ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្ដរមានជ័យ៖ ពលរដ្ឋឃុំគោកខ្ពស់ប្រមាណ៥០០គ្រួសារ មិនទាន់ធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ លោក វ៉ាង ម៉ាប់ នាយប៉ុស្តិ៍នគរបាលគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ
×
ដោយ៖ ហោន សុរ៉ាយ (យុវជនគោកខ្ពស់)
ស្រុកបន្ទាយអំពិល, ឧត្ដរមានជ័យ៖ពលរដ្ឋប្រមាណ៥០០គ្រួសារ នៅឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យមិនទាន់ធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅនោះទេ ។ ពលរដ្ឋទាំងនោះ ភាគច្រើនជាមនុស្សចាស់និងពលករចំណាកស្រុក។
លោក វ៉ាង ម៉ាប់ នាយប៉ុស្តិ៍នគរបាលគោកខ្ពស់ បានលើកឡើងថា សព្វថ្ងៃការធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់ ពុំសូវមមាញឹកប៉ុន្មានឡើយ ពោលគឺមានពលរដ្ឋមករកសេវានេះ ត្រឹម ២ ឬ៣នាក់ប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ មូលហេតុដែលពលរដ្ឋ ចាប់អារម្មណ៍ធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ដោយសារពួកគេមិនទាន់យល់ពីសារៈសំខាន់ និងមិនមានតម្រូវការណាមួយក្នុងជីវភាពរស់នៅរបស់ខ្លួន។ បើតាមលោក វ៉ាង ម៉ាប់ ពលរដ្ឋដែលមិនធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ភាគច្រើនជាពលរដ្ឋមានវ័យចាស់ជរា និងពលរដ្ឋដែលចំណាកស្រុកទៅធ្វើការងារនៅប្រទេសថៃ។
ឃុំគោកខ្ពស់ មានពលរដ្ឋ ១៨៣១គ្រួសារ ក្នុងនោះ អ្នកដែលបានធ្វើសៀវភៅគ្រួសារមានប្រហែល ១ ៥០០គ្រួសារ និងសៀវភៅស្នាក់មានប្រហែល ១ ៧០០គ្រួសារ។ ដោយឡែក ពលរដ្ឋចំណាកស្រុក មានប្រមាណ ៨០០នាក់។ លោក វ៉ាង ម៉ាប់ ប្រាប់ដូច្នេះថា៖« អ្នកអត់ធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ភាគច្រើនជាមនុស្សចាស់ ដែលមានអាយុ ចាប់ពី៥០ឆ្នាំឡើង។ តែបើក្មេងៗឥឡូវ ពួកគេលឿនទេ។ ពួកគាត់ខ្លះ (ពលរដ្ឋ) ប្រហែលគាត់គិតថា វាមិនសំខាន់។ ក្នុងនោះក៏មានអ្នកចំណាកស្រុកទៅថៃច្រើនផងដែរ»។
ជុំវិញបញ្ហានេះ ប៉ុស្តិ៍នគរបាលគោកខ្ពស់ បានបន្តផ្សព្វផ្សាយយ៉ាងសកម្ម ដល់ភូមិទាំង១៣នៅក្នុង ដើម្បីជំរុញពលរដ្ឋឱ្យមកធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅកាន់តែច្រើន។ បើតាម លោក វ៉ាង ម៉ាប់ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ពិតជាមានសារៈសំខាន់ណាស់ក្នុងការរស់នៅប្រចាំថ្ងៃ និងក្នុងនាមជាពលរដ្ឋ។ ឯកសារទាំងពីរនេះ អាចយកទៅប្រើប្រាស់សម្រាប់ការងារ ការផ្លាស់ប្តូរទីលំនៅ ឬឆ្លងដែនទៅបរទេសជាដើម៕
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និង ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតក ម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
Tag:
សេវារដ្ឋបាល
សៀវភៅគ្រួសារ
ឧត្ដរមានជ័យ
បន្ទាយអំពិល
© រក្សាសិទ្ធិដោយ thmeythmey.com