ជាតិ
តួកគី នឹង​​ផ្ទេរ​បច្ចេកវិទ្យាដ្រូន ដែលអាចឃ្លាំមើលព្រៃ និងដែននេសាទ ដល់​វិស័យ​កសិកម្មកម្ពុជា​
13, Jan 2023 , 10:29 pm        
រូបភាព
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក វ៉ាហ៊ីត គីរីស៊ី រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋតួកគី។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក វ៉ាហ៊ីត គីរីស៊ី រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋតួកគី។
ភ្នំពេញ៖ កម្ពុជា និង​តួកគី បាន​ឯក​ភាព​គ្នា​ជាគោលការណ៍លើកិច្ចសហប្រតិបត្តិការក្នុង​វិស័យ​កសិកម្ម ដោយ​ផ្ទេរបច្ចេកវិទ្យា និងពាណិជ្ជកម្មគ្រឿងយន្តកសិកម្មគ្រប់ប្រភេទ ជាពិសេសដ្រូន ដែលអាចឃ្លាំមើលព្រៃនិងដែននេសាទ។ ការ​ឯក​ភាព​គ្នានេះ ធ្វើ​ឡើង​បន្ទាប់ពី​លោក ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម ជួប​ពិភាក្សា​ជា​មួយ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម តួកគី។​



លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបប្រជុំពិភាក្សាការងារ​ជាមួយ​លោក វ៉ាហ៊ីត គីរីស៊ី រដ្ឋ​មន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋតួកគី កាល​ពី​ថ្ងៃទី​១១ មករា។ ក្នុង​ជំនួប​ពិភាក្សា​ខាង​លើ​ ភាគីទាំងពីរបានឯកភាពគ្នាជាគោលការណ៍លើកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគី នៅ​ក្នុ​ងវិស័យកសិកម្មមួយចំនួនផងដែរ។


 
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបភាពពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
 
បើតាម​ហ្វេសប៊ុក​ក្រសួង​កសិកម្ម ភាគី​ទាំង​ពី​រ​បាន​ឯកភាព​គ្នា​លើការ​ផ្ទេរ​បច្ចេក​វិទ្យា និង​ពាណិជ្ជកម្ម​គ្រឿង​យន្ត​កសិកម្ម​គ្រប់​ប្រភេទ​ពី​តួកគី ជា​ពិសស​ដ្រូន​ដែល​អាច​ឃ្លាំ​មើល​ព្រៃ និង​ដែន​នេសាទ។ ជាមួយ​គ្នានេះ ការ​ឯកភាព​គ្នា​លើ​ការនាំចូលកសិផលខ្មែរទៅកាន់ទីផ្សារ​តួកគី​ ​និង​ការ​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាទៅ​សិក្សាផ្នែកកសិកម្មនៅប្រទេសតួកគី។
 
តាមរយៈជំនួបនេះ លោក​ ឌិត ទីណា ជឿជាក់ថា កិច្ចសហប្រតិបត្តិការថ្មីនេះ នឹងនាំមកនូវការរីកចម្រើនបន្ថែមទៀតដល់វិស័យកសិកម្មកម្ពុជា។ គួរ​បញ្ជាក់ថា​ កម្ពុជា និងតួកគី មានកិច្ចសហប្រតិបត្តិការរួមគ្នានៅក្នុងវិស័យជាច្រើន ក្នុងនោះកសិកម្មក៏ជាវិស័យសក្ដានុពលមួយផងដែរ៕
 

 ជំនួបរវាងកម្ពុជា និង​តួកគី។ រូបភាពពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

 

Tag:
 កសិកម្ម
  តួក​គី​
 បច្ចេក​វិទ្យា
 ដ្រូន
© រក្សាសិទ្ធិដោយ thmeythmey.com