ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ មេឃុំព្រៃគុយ ថាការផ្ដល់សេវាជូនពលរដ្ឋគ្មានការរើសអើងឡើយ
×
ដោយ៖ ខុំ ស៊ីម៉ៃ (យុវជនឃុំព្រៃគុយ)
ស្រុកកំពង់ស្វាយ, កំពង់ធំ៖ សាលាឃុំព្រៃគុយ កំពុងផ្ដល់សេវាសាធារណៈដល់ពលរដ្ឋយ៉ាងយកទុកដាក់។ នេះជាការអះអាងរបស់ លោក ជឿន សុខុន មេឃុំព្រៃគុយ ដែលបញ្ជាក់ថា ការផ្ដល់សេវាសាធារណៈក្នុងឃុំគ្មានការរើសអើង និងយកប្រាក់ឡើយ។
ឃុំព្រៃគុយ មានផ្ដល់សេវាជាច្រើនដូចជា ធ្វើអត្រានុកូលដ្ឋាន សំបុត្រកំណើត សំបុត្រមរណភាព ការវាស់វែងដីធ្លី និងចុះសំបុត្រអាពាហ៍ពិពាហ៍ជាដើម។ ក្នុងនោះ ប្រភេទសេវាដែលប្រជាពលរដ្ឋមានតម្រូវការច្រើនជាងគេ គឺសំបុត្រកំណើត សំបុត្របញ្ជាក់កំណើត សេចក្តីចម្លងសំបុត្រកំណើត និងសំបុត្រអាពាហ៍ពិពាហ៍។
ការផ្ដល់សេវាសាធារណៈនៅក្នុងឃុំព្រៃ សម្រាប់បំរើពលរដ្ឋ ត្រូវបានអនុវត្តជាប្រចាំ។ លោកបន្ថែមថា ខាងឃុំ គឺបានបម្រើសេវាសាធារណៈដល់ពលរដ្ឋ ដោយគ្មានការរើសអើង ដោយធ្វើតាមគោលការណ៍ដែលបានកំណត់។ បើតាមលោក សុខុន ខាងសាលាឃុំ តែផ្ដល់អទិភាពដល់ជនពិការ មនុស្សចាស់ និងស្រ្តីមានផ្ទៃពោះ។
លោកមេឃុំ អះអាងដូច្នេះ៖ « ជាទូទៅសេវានីមួយៗ និងវេលាទទួលបានឯកសារទៅប្រើប្រាស់គឺត្រូវបានកំណត់រួចហើយ។ ខាងអាជ្ញាធរឃុំ គ្មានទទួលបានកម្រៃលើសពីប្រជាពលរដ្ឋទេ។ ហើយប្រជាពលរដ្ឋក៏ពេញចិត្តចំពោះសេវានេះដែរ»។
លោក ជឿន សុខុន ដែលជាមេឃុំព្រៃគុយ ក៏បានតាំងចិត្ត ក្នុងការបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវារដ្ឋបាលសាធារណៈជូនពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើរ។ ជាមួយគ្នានេះ លោកមេឃុំ ផ្ដាំផ្ញើទៅពលរដ្ឋនៅក្នុងឃុំ សូមយោគយល់ និងអធ្យាស្រ័យ ចំពោះបញ្ហាមួយចំនួន ក្នុងការមកទទួលសេវាសាធារណៈ។
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
© រក្សាសិទ្ធិដោយ thmeythmey.com