ជាតិ
ក្រោយបាន ដី និងផ្ទះ ពីលោក គង់ គាំ រដ្ឋសម្រេចប្រគល់ឱ្យ គ.ជ.ប
13, Jan 2023 , 11:21 pm        
រូបភាព
ដី និងផ្ទះ ដែលទើបបានពីលោក គង់ គាំ វិញ ត្រូវបានរដ្ឋប្រគល់ឱ្យ គ.ជ.ប​។ រូបថតពីគណនីហ្វេសប៊ុក  Saphea Kong
ដី និងផ្ទះ ដែលទើបបានពីលោក គង់ គាំ វិញ ត្រូវបានរដ្ឋប្រគល់ឱ្យ គ.ជ.ប​។ រូបថតពីគណនីហ្វេសប៊ុក Saphea Kong
រដ្ឋាភិបាលសម្រេចផ្តល់ដី និងផ្ទះ ដែលទើបបានមកវិញ ពីលោក គង់ គាំ  ទៅឱ្យគណៈកម្មាការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៣មករា។



ដីទំហំ៥២៩០ម៉ែត្រការ៉េ និងផ្ទះ ស្ថិតនៅក្នុងភូមិ៥ សង្កាត់ទន្លេសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលលោក គង់ គាំ និងភរិយា បានស័្មគ្រចិត្តប្រគល់ឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិវិញនោះ គឺត្រូវបានរាជរដ្ឋាភិបាល សម្រេចទៅឱ្យគណៈកម្មាការជាតិរៀបចំការបោះឆ្នោត ដើម្បីធ្វើជាទីស្នាក់ការ។

អត្ថបទទាក់ទង

អចលនវត្ថុនេះមុននឹងប្រគល់ឱ្យក្រសួងការបរទេសវិញ លោក គង់ គាំ និងគ្រួសារ បានចូលរស់នៅ តាំងពីឆ្នាំ១៩៧៩ ក្រោយរំដោះជាតិមក។ រហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ លោកទទួលបានវិញ្ញាបនត្រសម្គាល់កម្មសិទ្ធិ។ ប៉ុន្តែ ដោយសារមានការឆ្គាំឆ្គង និងយល់មិនអស់អំពីបែបបទនៃការសុំកាន់កាប់នូវផ្ទះ និងដីនេះ លោក គង់ គាំ ក៏សម្រេចប្រគល់ឱ្យរដ្ឋវិញ។

ការសម្រេចប្រគល់លំនៅដ្ឋានឱ្យរដ្ឋភា្លមវិញនេះ គឺត្រូវធ្វើឡើងបន្ទាប់ពីសម្តេច ហ៊ុន សែន បានចាត់វិធានការច្បាប់សើរើឯកសារលំនៅដ្ឋានរបស់អ្នកនយោបាយប្រឆាំងរូបនេះ។ ថ្ងៃទី១២មករា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីសម្ដេច ហ៊ុន សែន បានស្នើទៅអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ឲ្យពិនិត្យមើលភាពមិនប្រក្រតី លើកម្មសិទ្ធិកាន់កាប់ដីធ្លីនិងផ្ទះរបស់លោក គង់ គាំ ដែលជាអ្នកនយោបាយជើងចាស់មួយរូប និងបច្ចុប្បន្នជាទីប្រឹក្សារបស់គណបក្សភ្លើងទៀន។ ACU បានធ្វើការជាមួយលោក គង់ គាំ និងក្រុមគ្រួសារ ត្រឹម៣ម៉ោងកន្លះប៉ុណ្ណោះ ក៏ទទួលបានអចលនវត្ថុទាំងនេះ ជូនរដ្ឋវិញ៕

© រក្សាសិទ្ធិដោយ thmeythmey.com