ជាតិ
សេដ្ឋកិច្ច
កម្ពុជា-ម៉ាល់ឌីវ សម្រេចលើកលែងទិដ្ឋាការចំនួន៣០ថ្ងៃ ដល់ពលរដ្ឋទាំងពីរប្រទេស
16, Jan 2023 , 4:39 pm        
រូបភាព
ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន​ សែន កំពុងពិភាក្សាការងារជាមួយលោក Ibrahim Mohamed Solih ប្រធានាធិបតីម៉ាល់ឌីវ នៅវិមានប្រធានាធិបតី នាថ្ងៃទី១៦មករា។រូបថត៖ទទក
ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន​ សែន កំពុងពិភាក្សាការងារជាមួយលោក Ibrahim Mohamed Solih ប្រធានាធិបតីម៉ាល់ឌីវ នៅវិមានប្រធានាធិបតី នាថ្ងៃទី១៦មករា។រូបថត៖ទទក
កម្ពុជា និងម៉ាល់ឌីវ បានឯកភាពគ្នាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការចំនួន ៣០ថ្ងៃ ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរក្នុងការធ្វើដំណើរដោយសេរី។ កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចឡើង ក្នុងឱកាសសម្តេច ហ៊ុន សែន កំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាល់ឌីវ។​

 
កិច្ចព្រមព្រៀងរវាងកម្ពុជា-សាធារណរដ្ឋម៉ាល់ឌីវ ស្តីពីការលើកលែងទិដ្ឋាការ ចំពោះអ្នកកាន់លិខិតឆ្លងដែនការទូត ផ្លូវការ និងធម្មតា ត្រូវបានចុះហត្ថលេខានៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ នេះបើតាមការលើកឡើងរបស់លោក Ibrahim Mohamed Solih ប្រធានាធិបតីម៉ាល់ឌីវ។ 
 
ក្នុងសន្និសីទសារព័ត៌មានជាមួយសម្តេច ហ៊ុន សែន នៅវិមានប្រធានាធិបតីម៉ាល់ឌីវ លោក Ibrahim Mohamed Solih បានថ្លែងដូច្នេះ៖  «ខ្ញុំមានការរីករាយ ដែលអាចឃើញ និងសម្រេចបាននូវកិច្ចព្រមព្រៀងទិដ្ឋាការ រវាងប្រទេសយើងទាំងពីរ។ ប្រជាជនម៉ាល់ឌីវ-កម្ពុជា នឹងអាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់រយៈពេល៣០ថ្ងៃ»។
 
ក្រៅពីកិច្ចព្រមព្រៀងខាងលើ កម្ពុជា-ម៉ាល់ឌីវ ក៏បានឯកភាពរួមគ្នាលើកិច្ចព្រមព្រៀង និង អនុស្សារណៈមួយចំនួនទៀត ផងដែរ។ ក្នុងនោះមាន៖ កិច្ចព្រមព្រៀងរវាងកម្ពុជា និង ម៉ាល់ឌីវ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, អនុស្សរណៈនៃការយោគយល់គ្នា(MOU) ស្ដីពីកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ, MOU ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍, វិស័យសុខាភិបាល និងពាណិជ្ជកម្ម-ឧស្សាហកម្ម។ 
 
បច្ចុប្បន្ន សម្តេច ហ៊ុន សែន កំពុងបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាល់ឌីវ រហូតដល់ថ្ងៃទី១៧មករា ឆ្នាំ២០២៣ បានត្រឡប់មកកម្ពុជាវិញ។ ​ ការទៅបំពេញទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលនេះ ក្នុងគោលដៅបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្វែងរកអភិក្រមថ្មីៗ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com