ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សភ្លើងទៀន ប្រឹងពង្រឹងរចនាសម្ព័ន្ធឲ្យកាន់តែរឹងមាំ ក្រោយថ្នាក់ដឹកនាំមួយចំនួនរងចំណាត់ការពីតុលាការ
18, Jan 2023 , 4:59 pm        
រូបភាព
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ថ្លែងក្នុងពិធីប្រកាសសុពលភាពក្រុមការងារគណបក្សភ្លើងទៀនខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។ រូបពីហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ថ្លែងក្នុងពិធីប្រកាសសុពលភាពក្រុមការងារគណបក្សភ្លើងទៀនខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។ រូបពីហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
ដោយ៖ ទេពញាណ 

អ្នកនាំពាក្យគណបក្សកាន់អំណាច បកស្រាយថា ដោយសារថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ប្រព្រឹត្តបទល្មើស ទើបត្រូវរងចំណាត់ការពីតុលាការ មិនមែនគណបក្សកាន់អំណាច ធ្វើទុក្ខបុកម្នេញនោះទេ។



ក្រោយថ្នាក់ដឹកនាំមួយចំនួនរបស់ខ្លួន​ រងចំណាត់ការបន្តបន្ទាប់គ្នាពីតុលាការ ដោយអ្នកខ្លះ អស់ផ្ទះសម្បែង និងអ្នកខ្លះទៀត ត្រូវជាប់ឃុំ គណៈកម្មាធិការអចិន្ត្រៃយ៍ ដែលជាក្បាលម៉ាស៊ីនដឹកនាំកំពូលរបស់គណបក្សភ្លើងទៀន បានបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាគ្នាជុំវិញស្ថានភាពមិនល្អនេះ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។  
 
តាមរយៈកិច្ចប្រជុំនេះ គណបក្សភ្លើងទៀន សម្រេចដូច្នេះថា៖«គណបក្សភ្លើងទៀន បន្តពង្រឹងជំហរ និងរចនាសម្ព័ន្ធគណបក្សឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌»។ សេចក្តីសម្រេចនៃកិច្ចប្រជុំនេះ ត្រូវបានគណបក្សភ្លើងទៀន ផ្សព្វផ្សាយតាមរយៈសេចក្តីថ្លែងការណ៍។ 
 
ផ្អែកតាមសេចក្តីថ្លែងការណ៍ដដែល គណបក្សភ្លើងទៀន ប្រកាសប្រឆាំងដាច់ខាតចំពោះការកៀបសង្កត់ ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។ គណបក្សជំទាស់ដែលហាក់កំពុងលេចធ្លោមួយនេះ ថែមទាំងអំពាវនាវឲ្យប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជួយជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឲ្យបានត្រឹមត្រូវ។ 
 
មានថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សភ្លើងទៀន៣រូបហើយ គឺលោក សុន ឆ័យ លោក គង់ គាំ និង ថាច់ សេដ្ឋា ដែលរងចំណាត់ការពីតុលាការ។ លោក សុន ឆ័យ អស់ផ្ទះ២កន្លែង លោក គង់ គាំ អស់ផ្ទះ១កន្លែង និងលោក ថាច់ សេដ្ឋា ត្រូវជាប់ឃុំ។ 
 
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បកស្រាយតាមរយៈសំណេរក្នុងបណ្តាញតេឡេក្រាម នៅថ្ងៃ១៨មករានេះ ដូច្នេះថា៖«ករណីលោក សុន ឆ័យ លោក គង់ គាំ និងលោក ថាច់ សេដ្ឋា គឺជារឿងផ្លូវច្បាប់ ដែលកើតឡើងដោយសារសាមីខ្លួន មិនមែនជាការធ្វើទុក្ខបុកម្នេញពីគណបក្សកាន់អណាចទេ»។ 
 
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ត្រូវគណបក្សប្រជាជនកម្ពុជា ប្តឹងទារប្រាក់១លានដុល្លារ ដោយសារលោក និយាយថា គណបក្សកាន់អំណាចមួយនេះ គ្រប់គ្រងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងលួចសន្លឹកឆ្នោត។ តុលាការ បានរឹបអូសយកផ្ទះ២កន្លែងរបស់លោក ទុកជាបណ្តោះអាសន្ន ហើយលោក អាចបានផ្ទះទាំងនោះវិញ លុះត្រាលោក បង់ប្រាក់១លានដុល្លារទៅគណបក្សកាន់អំណាច។ 
 
លោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន អស់ផ្ទះ១កន្លែង បន្ទាប់ពីលោក វាយប្រហារជាញឹកញាប់លើគណបក្សប្រជាជនកម្ពុជា និងទិតៀនថ្ងៃ៧មករា។ ផ្ទះដែលលោក រស់នៅតាំងទសវត្សរ៍៨០មកនោះ ត្រូវសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បញ្ជាឲ្យសើរើ ដើម្បីទាមទារយកមកដាក់ចូលជាកម្មសិទ្ធិរបស់រដ្ឋវិញ។ 
 
សម្តេច អះអាងក្នុងពិធីមួយ នៅខេត្តកំពង់ចាម នាដើមខែមករានេះ ថា ផ្ទះនោះ ដើមឡើយជាទីស្តីការក្រសួងការបរទេសពីមុន តែត្រូវលោក គង់ គាំ ដែលកាលនោះ នៅរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បានយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ដោយមិនចង់វែងឆ្ងាយ លោក យល់ព្រមប្រគល់ផ្ទះនិងដីទៅឲ្យរដ្ឋវិញ។ 
 
បន្ថែមពីនេះ ឧត្តមទីប្រឹក្សារបស់គណបក្សភ្លើងទៀន ដែលមានវ័យ៨១ឆ្នាំរូបនេះ ថែមទាំងត្រូវគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ប្តឹងទារប្រាក់កន្លះលានដុល្លារទៀតផង ដោយសារលោក រិះគន់ថ្ងៃ៧មករា។ តាមវេទិការបស់គណបក្សភ្លើងទៀនកន្លងមក លោក និយាយថា ថ្ងៃ៧មករា មានប្រភពមកពីខាងកើត ដោយលោក ទំនងជាចង់សំដៅលើប្រទេសវៀតណាម។ 
 
លោក ថាច់ សេដ្ឋា ដែលជាអនុប្រធានគណបក្សភ្លើងទៀនដែរនោះ ត្រូវចាប់ខ្លួន ក្រោមការចោទប្រកាន់ថា លោក បានចេញសែកស្អុយ ឬសែកគ្មានទឹកប្រាក់ តាំងពីឆ្នាំ២០១៩មក។ អ្នកនាំពាក្យអយ្យការអមតុលាការភ្នំពេញ បំភ្លឺដល់សាធារណជនថា លោក ត្រូវក្រុមហ៊ុនឯកជនមួយ ប្តឹងជុំវិញការចេញសែកស្អុយនេះ។ អ្នកនាំពាក្យ បន្តថា មុនសមត្ថកិច្ចចាប់ខ្លួន ចៅក្រមស៊ើបសួរ ធ្លាប់បានចេញដីកាកោះហៅលោកដល់ទៅ២លើករួចមកហើយ ដើម្បីឲ្យចូលទៅបំភ្លឺ តែលោកមិនធ្វើតាម។  
 
តាមរយៈបណ្តាញតេឡេក្រាមដដែល លោក សុខ ឥសាន សរសេរថា ការចាត់វិធានការលើលោក សុន ឆ័យ លោក គង់ គាំ និងលោក ថាច់ សេដ្ឋា គឺផ្អែកលើបទល្មើស ដែលលោកទាំង៣បានប្រព្រឹត្ត ដោយតុលាការ មិនយកតួនាទីក្នុងគណបក្សណាមកគិតនោះទេ។ លោក បន្តថា ប្រទេសនីតិរដ្ឋ គឺប្រើច្បាប់ ដើម្បីដោះស្រាយបញ្ហាបែបនេះឯង។ 
 
ជាទូទៅ គណបក្សភ្លើងទៀន តែងចាត់ទុកការចាត់វិធានការលើថ្នាក់ដឹកនាំរបស់ខ្លួន ដូចជា ការចាប់លោក ថាច់ សេដ្ឋា នាពេលថ្មីៗនេះ ជាដើម ថា ជារឿងនយោបាយ។ លោក សុខ ឥសាន តបត្រង់កន្លែងនេះថា ទោះអ្នកប្រឆាំង ខិតខំបង្វែររឿងផ្លូវច្បាប់ ទៅជារឿងនយោបាយយ៉ាងណាក៏ដោយ ក៏មិនអាចគេចរួចពីផ្លូវច្បាប់ដែរ៕ 
 

Tag:
 គណបក្សភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com