ជាតិ
អភិ​បាល​ក្រុង​កែប ហាម​អាជីវករនៅតំបន់​ផ្សារ​ក្ដាម​ មិនឱ្យ​ប្រើ​ជញ្ជីងយួរដៃ និង​ដើរចាប់ភ្ញៀវលើ​ផ្លូវ
16, Jan 2023 , 3:29 pm        
រូបភាព
លោក ខេង យ័ន អភិបាល​ក្រុង​កែប។ រូបភាពពី​រដ្ឋបាលក្រុងកែប។
លោក ខេង យ័ន អភិបាល​ក្រុង​កែប។ រូបភាពពី​រដ្ឋបាលក្រុងកែប។
ភ្នំពេញ​៖ រដ្ឋបាល​ក្រុងកែប មិន​អនុញ្ញា​ត​ឱ្យ​អាជីវ​ករ​នៅ​តំបន់​ផ្សារ​ក្ដាម ប្រើ​ជញ្ជីង​យួរដៃ និង​ដើរ​ចាប់​ភ្ញៀវលើ​ផ្លូវ​សាធារណៈទៀតនោះទេ​។ ​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​ក្រុង​កែប​ ដែល​ចេញ​ផ្សាយ​ថ្ងៃទី​១៣ មករា បញ្ជាក់ថា ក្នុង​ករណី​អាជីវករ​មិន​ចូលរួម​សហការ អាជ្ញាធរ​នឹង​ចុះ​រៀប​ចំ​សណ្ដាប់​ធ្នាប់ និង​យក​សម្ភារ​មក​រក្សា​ទុក​ ដោយ​ធ្វើ​កិច្ចសន្យា​បញ្ឈប់ការ​លក់ រួម​ទាំង​ពិន័យ​តាម​ច្បាប់​​ផងដែរ​។



ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ភ្ញៀវទេសចរ​​ទៅ​កម្សាន្ត​នៅ​ក្រុង​កែប ហាក់​មិន​ពេញ​ចិត្ត​ចំពោះ​ការ​លក់​ដូរ​របស់​អាជីវករ​មួយចំនួន​នៅ​តំបន់​ផ្សារ​ក្ដាម ដែល​​ថ្លឹង​ទំនិញ​មិន​គ្រប់​គីឡូក្រាម​។ ចំពោះ​បញ្ហានេះ​ រដ្ឋបាល​ក្រុង​កែប​ បាន​មើល​ឃើញ​ពី​ការ​រិះ​គន់​របស់​ភ្ញៀវទេសចរ និង​បាន​អំពាវ​នាវ​ដល់​អាជីវករថ្លឹង​ទំនិញ​ឱ្យ​ត្រឹម​ត្រូវ។ 


លោក ខេង យ័ន អភិបាល​ក្រុង​កែប។ រូបភាពពី​រដ្ឋបាលក្រុងកែប។
 
ដើម្បី​រក្សា​នៅ​សណ្ដាប់ធ្នាប់ បរិស្ថាន និង​កិត្តិយស​ទីក្រុង​ទេសចរណ៍​ដ៏​ប្រណី​ត ​លោក ខេង យ័ន អភិបាល​​ក្រុង​កែប បានប្រាប់​​ឱ្យ​​អាជីវករ​នៅ​តំបន់​ផ្សារ​ក្ដាម ត្រូវ​រៀប​ចំកន្លែង​លក់​ដូរ​​ឱ្យ​មាន​សោភ័ណ​ភាព​របៀបរៀបរយ។ «មិន​អនុ​ញ្ញាត​ឱ្យ​ប្រើ​ជញ្ជីង​យួ​រ​ដៃ​ជា​ដាច់ខាត ជញ្ជីង​ត្រូវ​មាន​បិទ​សញ្ញា​សម្គាល់​របស់​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យ​បាន​ត្រឹម​ត្រូវ»។ នេះ​ជា​ការណែនាំ​របស់​អភិបាល​ក្រុ​ង​កែប ដោយ​បន្តថា មិន​អនុញ្ញាត​ឱ្យ​ដើរ​ចាប់​ភ្ញៀវ​នៅ​លើ​ផ្លូវ​សាធារណៈនោះទេ។ 
 
ទន្ទឹម​នឹង​នេះ អាជីវករ​ដែលលក់​ដូរ​នៅ​តំបន់​ផ្សារ​ក្ដាមទាំង​អស់​ ត្រូវ​វេច​ខ្ចប់​សំរាម​ឱ្យ​បាន​ត្រឹម​ត្រូវ នៅ​ពេល​លក់​ដូរ​ចប់។​ បើតាម​សេចក្ដី​ជូន​ដំណឹង​ខាងលើ ក្នុង​ករណី​អាជីវករ​មិន​អនុវត្ត​តាម​​ អាជ្ញាធរ​ក្រុង​កែប នឹង​ចុះរៀបចំសណ្ដាប់ធ្នាប់ និងយកសម្ភារមករក្សាទុក ដោយធ្វើកិច្ចសន្យាបញ្ឈប់ការលក់ រួមទាំងពិន័យតាមច្បាប់ផងដែរ៕ 


រូបភាពពី​រដ្ឋបាលក្រុងកែប។


 រូបភាពពី​រដ្ឋបាលក្រុងកែប។ 

Tag:
 ទេសចរណ៍
  កែប
  បរិស្ថាន
  ជញ្ជីង​
© រក្សាសិទ្ធិដោយ thmeythmey.com