សាធារណរដ្ឋម៉ាល់ឌីវ គ្រោងនាំចូលអង្ករ និងផលិតផលកសិកម្មចំនួនទៀតពីកម្ពុជា ខណៈកម្ពុជាក៏បង្ហាញបំណងពីការនាំចូលត្រីខកំប៉ុងធូណា និងផលិតផលត្រីផ្សេងទៀតពីប្រទេសនេះ ដើម្បីបំពេញតម្រូវការពលរដ្ឋ និងអ្នកទេសចរ។ ទំនាក់ទំនងពាណិជ្ជកម្មនេះ ត្រូវបានលើកឡើងដោយសម្តេច ហ៊ុន សែន និងលោក Ibrahim Mohamed Solih ប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសម្តេច ហ៊ុន សែន នៅវិមានប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ នារសៀលថ្ងៃទី១៦មករា លោក Ibrahim Mohamed Solih បានថ្លែងថា កិច្ចសហការប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ម៉ាល់ឌីវ គឺមានគោលបំណងកែលម្អទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា ព្រោះតែកម្ពុជា ជាប្រទេសនាំចេញអង្ករដ៏ធំមួយ និងឈានមុខគេក្នុងនាមអង្ករដែលគុណភាពកម្រិតពិភពលោក និងផលិតផលកសិកម្មផ្សេងទៀត ដូចជាពោត ម្រេច ដំឡូងមី ផ្លែឈើផ្សេងៗ ជាដើម។
«ដោយសារ[ម៉ាល់ឌីវ] ជាប្រទេសនាំចូលច្រើននោះ! យើងក៏បានពិភាក្សាអំពីការនាំចូលផលិតផលផ្សេងទៀតដូចជាផលិតផលសម្លៀកបំពាក់ ផលិតផលឈើ ហើយជាងនេះទៀត កម្ពុជាបានពិចារណានាំត្រីខធូណាកំប៉ុង និងផលិតផលត្រីផ្សេងទៀត ពីប្រទេសម៉ាល់ឌីវ»។ លោក Ibrahim Mohamed Solih ថ្លែងបែបនេះនៅចំពោះមុខសម្តេច ហ៊ុន សែន ។
លោកបន្តនិយាយយ៉ាងដូច្នេះ៖ «ការធ្វើពិពិធកម្មនៃការនាំចូលរបស់យើងដើម្បីធ្វើឱ្យទំហំទីផ្សារកើនឡើងនេះ មិនត្រឹមតែធ្វើឱ្យថ្លៃទំនិញសំខាន់ៗ ថយចុះប៉ុណ្ណោះទេ ប៉ុន្តែពង្រឹងនូវសន្តិសុខស្បៀងរបស់យើង ព្រមទាំងផ្តល់នូវជម្រើសបន្ថែមទៀត ដល់អ្នកប្រើប្រាស់របស់យើង»។
ចំពោះដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន ក៏ដើម្បីកែលម្អទំនាក់ទំនងផ្នែកធុរកិច្ចនៃសភាពាណិជ្ជកម្មរបស់ម៉ាល់ឌីវ-កម្ពុជា ក៏ដូចជាចូលរួមវេទិការធុរកិច្ច ដែលរៀបចំដោយក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច ផងដែរ។ លោកប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ សង្ឃឹមថា វេទិការធុរកិច្ចនេះ នឹងបើកច្រកសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរឱ្យកាន់តែកើនឡើង នាអនាគត។
ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានលើកឡើងថា កម្ពុជាពិតជាមានលទ្ធភាព ដើម្បីពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយសារតែកម្ពុជាមានទំនិញដែលអាចនាំចូលមកម៉ាល់ឌីវ ដូចជាអង្ករ និងផលិតផលកសិកម្មដទៃទៀត។ ផលិតផលកសិកម្មទាំងនោះ គឺមិនត្រឹមតែបម្រើដល់តម្រូវការប្រជាជនម៉ាល់ឌីវប៉ុណ្ណោះទេ ប៉ុន្តែវាក៏បម្រើដល់វិស័យទេសចរ នៅម៉ាល់ឌីវ ផងដែរ ។ អង្ករកម្ពុជា ស្ថិតក្នុងប្រភេទជាអង្ករដែលជាប់លេខ១នៃចំណាត់ថ្នាក់ពិភពលោកចំនួន៥ដង។
សម្តេច ហ៊ុន សែន សង្ឃឹមថា អង្ករកម្ពុជា ទទួលបានការពេញនិយមសម្រាប់ប្រជាជនម៉ាល់ឌីវផង និងសម្រាប់អ្នកទេសចរដែលមកកម្សាន្តតនៅម៉ាល់ឌីវ ផង។ «យើងមានគ្រាប់ស្វាយចន្ទី ស្វាយ ចេក និងផលិតផលកសិកម្មដទៃទៀត ដែលអាចបម្រើឱ្យវិស័យទេសចរណ៍របស់ម៉ាល់ឌីវ។ ដូច្នេះ! ផលិតផលទាំងនេះ អាចនាំចេញពីកម្ពុជាបាន។ ក្រៅពីនេះ យើងក៏ជាប្រទេសផលិតសម្លៀកបំពាក់ ដែលម៉ាល់ឌីវអាចបញ្ជាទិញបានពីកម្ពុជា ផងដែរ»។ សម្ដេច បន្ថែម។
ប្រមុខរដ្ឋាភិបាលបន្តរៀបរាប់ថា ដ្បិតកម្ពុជា ជាប្រទេសដែលមានត្រីទឹកសាប និងត្រីសមុទ្រ ក៏ប៉ុន្តែមិនគ្រប់គ្រាន់សម្រាប់តម្រូវការពលរដ្ឋនោះទេ។ ហេតុដូចនេះ ត្រីខកំប៉ុង ជាផលិតផល ដែលអាចមានលទ្ធភាពនាំចេញទៅកម្ពុជាច្រើនជាងគេ ព្រោះមួយឆ្នាំៗកម្ពុជាប្រើប្រាស់ត្រីខកំប៉ុងច្រើនណាស់។ សម្តេចមានប្រសាសន៍ដូច្នេះ៖ «គ្រាន់តែប៉ុន្មានខែមុននេះ ខ្ញុំប្រើត្រីខកំប៉ុងប្រមាណ១០ម៉ឺនកេស ដើម្បីផ្គត់ផ្គង់ដល់ក្រុមគ្រួសារ ដែលមានការលិចលង់ដោយជំនន់ទឹកភ្លៀង។ ឥឡូវនេះ! យើងកំពុងត្រូវការទៀតហើយ។ អ៊ីចឹងៗ គោលដៅនៃទំនិញដំបូង គឺប្រហែលជាចាប់ផ្តើមពីត្រីខកំប៉ុង ដែលផលិតនៅប្រទេសម៉ាល់ឌីវ»៕