ជាតិ
​​​ន​យោ​បាយ​ជាតិ​
មុនត្រូវចាប់ខ្លួន លោក ថាច់ សេដ្ឋា ប្រាប់ថ្នាក់ដឹកនាំបក្សភ្លើងទៀនថា លោក ហ៊ុន ម៉ាណែត «គួរឲ្យគោរព»
17, Jan 2023 , 4:59 pm        
រូបភាព
លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំសហជីព (រូបពីហ្វេសប៊ុករបស់លោក)។ លោក ថាច់ សេដ្ឋា ថ្លែងក្នុងវេទិការបស់គណបក្សភ្លើងទៀន កាលចុងឆ្នាំ២០២២ (រូបពីហ្វេសប៊ុករបស់លោក)។
លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំសហជីព (រូបពីហ្វេសប៊ុករបស់លោក)។ លោក ថាច់ សេដ្ឋា ថ្លែងក្នុងវេទិការបស់គណបក្សភ្លើងទៀន កាលចុងឆ្នាំ២០២២ (រូបពីហ្វេសប៊ុករបស់លោក)។
ដោយ៖ ទេពញាណ 

ក្រោយទៅជួបលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាអនាគតបេក្ខជននាយករដ្ឋមន្រ្តីដោយស្ងាត់ៗរួចមក លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បានចែករំលែកពីបុគ្គលិកលក្ខណៈរបស់លោក ហ៊ុន ម៉ាណែត ដែលខ្លួនកត់សម្គាល់ឃើញ ទៅដល់ថ្នាក់ដឹកនាំផ្សេងទៀតរបស់គណបក្សភ្លើងទៀន មានលោក សុន ឆ័យ ជាអាទិ៍ ដែលជាអនុប្រធានគណបក្សជំទាស់នេះដែរ។



ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ស្តីពីការចាប់ខ្លួនលោក ថាច់ សេដ្ឋា លោក សុន ឆ័យ បានរៀបរាប់ពីអ្វីដែលលោក ថាច់ សេដ្ឋា ប្រាប់លោក ជុំវិញអត្តចរិតរបស់លោក ហ៊ុន ម៉ាណែត។ អនុប្រធានគណបក្សភ្លើងទៀនទាំង២រូបនេះ ទើបនឹងជជែកគ្នាជុំវិញរឿងលោក ហ៊ុន ម៉ាណែត នៅយប់ថ្ងៃទី១៦ ខែមករា ពោលគឺ នៅយប់ដែលកម្លាំងសមត្ថកិច្ច ទៅចាប់លោក ថាច់ សេដ្ឋា។  
 
លោក សុន ឆ័យ លើកយកអ្វីដែលលោក ថាច់ សេដ្ឋា ប្រាប់ខ្លួនអំពីតួអង្គលោក ហ៊ុន ម៉ាណែត ទៅប្រាប់អ្នកកាសែតបន្តយ៉ាងដូច្នេះថា៖«[ឯកឧត្តម ថាច់ សេដ្ឋា] គាត់ បានកោតសរសើរណាស់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានអាកប្បកិរិយាស្លូតបូត ថ្លៃថ្នូរ គួរឲ្យសរសើរណាស់ មានរបៀប [សុភាព] រាបសា មានគុណធម៌ ដែលគួរឲ្យគោរព»។ 
  

ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ធ្វើសន្និសីទកាសែត នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ស្តីពីការចាប់លោក ថាច់ សេដ្ឋា។ រូបពីវីដេអូលើទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន

លោក សុន ឆ័យ និយាយពីអ្វីដែលលោក ថាច់ សេដ្ឋា ប្រាប់ទៀតថា លោក ថាច់ សេដ្ឋា និងលោក ហ៊ុន ម៉ាណែត ចង់សហការគ្នាបន្តទៀត។ លោក សុន ឆ័យ បន្ថែមថា លោកទាំង២ ថែមទាំងចង់បង្កើតយន្តការ ឬក្រុមការងារ ដើម្បីទាក់ទងគ្នាផ្ទាល់ក្នុងការដោះស្រាយរាល់បញ្ហារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន។ 
 
តាមរយៈជំនួបរវាងលោក ថាច់ សេដ្ឋា និងលោក ហ៊ុន ម៉ាណែត លោក សុន ឆ័ន អះអាងថា គណបក្សភ្លើងទៀន មានក្តីសង្ឃឹមថា ការបោះឆ្នោតឆ្នាំ២០២៣ គឺជាការបើកទំព័រប្រវត្តិថ្មី១ ដែលគណបក្សនយោបាយ នឹងស្រុះស្រួលគ្នាក្នុងការទទួលយកលទ្ធផល ព្រមទាំងសហការគ្នាក្នុងការបម្រើប្រជាជនខ្មែរឲ្យបានត្រឹមត្រូវ។

សាធារណជន ពុំបានដឹងទាល់តែសោះពីជំនួបរវាងលោក ហ៊ុន ម៉ាណែត និងលោក ថាច់ សេដ្ឋា។ គេ ទើបនឹងបានដឹងពីជំនួបលាក់បាំងនេះ តាមរយៈការលាតដោយសម្តេច ហ៊ុន សែន ក្នុងពិធី១ នៅខេត្តកំពង់ចាម កាលពីថ្ងៃទី៩មករា។ សម្តេច ប្រាប់គេឯងថា លោក ហ៊ុន ម៉ាណែត បានរាយការណ៍ជូនទៅសម្តេចពីជំនួបនោះ។ សម្តេច ទទួលបានការរាយការណ៍ពីលោក ហ៊ុន ម៉ាណែត ថា លោក ហ៊ុន ម៉ាណែត បានផ្តល់យោបល់ទៅលោក ថាច់ សេដ្ឋា ឲ្យគណបក្សភ្លើងទៀន ណែនាំសមាជិក-សមាជិកកុំឲ្យប្រព្រឹត្តអំពើខុសច្បាប់។ 
 
លោក ថាច់ សេដ្ឋា ត្រូវសមត្ថកិច្ចចាប់ខ្លួន តាមដីការបស់ចៅក្រមស៊ើបសួរ។ ក្រោយបញ្ចប់ការសាកសួរ ចៅក្រមស៊ើបសួរនៃតុលាការភ្នំពេញ បញ្ជាឲ្យសមត្ថកិច្ចយកអនុប្រធានគណបក្សភ្លើងទៀនរូបនេះ ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។ 
 
អ្នកនាំពាក្យអយ្យការអមតុលាការភ្នំពេញ បំភ្លឺដល់សាធារណជនតាមរយៈសេចក្តីប្រកាសព័ត៌មានថា លោក ថាច់ សេដ្ឋា ត្រូវក្រុមហ៊ុន១ ប្តឹងតាំងពីឆ្នាំ២០១៩មកម្ល៉េះ ដោយសារលោកចេញសែកស្អុយ ឬសែកមិនមានទឹកប្រាក់។ អ្នកនាំពាក្យ អះអាងថា កន្លងមក ចៅក្រមស៊ើបសួរ បានចេញដីកា២លើករួចមកហើយ បង្គាប់ឲ្យលោក ចូលទៅបំភ្លឺ តែលោកមិនធ្វើតាមការបង្គាប់ ទើបចៅក្រមស៊ើបសួរ សម្រេចចេញដីកាឲ្យសមត្ថកិច្ចចាប់លោកយកទៅសួរ។ 
 
ក្រោយការចាប់ខ្លួនបន្តិច គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍ ដោយហៅការចាប់ខ្លួនេះ ថាជារឿងនយោបាយ និងអំពាវនាវឲ្យដោះលែងអនុប្រធានខ្លួនវិញជាបន្ទាន់និងគ្មានលក្ខខណ្ឌ។ លោក សំ សុគង់ មេធាវីម្នាក់របស់លោក ថាច់ សេដ្ឋា ប្រាប់សារព័ត៌មានថ្មីៗតាមបណ្តាញតេឡេក្រាម​ នៅព្រឹកថ្ងៃទី១៧មករានេះ ថា ក្រុមមេធាវី បានដាក់សំណើទៅតុលាការ សុំឲ្យដោះលែងលោក ថាច់ សេដ្ឋា នៅក្រៅឃុំជាបណ្តោះអាសន្ន៕ 
 

Tag:
 ថាច់ សេដ្ឋា
  សុន ឆ័យ
  ហ៊ុន ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com