២០២៣ បានបង្ហាញថា សេដ្ឋកិច្ចពិភពលោកបន្តងើបឡើងវិញ ដោយសារភាពធូរស្រាលនៃការរាលដាលនៃជំងឺកូវីដ-១៩។  ប៉ុន្តែ​ បញ្ហា​ប្រឈម​មួយចំនួន​នៅតែ​បន្ត​មាន ដូចជា​ការ​​រអាក់រអួល​នៃ​ខ្សែចង្វាក់​ផ្គត់ផ្គង់ និង​សង្គ្រាម​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ដែល​ធ្វើឱ្យ​ទំនិញ​ឡើងថ្លៃ ជាពិសេស​ប្រេង​ឥន្ធនៈ និង​វត្ថុធាតុដើម​។ កត្តា​ទាំងនេះ បាន​ជំរុញ​ឱ្យ​អតិផរណា​សកល​ហក់​ឡើង​ខ្ពស់​ដល់ ៨,៨​ភាគរយ​ក្នុង​ឆ្នាំ​ ២០២២ (​ធៀប​នឹង ៣,៤ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២១)​ទាំង​ក្នុងប្រទេស​អភិវឌ្ឍន៍ និង​កំពុង​លូតលាស់ ​(​មាន​កម្រិត​ ៧,២​ ភាគរយ និង​ ៩,៩​ ភាគរយ​រៀង​គ្នា​)​។​
 
ដើម្បី​ទប់ស្កាត់​ការកើនឡើង​នេះ ​ធនា​គារ​កណ្តាល​ភាគច្រើន​បាន​ដំឡើង​អត្រា​ការប្រាក់​គោល​ ក្នុង​គោលបំណង​កាត់​​បន្ថយ​តម្រូវការ​សម្រាប់​ការវិនិយោគ និង​ការប្រើប្រាស់​។​ បើតាមNBC នៅ​កម្ពុជា​ប្រ​សិទ្ធ​ភាព​នៃ​ការគ្រប់គ្រង​វិបត្តិ​ជំងឺ​កូ​វីដ-១៩របស់​រដ្ឋាភិបាល​ បានធ្វើឱ្យ​សកម្ម​ភាព​សេដ្ឋកិច្ច​ក្នុងស្រុក​វិល​រក​ប្រក្រតី​ភាព​នា​ឆ្នាំ​ ២០២២​។ ការដាក់ចេញ​វិធានការ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជា​បន្ត​បន្ទាប់ ពិសេស​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្ដារ និង​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​ក្នុងការ​រស់នៅ​ជាមួយ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​ឆ្នាំ​ ២០២១-២០២៣ និង​ការ​បន្ធូរ​បន្ថយ​បទ​ប្បញ្ញត្តិ​ក្នុង​វិស័យ​ធនាគារ បាន​ជួយ​គាំទ្រ និង​ព​ន្លឿ​ន​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ចកម្ពុជា​។​
 
ម្យ៉ាងទៀត លំហូរ​វិនិយោគ​ផ្ទា​ល់ពី​បរទេស​ទទួលបាន​កំណើន​វិជ្ជមាន​មកវិញ​ជាមួយនឹង​អត្រា ៤​ ភាគរយ ដែលជា​ចម្បង​ទៅកាន់​វិស័យ​កាត់ដេរ និង​ការកែច្នៃ​ម្ហូប​​អាហារ បើទោះបី​លំហូរ​ទៅកាន់​វិស័យ​មួយចំនួនទៀត​ថយចុះ​ក៏ដោយ​។​ នេះបើតាម NBC។
 
ត្បិត​ អត្រា​អតិផរណា​មធ្យម​ប្រ​ចាំ​ឆ្នាំ ​២០២២ បាន​កើន​ដល់ ៥,៣​ ភាគរយ ដែលជាអត្រាខ្ពស់ជាង​ឆ្នាំ​ ២០២១ (២,៩​ ភាគរយ​) ​ដោយសារ​ការកើនឡើង​តម្លៃ​ប្រេងឥន្ធនៈ និង​ម្ហូបអាហារ ក៏ពិតមែន​។ ប៉ុន្តែ នេះ​​ គឺជាអត្រាដែល​បានថយចុះ​ជា​បន្តបន្ទាប់​នៅ​ឆមាស​ទី​២ ស្របពេល​ថ្លៃ​ប្រេងឥន្ធនៈ និង​ម្ហូបអាហារ​បាន​ថយចុះ​មកវិញ​ បើធៀនឹងចុង​ឆមាស​ទី​១ អតិផរណានៅកម្ពុជាបានកើនខ្ពស់ ៧,៨ ​ភាគរយ។
 
NBC បានបញ្ជាក់ថា៖ «​ស្ថានភាព​អំណោយផល​ក្នុងស្រុក និង​កំណើន​តម្រូវការ​ខាងក្រៅ បាន​ជួយ​គាំទ្រ​ឱ្យ​សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ​ ២០២២ បន្ត​ងើបឡើង​ក្នុង​អត្រា ៥,១ ​ភាគរយ​»​។​  
ការកើនឡើងនេះ គឺ​អាស្រ័យ​លើ​កំណើន​នៃ​វិស័យ​កម្មន្តសាល ​ដែល​ត្រូវបាន​ប៉ាន់​ស្មានថាសម្រេចបាន​ក្នុង​អត្រា ៩,៨​ភាគរយ សណ្ឋាគារ និង​ភោជនីយដ្ឋាន កើន១៥,២​ភាគ​រយ ការដឹកជញ្ជូន​កើន ៦,១ ​ភាគរយ និង​អាជីវកម្ម​លក់ដុំ​រាយ កើន ៤,៥ ​ភាគរយ​។ ទន្ទឹមនេះ​ ការនាំចេញ​បាន​កើន​ក្នុង​អត្រា១៩,៨ ​ភាគរយ គឺ​លឿន​ជាង​កំណើន​ការនាំ​ចូល ៨ ​ភាគ​​រយ ហើយ​ចំណូល​ពី​វិស័យ​ទេសចរណ៍​បាន​កើន ៦,៦ ​ដង ស្របពេល​ប្រាក់​បង្វែរ​របស់​ពលករ​ពី​ក្រៅប្រទេស​កើន​ឡើង ៤ភាគរយ​។
 
សម្រាប់ឆ្នាំ២០២៣ NBC បាន​ព្យាករ​ថា សេដ្ឋកិច្ចកម្ពុជាបន្តកើនក្នុងរង្វង់៦ភាគរយ ទោះបី​សេដ្ឋកិច្ចពិភពលោក​នៅតែ​ប្រឈមមុខ​នឹង​បញ្ហា​មួយចំនួន និង​ចក្ខុវិស័យ​មិន​ច្បាស់លាស់​ ក៏ដោយ។  វិស័យសំខាន់ដែលគាំទ្រដល់បង្កើនសេដ្ឋកិច្ចកម្ពុជា រួមមាន ពាណិជ្ជកម្ម ទេសចរណ៍ និង​ការ​វិនិយោគ។​ 
 
NBC បានបញ្ជាក់យ៉ាងដូច្នេះ៖ «សេដ្ឋកិច្ចកម្ពុជា​ នឹងបន្តសម្រេចបានក្នុងរង្វង់៦ភាគរយ នៅឆ្នាំ២០២៣ បើទោះបីមានបញ្ហប្រឈមខាងក្រៅខ្ពស់ក៏ដោយ»។​ ប៉ុន្តែ អតិផរណា​នៅ​ឆ្នាំ ​២០២៣ នៅតែមាន​ភាពមិនប្រាកដ​ប្រជា​ខ្ពស់ ដោយ​​សារ​ការអូសបន្លាយ​នៃ​សង្គ្រាម​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន និង​ភាពមិនច្បាស់លាស់​នៃ​សេដ្ឋកិច្ចពិភពលោក​។ បើតាមNBC ក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកអាចមានកំណើនទាបជាមួយនឹងការ​ធ្លាក់ចុះ​តម្លៃ​ម្ហូបអាហារ នោះ អតិផរណា​នៅ​កម្ពុជា​ត្រូវ​ព្យាករ​ថា នឹង​ធ្លាក់​មក​នៅត្រឹម ២,៥ ​ភាគរយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com