ជាតិ
សេដ្ឋកិច្ច
គោលនយោបាយជាតិស្តីពី«ស្វាយចន្ទី» ត្រូវបានរដ្ឋាភិបាលអនុម័ត
13, Jan 2023 , 6:29 pm        
រូបភាព
រូបតំណាង៖ កសិករកំពុងលាងសម្អាតគ្រាប់ស្វាយចន្ទីក្នុងចម្ការមួយកន្លែងនៅខេត្តព្រះវិហារ។ រូបថត៖ Koal Fram
រូបតំណាង៖ កសិករកំពុងលាងសម្អាតគ្រាប់ស្វាយចន្ទីក្នុងចម្ការមួយកន្លែងនៅខេត្តព្រះវិហារ។ រូបថត៖ Koal Fram
ប្រមុខរដ្ឋាភិបាល​សម្ដេច ហ៊ុន សែន បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់នៃគោលនយោបាយជាតិ ស្តីពី«ស្វាយចន្ទីឆ្នាំ២០២២-២០២៧» ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី១៣មករា។ នេះបើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល។

 
គោលនយោបាយជាតិស្តីពី«ស្វាយចន្ទី» មានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។​ អ្នកនាំពាក្យរដ្ឋាភិបាលបានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា គោលនយោបាយជាតិនេះ ត្រូវបានបង្កើតឡើងក្នុងគោលដៅប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលសា្វយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
 
ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងគោលបំណងខាងលើ រដ្ឋាភិបាលតាមរយៈគោលនយោបាយជាតិស្តីពីស្វាយចន្ទី បានដាក់ចេញនូវគោលដៅចម្បងចំនួន៣។ បើតាមលោក ផៃ ស៊ីផាន ទិសដៅទាំងនោះមាន៖ ១. លើកកម្ពស់ទិន្នផលនៃការផលិត និងផលិតកម្ម ប្រកបដោយគុណភាពប្រកួតប្រជែង។  ២.ជំរុញការធ្វើឧស្សាហូបនីយកម្ម ដើម្បីបង្កើនតម្លៃបន្ថែមលើការប្រមូលផលនិងការកែច្នៃអនុផលស្វាយចន្ទីឱ្យសម្រេចបាន២៥ភាគរយ នៅឆ្នាំ២០២៧ និងយ៉ាងតិច៥០ភាគរយនៅឆ្នាំ២០៣២ និងចុងក្រោយ គឺជំរុញការនាំចេញ តាមរយៈការធ្វើពិពិធកម្មទីផ្សារ ការផ្សារភ្ជាប់អន្តរវិស័យក្នុងការនាំចេញ កិច្ចសម្រួលពាណិជ្ជកម្ម ការកាត់បន្ថយថ្លៃដើម និងការលើកកម្ពស់ឧត្តមភាពលើទីផ្សារ។
 
គោលនយោបាយជាតិស្តីពីស្វាយចន្ទីនេះ ដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី។ ជាពិសេស វានឹងលើកកម្ពស់ការប្រកួតប្រជែងទាំងទិន្នផល និងគុណភាព ការធ្វើពិពិធកម្ម ការកែច្នៃ ការនាំចេញ និងការបង្កើនតម្លៃបន្ថែម ដល់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃ សំដៅជួយគាំទ្រដល់តួអង្គដែលមានស្រាប់និងទាក់ទាញវិនិយោគបន្ថែម រកទីផ្សារចាស់ និងស្វែងរកទីផ្សារថ្មីប្រកបដោយចីរភាព ដែលនឹងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយភាពក្រីក្រនិងចំណាកស្រុកនិងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នេះជាការអះអាងរបស់លោក ផៃ ស៊ីផាន​។​
 
ជាមួយគ្នានេះ លោក ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា​ នៅពេលដែលកម្ពុជាអនុម័តគោលនយោបាយជាតិស្តីពីស្វាយចន្ទីនេះ នឹងទាក់ទាញវិនិយោគិននានាមកបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ខណៈកម្ពុជាបច្ចុប្បន្ន ជាប្រទេសលំដាប់លេខមួយ នៃការផលិតគ្រាប់ស្វាយចន្ទីស្រស់សម្រាប់នាំចេញ។ លោក បន្តនិយាយប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)ដូច្នេះ៖ « កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានច្រើន។ ប្រសិនបើយើងមានរោងចក្រកែច្នៃច្រើន គឺអាចឆ្លើយតបនូវចំនួននៃការផលិតគ្រាប់ស្រស់របស់កម្ពុជា នោះវានឹងធ្វើឱ្យពាក់ព័ន្ធនានានៅក្នុងវិស័យផលិតកម្មស្វាយចន្ទី ជាពិសេសប្រជាកសិកម្មនឹងទទួលតម្លៃបន្ថែមដែលធ្វើឱ្យជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែប្រសើរ»។
 
ស្វាយចន្ទី ជាប្រភេទដំណាំកសិឧស្សាហកម្ម និងជាដំណាំអាទិភាពមួយក្នុងចំណោមដំណាំអាទិភាព
ទាំង១២មុខ ដែលរដ្ឋាភិបាលកំពុងផ្តោតយកចិត្តទុកដាក់លើការបង្កើនផលិតភាព និងការប្រកួតប្រជែងតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងសកម្មភាពដែលមានតម្លៃខ្ពស់។ បច្ចុប្បន្ន ផលិតផលស្វាយចន្ទីភាគច្រើនត្រូវបាននាំចេញជាផលិតផលមិនទាន់កែច្នៃ(នាំចេញស្រស់)ដែលនាំឱ្យកម្ពុជាទទួលបានតម្លៃបន្ថែមទាប។ 
 
យោងតាមរបាយការណ៍ពីសមាគមស្វាយចន្ទីកម្ពុជា ពេញមួយឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីស្រស់ទៅទីផ្សារអន្តជាតិបាន៦៧ម៉ឺនតោន ស្មើនឹងទឹកប្រាក់១០៧៧លានដុល្លារ។ ការនាំចេញនេះ គឺធ្លាក់ចុះដល់៣៤,​៦៥ភាគរយ។  ទីផ្សារប្រទេសធំជាងគេ គឺវៀតណាមដែលបានចូលគ្រាប់ស្វាយពីកម្ពុជា ដល់​៦៦ម៉ឺនតោន។ 
 
បើតាមលោកប្រធានសមាគមស្វាយចន្ទីកម្ពុជា គ្រាប់ស្វាយចន្ទីដែលវៀតណាមនាំចូលពីកម្ពុជា គឺភាគច្រើនជាប្រភេទគ្រាប់សើម​ ដែលមានតម្លៃថោកជាងប្រភេទគ្រាប់ចន្ទីស្រស់​។ លោក ស៊ីឡុត បញ្ជាក់ថា៖ «ពួកគេ[ឈ្មួញវៀតណាម]ទិញមកយកហាលនៅតាមព្រំដែន និងសម្រាំងគុណភាពគ្រាប់។ គ្រាប់ណាមានគុណភាព​គឺគេលក់ឱ្យរោងចក្រកែច្នៃ​ និងគ្រាប់ដែលអន់ឬមិនល្អគឺគេលក់ឱ្យរោងចក្រកៀបប្រេង»។
 
បើតាមលោក វ៉ា រុតសាន ប្រធានក្រុមទីប្រឹក្សានៃក្រសួងពាណិជ្ជកម្ម ​​​​​​​​​​​​​​​បន្ទាប់ពីគោលនយោ​បាយ​​​​​​​​​​​​​​​​​​​​​​​ជាតិស្តីពី«ស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ហើយនោះ ក្រសួងពាណិជ្ជកម្មនឹងចាប់ផ្តើម​ជំរុញការរៀបចំគោលន​យោបាយ​ជាតិស្តី​ពី«​ម្រេ​ច»។ ការរៀបចំគោលនយោបាយជាតិនូវផលិតផលកសិកម្មទាំងអស់នេះ គឺក្នុង​គោលដៅ​បង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាឱ្យអស់ល​​​ទ្ធ​ភា​ព។​ ​​
 
លោក វ៉ា រុតសាន បានបន្ថែមថា​ ការបង្កើតគោលនយោបាយជាតិម្រេចនេះ គឺផ្តោតលើការអភិវឌ្ឍផ្ទៃដីដំាដុះម្រេចសរីរាង្គ។ ការធ្វើបែបនេះក៏ព្រោះតែដីកសិកម្មកម្ពុជានៅមានច្រើនដែលមិនទាន់ខូចខាត ដោយសារជី​និងថ្នាំគីមីកសិកម្ម ខណៈដីកសិកម្មរបស់វៀតណាម និង ប្រទេសផ្សេងទៀត មិនអាចដុះដំណាំសរីរាង្គនាំចេញទៅទីផ្សារអន្តរជាតិបាន៕  ​​​​​​​​​​​​​​​​​​​​​​
 
 

Tag:
 សេដ្ឋកិច្ច
 ​ ស្វាយចន្ទី
© រក្សាសិទ្ធិដោយ thmeythmey.com