ជាតិ
គ្រាន់តែលក់លាមកគោ! លោក ហ៊ួត លៀង រក​ចំណូលបានជាង ២ម៉ឺនដុល្លារក្នុង​១ឆ្នាំ​
15, Jan 2023 , 7:59 pm        
រូបភាព
រូបភាពមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ។
រូបភាពមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ។
ភ្នំពេញ៖ លោក ហ៊ួត លៀង ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​គោ​បំប៉ន​យក​សាច់ និងបង្កាត់គោបែបសិប្បនិម្មិត នៅ​ក្នុង​ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ កសិកររូបនេះ អាច​រក​ចំណូលបានជាង​ ១០០លានរៀលក្នុង​១ឆ្នាំ ពីការ​លក់​លាមក​គោ​ជាង ៧០០ក្បាល។



ក្រៅ​​រក​ចំណូល​បាន​ពី​ការ​ចិញ្ចឹម​គោបំ​ប៉ន​យក​សាច់ និង​ការ​បង្កាត់​គោ​បែប​សិប្បនិម្មិត លោក ហ៊ួត លៀង ក៏​ទទួល​បាន​ចំណូលក្រាស់ក្រែលពី​ការ​​លក់លាមកគោ​ផងដែរ។ លាមក​គោ មាន​តម្លៃ​សម្រាប់​លោក ហ៊ួត លៀង។ ក្នុង​មួយឆ្នាំ​កសិករ​វ័យ​៥២ឆ្នាំរូបនេះ អាច​រក​ចំណូល​បាន​ជាង ១០០លាន​រៀល ពី​ការលក់លាមកគោប្រមាណ៧០០ក្បាល។
  

កសិដ្ឋានចិញ្ចឹមគោរបស់លោក ហ៊ួត លៀង។ រូបភាពពីមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ

លោក ហ៊ួត លៀង ប្រាប់​សារ​ព័ត៌មាន​ Thmey Thmey 25 តាម​ទូរសព្ទថា៖ «លាមក​គោនេះ ខ្ញុំ​លក់រាល់តែថ្ងៃ។ អ្នក​ទិញ​ភាគច្រើន​នៅ​ត្បូងឃ្មុំ និង​បាត់ដំបង។ គេ​ទិញ​យក​ទៅ​ធ្វើ​ជី​​ដាក់ចម្ការ​កៅស៊ូ ម្រេច និង​ដំណាំ​ផ្សេងៗ»។ 


រូបភាពពីមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ

ក្នុង​មួយ​សប្ដាហ៍​ម្ចាស់​កសិដ្ឋាន​​ចិញ្ចឹម​គោរូបនេះ អាច​លក់​លាមក​គោ បាន​១០០០បាវ ដោយ​​​មួយបាវមាន​ទម្ងន់ប្រមាណ៣០ទៅ៤០គីឡូក្រាម និង​​មាន​តម្លៃ​៣០០០រៀល។ ចំណូល​ដែល​ទទួល​បាន​ពី​ការ​លក់​លាមក​គោ លោក ហ៊ួត លៀង បាន​ប្រើប្រាស់​សម្រាប់​ពង្រីក​កសិដ្ឋាន និង​ផ្គ​ត់​ផ្គង់​លើ​បុគ្គលិក​ថែ​រក្សា​គោ។​ 
  

រូបភាពពីមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ

បន្ទា​ប់​ពី​លក់​លាមក​គោអស់​រយៈពេល៤ឆ្នាំ លោក លៀង មាន​បំណង​​ធ្វើ​ជី​លក់​ដោយ​ខ្លួនឯង ខណៈ​​បច្ចុប្បន្ន​លោកនៅមិនទាន់​​ចេះ​កែច្នៃជីនៅ​ឡើយ​។ «យើង​មិនទាន់ចេះ​បច្ចេកទេស​ធ្វើជី​។ បើយើង​ចេះ យើង​ធ្វើជីលក់​តែម្ដង។ បើមាន​ក្រសួ​ង​មក​បង្រៀន យើង​អាច​ធ្វើ​ឃ្លាំង ទុក​ធ្វើ​ជី​។ អនាគត​ទៅមុខ​ខ្ញុំចង់​ធ្វើ​ជី​ដោយ​ខ្លួន​ឯង​លក់​»។ នេះ​ជា​ការ​លើក​ឡើង​របស់​កសិករ​ជោគជ័យ ហ៊ួត លៀង។
  

លោក ហ៊ួត លៀង (កំពុងឈរ) ម្ចាស់កសិដ្ឋាន​ចិញ្ចឹម​នៅខេត្តត្បូងឃ្មុំ។ រូបភាពពីមន្ទីរកសិកម្ម ខេត្ត​ត្បូងឃ្មុំ។

សូម​បញ្ជាក់ថា លោក ហ៊ួត លៀង ជា​កសិករ​គំរូម្នាក់​ ដែល​ជោគ​ជ័យ​លើ​ការ​ចិញ្ចឹមគោបំប៉នយកសាច់ និងបង្កាត់គោបែបសិប្បនិម្មិត។ លោក លៀង បាន​ចាប់​ផ្ដើម​ចិញ្ចឹម​គោពី​៧ក្បាល រហូតដល់មានគោជាង៧០០ក្បាល​នៅ​ឆ្នាំ​២០២៣នេះ៕ 

Tag:
 កសិកម្ម
  លាមកគោ
© រក្សាសិទ្ធិដោយ thmeythmey.com