ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ប្រាប់ឱ្យមេធាវីខ្លួនពិនិត្យមើលសេចក្តីថ្លែងការណ៍គណបក្សភ្លើងទៀន ដើម្បីឈានទៅផ្លូវច្បាប់
19, Jan 2023 , 10:43 am        
រូបភាព
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ឱ្យមេធាវីលោក គី តិច ពិនិត្យមើលសេចក្តីថ្លែងការណ៍រប​ស់គណបក្សភ្លើងទៀន ដើម្បីឈានទៅអនុវត្តវិធានការផ្លូវច្បាប់។ សម្ដេច ថ្លែងបែបនេះ​ នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋាន «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ប្រមាណ ១,២០០ នាក់ នាព្រឹកថ្ងៃទី១៩ មករា។



ក្នុងខ្លឹមសារ៣ចំណុច នៃសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន កាលពីថ្ងៃទី១៨ មករា បានលើកឡើងថា គណបក្ស ប្រឆាំងដាច់ខាតលើការគាបសង្កត់ ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញ ផ្នែកនយោបាយគ្រប់រូបភាពពីគណបក្សកាន់អំណាច ដោយទាមទារឱ្យបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់។
 
ត្រង់ចំណុចនេះហើយ ដែលសម្ដេច ហ៊ុន សែន ហាក់មិនពេញចិត្ត។ សម្ដេច ប្រាប់ឱ្យមេធាវីការពារក្តីរដ្ឋាភិបាល ត្រួតពិនិត្យមើលខ្លឹមសារនៃសេចក្តីថ្លែងការណ៍នេះ។ «ម្សិលមិញ (គណបក្សភ្លើងទៀន) ដូចជាចេញសេចក្តីថ្លែងការណ៍មួយថា គណបក្សកាន់អំណាចកៀបសង្កត់ ។ ឥឡូវខ្ញុំចង់ឱ្យមេធាវីគណបក្សប្រជាជន សិក្សាសេចក្តីថ្លែងការណ៍ពីម្សិលមិញទៀត ។ បើហ្អែងមិនសុំទោស ប្ដឹងហ្អែងទៀត»។ នេះជាការព្រមានរបស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា បើគណបក្សភ្លើងទៀន មិនដកពាក្យថា គណបក្សប្រជាជនគំរាមកំហែងចេញពីសេចក្តីថ្លែងការណ៍ ។ បើមិនដកចេញទេ សម្ដេចនឹងប្ដឹងតាមផ្លូវច្បាប់។
 
ជាមួយគ្នានេះប្រមុខរដ្ឋាភិបាល បានប្រកាសយ៉ាងដាច់ណាត់ថា មិនឱ្យនរណានិយាយប៉ះពាល់កេរ្តិ៍ឈ្មោះរបស់គណបក្សប្រជាជនទេ។ ជាពិសេសរាល់ពាក្យដែលចោទគណបក្សប្រជាជនថា ជា«ចោរ»លួចសន្លឹកឆ្នោត ក្រោយពេលបោះឆ្នោតជាដើម។ «ពីពេលនេះទៅ គណបក្សប្រជាជន ត្រូវតែលុបបំបាត់ទី១ ពាក្យដែលអ្នកឯងធ្លាប់ចោទគណបក្សប្រជាជន លួចសន្លឹកឆ្នោត។

ល្មមគ្រប់គ្រាន់ ដែលត្រូវបញ្ចប់។ បើអ្នកឯងមិនបញ្ចប់(ពាក្យថាលួចសន្លឹកឆ្នោត) ទេ ខ្ញុំ នឹងបញ្ចប់អ្នកឯង តាមផ្លូវតុលាការទាំងអស់។ ផ្ដាំទៅអ្នកឯងឱ្យបានច្បាស់។ ចំណុចទី២ ទោះបីគណបក្សប្រជាជន មានប្រវត្តិមកពីកន្លែងណា ទីណាក៏ដោយ អ្នកឯងអត់ត្រូវមកប៉ះពាល់នូវកិត្តិយស និងសេចក្តីថ្លៃថ្នូរបស់គណបក្សប្រជាជនទេ។ បើអ្នកហ៊ានសាកមើល ខ្ញុំនឹងធ្វើឱ្យអ្នកឯងមើល»។ សម្ដេច ថ្លែងបែបនេះ។
 
លោកនាយករដ្ឋមន្រ្តី បានផ្ដាំគណបក្សប្រឆាំងថា ការប្រកួតប្រជែងនយោបាយ មិនគួរប្រើពាក្យរិះគន់ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងភាពថ្លៃថ្នូរបស់គណបក្សដទៃនោះទេ។ ហើយបើទោះជាគណបក្សប្រជាជន មានប្រវត្តិមកពីណា ក៏មិនត្រូវយកនិយាយបែបវាយប្រហារ ក្នុងផ្លូវនយោបាយដែរ។
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com